កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូលម៉ិកស៊ិកពិន័យក្លិប Queretaro មិនឱ្យមានអ្នកទស្សនា១ឆ្នាំ ក្រោយមានជម្លោះអ្នកគាំទ្រ
10, Mar 2022 , 8:29 am        
រូបភាព
ក្របខណ្ឌកីឡាបាល់ម៉ិកស៊ិកនាថ្ងៃទី៨ខែមីនាបានបញ្ជាឱ្យរាល់ការប្រកួតក្នុងទឹកដីរបស់ក្លិប Queretaro មិនត្រូវមានអ្នកចូលទស្សនា១ឆ្នាំ។ ការដាក់ពិន័យកើតឡើងក្រោយពេលក្រុមអ្នកគាំទ្រ Queretaro ​បានបង្កហិង្សាអំឡុងប្រកួតទល់ក្រុម Atlas។


កាលពីថ្ងៃទី៥ ខែមីនា អំឡុងជំនួបរវាងក្រុម Queretaro ទល់ក្រុម Atlas នាកីឡដ្ឋាន ​Corregidora ក្រោយពេលក្រុមភ្ញៀវ Atlas បើកការនាំមុខ១គ្រាប់មុន អំពើហិង្សាក៏បានកើតឡើង។ មនុស្ស២៦នាក់ បានរងរបួស ក្នុងចំណោមនោះ៣នាក់រងរបួសធ្ងន់ធ្ងរ។
 
ប្រធានលីគកំពូលម៉ិកស៊ិក Mikel Arriola ប្រាប់ទៅកាន់អ្នកាសែតថា ការដាក់ពិន័យទៅលើក្រុម Queretaro នេះបានធ្វើឡើងក្រោយមានកិច្ចប្រជុំរវាងមន្ត្រីលីគកំពូលម៉ិកស៊ិក និងសហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិក។ សហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិក ក៏ហាមមិនឱ្យអ្នកគាំទ្រក្លិប Queretaro រយៈពេល៣ឆ្នាំទៅទស្សនាការប្រកួតក្រុមដទៃ។
 
«យើងមិនចង់មានឧក្រិ្ឋដជនក្លែងបន្លំខ្លួនឡើយ។» លោក Arriola បាននិយាយបែបនេះប្រាប់អ្នកកាសែត ដោយសំដៅទៅកាន់ក្រុមអ្នកគាំទ្រដែលនៅពីក្រោយការបង្កឱ្យមានភាពភ័យខ្លាចបែបនេះ។
 
ក្លិបដែលកំពុងឈរលំដាប់ថ្នាកលេខ៤នៅក្របខណ្ឌ Liga MX មួយនេះ ក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ិកស៊ិកផាកពិន័យជាទឹកប្រាក់ប្រមាណ៧០,០០០ដុល្លារដែរ៕
 

Tag:
 Mexican Liga MX
  Queretaro
© រក្សាសិទ្ធិដោយ thmeythmey.com