កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ីថ្កោលទោសគណៈកម្មាធិការប៉ារ៉ាឡាំពិក ដែលហាមឃាត់អត្តពលិកមិនឱ្យប្រកួត
04, Mar 2022 , 3:02 pm        
រូបភាព
ប្រទេសរុស្ស៊ីនាថ្ងៃទី៤ខែមីនា បានថ្កោលទោសទៅកាន់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដោយនិយាយថា ជារឿងអាម៉ាស់មួយសម្រាប់ IPC ដែលសម្រេចចិត្តហាមឃាត់អត្តពលិករុស្ស៊ីនៅមួយថ្ងៃមុន ការប្រកួតចាប់ផ្តើម។



IPC កាលពីថ្ងៃទី២ខែមីនា បានសម្រេចចិត្តអនុញ្ញាតឱ្យអត្តពលិកប្រទេសរុស្ស៊ីនិងបេឡារុសប្រកួត ដោយចាត់ទុកថាពួកគេជាអត្តពលិកមិនមែនជាអ្នកវាយអ៊ុយក្រែន។ ប៉ុន្តែត្រឹមតែមួយថ្ងៃ ពោលគឺថ្ងៃទី៣ខែមីនា ក្រុមប្រឹក្សា IPC បានសម្រេចចិត្តហាមឃាត់ក្រុមអត្តពលិករុស្ស៊ីនិងបេឡារុស ពីការប្រកួតព្រឹត្តិការណ៍កីឡាទីក្រុងប៉េកាំងទៅវិញ។ 
 
«ពិតណាស់ ស្ថានភាពនេះពិតជាអស្ចារ្យ ទាំងនេះដូចជារឿងដ៏អាម៉ាស់មួយសម្រាប់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ។ យើងនឹងថ្កោលទោសយ៉ាងខ្លាំងទៅកាន់ IPC ចំពោះការសម្រេចចិត្តមួយនេះ។»នេះបើតាមសម្តីលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង។
 
ថ្ងៃទី៣ខែមីនា អត្តពលិកព្រមទាំងមន្ត្រីប៉ារ៉ាឡាំពិករុស្ស៊ីចំនួន ៧១នាក់បានទៅដល់ប្រទេសចិនរួចរាល់ ដើម្បីត្រៀមប្រកួត ប៉ុន្តែពួកគេបែរជាត្រូវបានហាមឃាត់ទៅវិញ។

មិនត្រឹមតែបញ្ហាប៉ារ៉ាអូឡាំពិកឡើយ សហព័ន្ធបាល់ទាត់រុស្ស៊ីក៏បាននិយាយថានឹងប្តឹងទៅកាន់តុលាការអាជ្ញាកណ្តាលកីឡាប្រឆាំងនឹងការហាមឃាត់ក្រុមជម្រើសជាតិរុស្ស៊ីនឹងក្លិបពីការប្រកួតអន្តរជាតិនានា។
 
«យើងនឹងធ្វើពាក្យបណ្តឹងប្រឆាំទៅនឹងច្បាប់ហាមឃាត់របស់ពិភពបាល់ទាត់និងបាល់ទាត់អឹរ៉ុប ដើម្បីទាមទារឱ្យក្រុមជម្រើសជាតិរុស្ស៊ី និងក្រុមនារីរុស្ស៊ីអាចទទួលបានការអនុញ្ញាតចូលការប្រកួតវិញ។»នេះបើតាមការអះអាងពីសហព័ន្ធបាល់ទាត់រុស្ស៊ី។
 
ជាការឆ្លើយតបទៅកាន់ការវាយប្រហារចូលប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ីត្រូវបានសហព័ន្ធកីឡាធំៗលើពិភពលោក និងស្ថាប័នកីឡាអន្តរជាតិនានា ដាក់បម្រាមហាមឃាត់មិនឱ្យក្រុមជម្រើសជាតិ អត្តពលិកនិងក្លិបទាំងអស់ ប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិបានឡើយ៕
 

Tag:
 Russia Paralympics Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com