កីឡាអន្តរជាតិ
អន្តរជាតិ
IOC ផ្ដល់អនុសាសន៍ហាមឃាត់អត្តពលិករុស្ស៊ីនិងបេឡារុសពីព្រឹត្តិការណ៍កីឡាអន្តរជាតិ
01, Mar 2022 , 6:29 pm        
រូបភាព
ក្រុមប្រឹក្សាប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់អនុសាសន៍ដល់សហព័ន្ធកីឡាអន្តរជាតិទាំងអស់ហាមឃាត់អត្តពលិករបស់រុស្ស៊ីនិងបេឡារុសរួមទាំងក្រុមមន្ត្រីទាំងអស់ពីការប្រកួតរាល់ព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។នេះបើតាមការប្រកាសរបស់ IOC។


រុស្ស៊ីបានបើកការឈ្លានពានចូលអ៊ុយក្រែនតកាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលនាំ ឱ្យសហព័ន្ធកីឡាជាច្រើនបានដាក់ការហាមឃាត់ជាបន្តបន្ទាប់។ មិនត្រឹមប៉ុណ្ណោះឡើយ IOC ចង់ហាមអត្តពលិករុស្ស៊ី និងបេឡារុសពីការប្រកួតទាំងអស់។

IOC បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន បានសម្រេចចិត្តបែបនេះដើម្បីការពារបូរណភាពនៃការប្រកួតកីឡាជាសកល និងដើម្បីការពារសុវត្ថិភាពអ្នកមកចូលរួមទាំងអស់ផងដែរ។
 
ពាក់ព័ន្ធនឹងការសម្រេចចិត្តពីសំណាក់ក្រុមប្រឹក្សាប្រតិបត្តិ IOC បែបនេះ គណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) បានជំទាស់យ៉ាងដាច់ខាត ហើយចោទការសម្រេចចិត្តនេះ ជាការផ្ទុយទៅនឹងឯកសារនិយតកម្មរបស់ IOC និងធម្មនុញ្ញអូឡាំពិក។
 
«ក្នុងជំហានដំបូង យើងបានស្នើទៅកាន់សហព័ន្ធអន្តរជាតិដើម្បីឆ្លើយតបចំពោះអត្តពលិករុស្ស៊ីនិងសិទ្ធិរបស់ពួកគេក្នុងការចូលរួមប្រកួតនៅតាមព្រឹត្តិការណ៍អន្តរជាតិ ព្រោះសហព័ន្ធកីឡានីមួយៗមានសិទ្ធិចំពោះការអនុញ្ញាតទាំងអស់នេះរៀងៗខ្លួន។» ROC បានប្រកាសក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
លើសពីនេះទៅទៀត គណៈកម្មាធិការអូឡាំពិករុស្ស៊ីបានអះអាងថា ខ្លួនគ្រាន់តែមានបំណងការពារសិទ្ធិអត្តពលិករបស់ខ្លួន ព្រមទាំងផលប្រយោជន៍របស់អត្តពលិក។  ROC ក៏បានចាត់ទុកការសម្រេចចិត្តរបស់គណៈកម្មាធិការអន្តរជាតិជាការរើសអើងផងដែរ។
 
សេចក្ដីសម្រេចរបស់គណៈកម្មាធិការ IOC ធ្វើឡើង ប៉ុន្មានថ្ងៃមុនការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនាទីក្រុងប៉េកាំងនៅថ្ងៃទី៤ ខែមីនា។ គណៈកម្មាធិកាប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) នឹងជួបប្រជុំបន្ទាន់នៅថ្ងៃទី២ខែមីនាជាមួយតំណាងរុស្ស៊ី មុនការប្រកួតមកដល់៕
 

Tag:
 IOC
  Russia
  Belarus
© រក្សាសិទ្ធិដោយ thmeythmey.com