ជាតិ
សុខភាព
ជប៉ុនផ្តល់ជំនួយជាង២៦ម៉ឺនដុល្លារ សម្រាប់ការដំឡើងបរិក្ខារពេទ្យនៅពេទ្យបង្អែកស្រុកក្រូចឆ្មារ
08, Mar 2022 , 6:59 pm        
រូបភាព
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងជាង ២៦ម៉ឺនដុល្លារ សម្រាប់ដំឡើងបរិក្ខារពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ ជំនួយនេះ នឹងរួមចំណែកដំឡើងកម្រិតមន្ទីរពេទ្យក្រូចឆ្មារ ពីកម្រិត១ មកជាមន្ទីរពេទ្យកម្រិត២ ដែលមានសមត្ថភាពផ្តល់សេវាវះកាត់បន្ទាន់ ជូនប្រជាជនស្រុកក្រូចឆ្មារ និងស្រុកជុំវិញ។ តាមរយៈជំនួយនេះ គេរំពឹងថា ពលរដ្ឋនៅក្នុងតំបន់នោះ នឹងទទួលបានការព្យាបាលប្រសើរជាងមុន ហើយកាត់បន្ថយករណីបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងដែលនៅឆ្ងាយ។

 
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង ចំនួន ២៦៣ ៧៦០ដុល្លារអាម៉េរិក សម្រាប់ដំឡើងបរិក្ខារពេទ្យចំនួន១៧ប្រភេទ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិនេះ ប្រព្រឹត្តទៅ នៅថ្ងៃទី៧មីនា រវាងលោក លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ហួត គា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រូចឆ្មារ ខេត្តត្បួងឃ្មុំ ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

ក្នុងពិធីចុះហត្ថលេខានេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការដំឡើងបរិក្ខារពេទ្យនេះ នឹងរួមចំណែកក្នុងការដំឡើងកម្រិតមន្ទីរពេទ្យនេះពីកម្រិត១ ទៅ កម្រិត២ ហើយពលរដ្ឋក្នុងស្រុក នឹងទទួលបានការព្យាបាលប្រសើរជាងមុន។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ គូសបញ្ជាក់ដូច្នេះថា៖ «តាមរយៈគម្រោងនេះ យើងរំពឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកនេះ នឹងអាចទទួលបានការព្យាបាលកាន់តែទំនើបជាងមុននៅមន្ទីរពេទ្យ ហើយអ្នកជំងឺ នឹងអាចទទួលបានការព្យាបាលទាន់ពេលវេលា ខណៈករណីបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេង ដែលនៅឆ្ងាយ នឹងមានចំនួនតិចជាងមុន»។
 
សម្រាប់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ទោះជាកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក៏ដោយ ក៏លោកនៅតែកត់សម្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន។ បើតាមលោក មិកាមិ រដ្ឋាភិបាលជប៉ុនចាត់ទុកថា ផ្តល់ការគាំទ្រនៅតាមតំបន់ជនបទ និងធ្វើការជិតស្និទ្ធជាមួយប្រជាជនក្នុងតំបន់ វាមានសារៈសំខាន់ស្នើគ្នានឹងការផ្តល់កម្ចីហិរញ្ញប្បទានយេន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំៗផ្សេងទៀតនៅកម្ពុជាដែរ។ ប្រទេសជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជា  រួមទាំងការជំនួយឥតសំណងគូសាណូណិផងដែរ។
 
ជុំវិញការទទួលជំនួយនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី បានគូសបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា តាមរយៈគម្រោងនេះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ នឹងវិវត្តខ្លួនពីមន្ទីរពេទ្យកម្រិត១ មកជាមន្ទីរពេទ្យកម្រិត២ ដែលមានសមត្ថភាពផ្តល់សេវាវះកាត់បន្ទាន់ ជូនប្រជាជនស្រុកក្រូចឆ្មារនិងស្រុកជុំវិញផងដែរ។ 
 


លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បើយោងតាមរដ្ឋមន្ត្រីក្រសួងដែនដី ជំនួយរបស់ជប៉ុននេះនឹងប្រើប្រាស់សម្រាប់ទិញសម្ភារៈចំនួន ១៧ មុខ រួមមានម៉ាស៊ីនដាក់ថ្នាំសណ្តំ , ម៉ាស៊ីនជំនួយដង្ហើមទារក , ម៉ាស៊ីនថតកាំរស្មី X ចល័ត , ម៉ាស៊ីនថតកាំរស្មី X ឌីជីថលទំនើប , អំពូលវះកាត់ចល័ត , អំពូលវះកាត់តាមដាន , ម៉ាស៊ីនតាមដានសញ្ញាជីវិត , ម៉ាស៊ីនវះកាត់ដោយដុត , ម៉ាស៊ីនវះកាត់សម្រាលកូន , ម៉ាស៊ីនវះកាត់ទូទៅ , ម៉ាស៊ីនបូមស្លេស្ម , គ្រែសម្រាប់វះកាត់ , សម្ភារៈឆ្លុះបំពង់ក , ម៉ាស៊ីនតាមដានម្តាយ និងទារកមុនពេលវះកាត់ និងម៉ាស៊ីនពិនិត្យផ្ទៃពោះ។
 
សូមជម្រាបថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅកម្ពុជា ក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯង របស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា ជាង៦៥លានដុល្លារអាម៉រិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី    អនុវត្តគម្រោងគូសាណូណិ ចំនួន៦៦៤គម្រោង នៅទូទាំងប្រទេសកម្ពុជា៕
 

Tag:
 ជំនួយ
  ជប៉ុន
 សុខាភិបាល
 ជា សុផារ៉ា
 ពេទ្យបង្អែកក្រូចឆ្មារ
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com