កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ថា ចាញ់ Inter ជារឿងខកចិត្ត តែសប្បាយចិត្តព្រោះក្រុមបានឆ្លងទៅវគ្គបន្ទាប់
09, Mar 2022 , 11:29 am        
រូបភាព
អ្នកចាត់ការក្រុមបាល់ទាត់ Liverpool លោក Jurgen Klopp បានបង្ហាញអារម្មណ៍ទាំងខកចិត្ត និង សប្បាយចិត្តក្រោយកូនក្រុមអាចឆ្លងទៅកាន់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុម ទោះចាញ់ Inter Milan ១-០ នាថ្ងៃទី៩ ខែមីនា។



ក្រុមហង្សក្រហម អាចធ្វើដំណើរទៅកាន់វគ្គ៨ក្រុមនៃពានរង្វាន់លំដាប់ទីមួយអឺរ៉ុប ដោយឈ្នះ Inter សរុបលទ្ធផលទាំងពីរជើង ២-១។ ជ័យជម្នះរបស់ក្រុម Inter ដែលរកបានដោយកីឡាករ Lautaro Martinez មិនសមល្មមជួយឱ្យក្រុមដែលមកពីអ៊ីតាលីមួយនេះអាចទម្លាក់ក្រុមខ្លាំងរបស់អង់គ្លេសនៅកីឡដ្ឋាន Anfield បានឡើយ។
 
ទោះយ៉ាងនេះ លោក Klopp បានបង្ហាញអារម្មណ៍លោកថា ពិតជាសប្បាយចិត្ត ដែលក្រុមបានបន្តដំណើរនៅក្នុងការប្រកួតពានរង្វាន់ទីមួយអឺរ៉ុប ប៉ុន្តែក៏មិនលាក់អារម្មណ៍ខកចិត្តដែលត្រូវបាន Inter បញ្ចប់ភាពមិនដែលចាញ់១៥ប្រកួតជាប់គ្នារបស់ Liverpool ដូចគ្នា។
 
«ប្រសិនបើវាជាប្រភេទនៃការប្រកួតដែលត្រូវឱ្យយើងចាញ់ វាគ្រាន់ជារឿងដែលអាចកើតឡើងក្នុងពិភពបាល់ទាត់ប៉ុណ្ណោះ ព្រោះរឿងសំខាន់យើងត្រូវទៅវគ្គបន្ត។ ខ្ញុំសប្បាយចិត្តក្រុមទៅវគ្គបន្ត ហើយលទ្ធផលថ្ងៃនេះយើងទទួលយក និងដើម្បីកែប្រែ។»លោក Klopp និយាយបែបនេះក្រោយចប់ការប្រកួត។
 
ចំណែកលទ្ធផលមួយគូទៀត ក្រុម Bayern Munich បានយកឈ្នះលើក្រុម FC Salzburg ក្នុងលទ្ធផល ៧-១ នាកីឡដ្ឋាន Allianz Arena ដោយសរុបលទ្ធផលទាំងពីរជើង ៨-២។ Bayern Munich ក៏បានកក់កៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ផងដែរ៕
 

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com