ជាតិ
ចិន ផ្ដល់អាហារូបករណ៍១០កន្លែងដល់និស្សិតកម្ពុជា និទ្ទេសAដល់C
06, Mar 2022 , 8:29 am        
រូបភាព
ភ្នំពេញ៖ ចិន ផ្ដល់អាហារូបករណ៍១០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យ Southern University of Science and Technology នៃសាធារណៈរដ្ឋប្រជាមានិតចិន។


 
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ Southern University of Science and Technology មានជំនាញសិក្សាចំនួន១៥ សម្រាប់និស្សិតជ្រើសរើស ដូចជា Physics,Biology,Electrical and Electronic Engineering,Materals Science and Engineering,Environmental Science and Engineering,Computer Science and Engineering,Mathematics,Statistics and Data Science,Mechanics and Aerospace Engineering,Machinery and Energy Engineering,School of Microelectronics,Ocean Science and Engineering,Information System and Mangement Engineering,School of Design និង Evnvironmental Science and Engineering ។ 
 
ចំពោះការសិក្សានឹងចាប់ផ្ដើមពីខែសីហា ឆ្នាំ២០២២ នៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយនិស្សិតដែលជាប់អាហារូបករណ៍ នឹងទទួលបានការរ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ ប្រាក់អាហារូបករណ៍ប្រចាំខែពីភាគីចិន។ ចំណែកឯ ថ្លៃសំបុត្រយន្តហោះនិស្សិតត្រូវទទួលបន្ទុកដោយខ្លួនឯង។
 
សម្រាប់លក្ខខណ្ឌប្រឡងយកអាហារូបករណ៍នេះ បេក្ខជនទាំងអស់ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A,B ឬ C។ ក្រៅពីនេះ បេក្ខជនទាំង២ភេទ ត្រូវជានិស្សិតកំពុងសិក្សាតាមមហាវិទ្យាល័យ ដែលទទួលស្គាល់ដោយក្រសួង ឬស្ថាប័នរដ្ឋ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានសុខភាពល្អ កាយសម្បទា និងសតិបញ្ញាល្អផងដែរ។ ចំពោះការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ហើយវិញ្ញាសាមាន គណិតវិទ្យា និងភាសាអង់គ្លេស។
 
ចំពោះនិស្សិតដែលមានចំណាប់អារម្មណ៍ អាចស្នើសុំដាក់ពាក្យប្រឡង ដោយភ្ជាប់មកជាមួយឯកសារមួយចំនួនដូចជា បង្កាន់ដៃទទួលពាក្យប្រឡង ពាក្យសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេប ១ច្បាប់ រូបថត៤គុណ៦ ៤សន្លឹក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា។ អាហារូបករណ៍នេះ ទទួលពាក្យស្នើសុំដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ៕
 

Tag:
 អាហារូបករណ៍
 សាធារណៈរដ្ឋចិន
© រក្សាសិទ្ធិដោយ thmeythmey.com