ជាតិ
សុខភាព
វេជ្ជបណ្ឌិត ពឹង យុីកសុីង៖ អ្នកជំងឺឆ្កែឆ្កួត ខ្លាចទឹក ខ្លាចខ្យល់ និងមិនអាចព្យាបាល
06, Mar 2022 , 8:39 pm        
រូបភាព
ភ្នំពេញ៖ លោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង ប្រធានមជ្ឈមណ្ឌលថ្នាំបង្ការ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអះអាងថា មនុស្សធ្លាប់មានប្រវត្តិឆ្កែឆ្កួតខាំ ហើយមិនប្រញាប់ចាក់ថ្នាំបង្ការទប់ស្កាត់ ទុកឱ្យអ្នកជំងឺវិវត្តន៍អាការៈខ្លាចទឹក ខ្លាចខ្យល់ នឹងមិនអាចព្យាបាលបានឡើយ។ ការវិវត្តន៍ចុងក្រោយនេះ នឹងធ្វើឱ្យអ្នកជំងឺទន់សាច់ដុំ និងពិបាកដកដង្ហើម ហើយអាចបាត់បង់ជីវិតក្នុងរយៈពេលខ្លី ចន្លោះពី៤៨ម៉ោងទៅ៧២ម៉ោងយ៉ាងយូរ។


 
សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា ផាត ដាណេ អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ និងលោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង ប្រធានមជ្ឈមណ្ឌលថ្នាំបង្ការ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ខាងក្រោមដូចតទៅ៖

 
 
លោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង បានពន្យល់បន្ថែមថា មេរោគ Rabies Virus ដែលអាចបង្កឱ្យមានជំងឺឆ្កែឆ្កួត បន្ទាប់ពីឆ្កែឆ្កួតខាំនោះ អាចសំងំនៅក្នុងខ្លួនមនុស្សចន្លោះពី៣សប្ដាហ៍ ទៅ៣ខែ ឬអាចឈានដល់១ឆ្នាំ អាស្រ័យតាមបុគ្គលនីមួយៗ និងទីតាំងនៃមុខរបួស។ «កាលណាមុខរបួសកាន់តែកៀកជិតនឹងខួរក្បាលគឺរយៈពេលសំងំកាន់តែខ្លី។ និងទំហំរបួសកាន់តែជ្រៅក៏អាចធ្វើឱ្យរយៈពេលសំងំរបស់មេរោគបង្កឱ្យកាន់តែខ្លីដែរ»។ នេះជាការលើកឡើងរបស់លោក វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង ដោយបន្តថា មួយវិញទៀត វាក៏អាស្រ័យលើបរិមាណនៃមេរោគពីសត្វឆ្កែនោះជ្រាបចូលក្នុងខ្លួនរបស់មនុស្សផងដែរ។
 
វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់ទៀតថា ការជ្រាបចូលនៃមេរោគ Rabies Virus នៃជំងឺឆ្កែឆ្កួត គឺអាចវិវត្តន៍ឱ្យអ្នកជំងឺមានបញ្ហារលាកខួរក្បាល ដោយសារមេរោគទាំងនោះនឹងធ្វើដំណើរបន្តទៅកាន់ខួរក្បាល។ អ្នកជំងឺនឹងមានអាការៈក្ដៅខ្លួន ឈឺក្បាល ដែលវាគ្រាន់តែជាសញ្ញាទូទៅប៉ុណ្ណោះ។ បើសិនជាទុកឱ្យមេរោគទាំងនោះមានបន្តវិវត្តន៍ទៅជាជំងឺឆ្កែឆ្កួត ដោយមិនទទួលបានថ្នាំបង្ការត្រឹមត្រូវ និងទាន់ពេលវេលា អ្នកជំងឺនឹងអាចបាត់បង់ជីវិត ព្រោះគ្មានថ្នាំព្យាបាលជំងឺប្រភេទឡើយ៕
 

Tag:
 ជំងឺឆ្កែឆ្កួត
 វេជ្ជបណ្ឌិត ពឹង យ៉ីកស៊ីង
© រក្សាសិទ្ធិដោយ thmeythmey.com