កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកកាយសម្ព័ន្ធរុស្ស៊ី Kuliak រងពិន័យក្រោយបង្ហាញអាកប្បកិរិយាគាំទ្រប្រតិបត្តិការយោធានៅអ៊ុយក្រែន
08, Mar 2022 , 8:29 am        
រូបភាព
សហព័ន្ធកីឡាករកាយសម្ព័ន្ធអន្តរជាតិ (FIG) បាននិយាយនៅថ្ងៃទី៧ ខែមីនាថា ខ្លួន នឹងបើកនីតិវិធីដើម្បីផាកពិន័យអត្តពលិករុស្ស៊ី Ivan Kuliak ដែលបានបង្ហាញកាយវិការគាំទ្រនឹងការវាយប្រហារអ៊ុយក្រែនអំឡុងការប្រកួតនៅកាតា។


កីឡាករវ័យ២០ឆ្នាំបានបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅក្នុងការប្រកួតវិញ្ញាសារ Parallel Bars វគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតព្រឹត្តិការណ៍ Apparatus World Cup នៅទីក្រុងឌូហាក្នុងសប្តាហ៍នេះ។ អំឡុងពេលទទួលមេដាយ Ivan Kuliak បានឈរដោយពាក់ឈុតកីឡាកាយសម្ព័ន្ធដែលមានសញ្ញាជាអក្សរ Z នៅខាងមុខ ខណៈពេលកំពុងតែឈរជិតកីឡាករសញ្ជាតិអ៊ុយក្រែន Illia Kovtun ដែលឈ្នះមេដាយមាស។
 
អក្សរ Z បានទាក់ទាញចំណាប់អារម្មណ៍គេឯង ព្រោះត្រូវបានគូសចំណាំនៅលើយោធោបករណ៍ទាំងអស់។ 
 
«សហព័ន្ធកីឡាកាយសម្ព័ន្ធអន្តរជាតិ នឹងជជែកជាមួយស្ថាប័នសីលធម៌កីឡាកាយសម្ព័ន្ធក្នុងការបើកនីតិវិធី ព្រមទាំងផាកពិន័យលើអត្តពលិក Kuliak បន្ទាប់ពីគេបានបង្ហាញអាក្បកិរិយាដែលគួរឱ្យភ្ញាក់ផ្អើលក្នុងការប្រកួត Apparatus World Cup។» នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIG។
 
សហព័ន្ធ FIG ក៏បានចូលរួមប្រឆាំងទៅនឹងរុស្ស៊ីដែរ ដោយបានប្រកាសលុបរាល់កម្មវិធីប្រកួតទាំងអស់របស់ខ្លួនក្នុងរុស្ស៊ីនិងបេឡារុសរហូតដល់មានការសម្រេចចិត្តជាថ្មីនៅពេលក្រោយ៕
 
 

Tag:
 Gymnastics
  Ivan Kuliak
© រក្សាសិទ្ធិដោយ thmeythmey.com