ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យកងកម្លាំង ពង្រឹងការការពារដល់ស្ថានទូតនៅកម្ពុជា ស្របពេលផ្ទុះសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន
03, Mar 2022 , 7:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី៣ មីនា ២០២២ ។ រូបពីហ្វេសប៊ុកសម្ដេច
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី៣ មីនា ២០២២ ។ រូបពីហ្វេសប៊ុកសម្ដេច
សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ឱ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ ពង្រឹងការការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់ ដល់បណ្ដាស្ថានទូត និងស្ថានតំណាងនៅកម្ពុជា ក្នុងកាលៈទេសៈនៃការផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ។


សម្ដេច ស ខេង បានបញ្ជាក់ថា ក្នុងស្ថានការណ៍ពិភពលោក កំពុងជ្រួលច្របល់ដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នេះ គឺមិនត្រូវមើលស្រាលចំពោះជនឱកាសនិយម ឬឧក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឱ្យមានបញ្ហាដល់ស្ថានទូត ឬស្ថានតំណាង ឬបុគ្គលិក មន្ដ្រីស្ថានទូត និងស្ថានតំណាងនៅកម្ពុជានោះទេ។
 
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី៣ មីនា រដ្ឋមន្ត្រីមហាផ្ទៃ បានសង្កត់ធ្ងន់បែបនេះ៖«ក្នុងស្ថានភាពដែល សង្គ្រាមនៅអ៊ុយក្រែន កំពុងតានតឹង យើងចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីធានានូវសុវត្ថិភាពដល់ស្ថានទូត ស្ថានតំណាង ដែលមានការពាក់ព័ន្ធ ហើយដែលមាននិវេសនដ្ឋាននៅក្នុងប្រទេសកម្ពុជាឲ្យបានជាដាច់ខាត»។
 
បន្ថែមពីនេះ សម្ដេច ក៏បានណែនាំកងកម្លាំងសមត្ថកិច្ច បន្ដយកចិត្តទុកដាក់ការពារគ្រប់គោលដៅនយោបាយ សេដ្ឋកិច្ច វប្បធម៌ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។ ជាពិសេសការពារដល់គណៈប្រតិភូអន្តរជាតិនានា ដែលនឹងមកទស្សនកិច្ច ក៏ដូចជាចូលរួមកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាដើម។
 
មកទល់ពេលនេះ រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ តាមរយៈការវាយប្រហាររយៈពេល ៧ថ្ងៃមកនេះ រុស្ស៊ី បានដណ្តើមក្រុងកំពង់ផែ Kherson ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន និងស្ថិតនៅជិតតំបន់គ្រីមេ។ ក្រុង Kherson ជាក្រុងសំខាន់ដំបូង ដែលរុស្ស៊ីគ្រប់គ្រងបានពីអ៊ុយក្រែន ចាប់តាំងពីវាយប្រហារមក។
 
ក្រៅពីក្រុង Kherson កំពង់ផែ Berdiansk ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស ក៏ត្រូវបានកម្លាំងទ័ពរុស្ស៊ីដណ្តើមបានដែរ។ ស្របគ្នានេះ ក្រុង Kharkiv ដែលជាទីក្រុងលំដាប់ទីពីរ បន្ទាប់ពីទីក្រុងកៀវ កំពុងរងការវាយប្រហារយ៉ាងខ្លាំងពីកងទ័ពរុស្ស៊ី។ 
 
ក្រោមការវាយប្រហាររយៈពេលប៉ុន្មានថ្ងៃមកនេះ រុស្ស៊ីបានរាយការណ៍ថា កម្លាំងយោធារបស់ខ្លួន បានបាត់បង់ជីវិតជាង ៥០០នាក់ ខណៈរបួសមានជាង ១៦០០នាក់។ ចំនួននេះ គឺតិចណាស់ បើធៀបនឹងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានអះអាងថា កងទ័ពរុស្ស៊ី បានបាត់បង់ជីវិតប្រមាណ៩ពាន់នាក់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អ៊ុយក្រែន មិនបានបញ្ចេញតួលេខទាហានស្លាប់របស់ខ្លួនឡើយ ខណៈពេលប្រជាជនស៊ីវិល ដែលបាត់បង់ជីវិត បានកើនដល់ជាង២ពាន់នាក់៕ 
 

Tag:
 ស ខេង
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com