ជាតិ
អាម៉េរិកផ្ដល់ជំនួយ៦,៣លានដុល្លារ គាំទ្រអង្គភាពស៊ីម៉ាក់បោសសម្អាតមីននៅខេត្តចំនួន៧
09, Mar 2022 , 8:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
រូបភាពពីហ្វេសប៊ុកលោក ហេង រតនា
ភ្នំពេញ៖ រដ្ឋាភិបាលអាម៉េរិក ផ្ដល់ជំនួយថវិកាជាង៦,៣លានដុល្លារដល់កម្ពុជា ដើម្បីគាំទ្រមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC ក្នុងការបោសសម្អាតមីន និងគ្រាប់បែកចង្កោម នៅតំបន់រងផលប៉ះពាល់ ក្នុងខេត្តចំនួន៧។

 
បើតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ជំនួយថវិកានេះ រដ្ឋាភិបាលអាម៉េរិក តាមរយអង្គការ NPA ប្រចាំកម្ពុជា សរុបចំនួន៦,៣៥៥,៧២០ដុល្លារ។ ថវិកានេះ គឺគាំទ្រអង្គភាពស៊ីម៉ាក់ លើការបោសសម្អាតមីន និងគ្រាប់បែកចង្កោម នៅតំបន់រងផលប៉ះពាល់ ក្នុងខេត្តខេត្តស្វាយរៀង​ ព្រៃវែង​ កំពង់ចាម​ ត្បូងឃ្មុំ​ ក្រចេះ​ រតន:គិរី​ និងខេត្តមណ្ឌលគិរី។ 
 
ជំនួយហិរញ្ញប្បទានឥតសំណងជាង៦លានដុល្លារនេះ ប្រើប្រាស់សម្រាប់បោសសម្អាតគ្រាប់បែកចង្កោម រយៈពេល៤៥ខែ ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមលោក ហេង រតនា ដែលបញ្ជាក់ថា ជំនួយនេះ មានរយៈពេលយូរជាងរាល់ឆ្នាំ ប៉ុន្តែបរិមាណថវិកា គឺដូចឆ្នាំមុនៗដែរ។ ជំនួយនេះ​ ក៏បានផ្តល់លទ្ធភាពឱ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការជាង២០០នាក់ ​និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមជាង១៣,២០០ហិកតាផងដែរ។


 រូបភាពពីហ្វេសលោក ហេង រតនា

ទន្ទឹមនឹងនេះ​ ក្រសួងការបរទេសNorway ក៏បានសម្រេចផ្តល់ថវិកាខ្នាតតូចចំនួន៨៩,០៧៧ដុល្លារ លើគម្រោងចំនួន២ គឺគម្រោងរំដោះខេត្តគ្មានគ្រាប់មីន​ដែលកំពុងប្រតិបត្តិការ​ និងគម្រោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងរយៈពេល​ ៣ខែ។
 
កន្លងមក អាម៉េរិក ចិន ជប៉ុន ប៉ែលហ្សិក នូវ៉េស និងអង្គការមួយចំនួនទៀត ក៏បានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងដល់កម្ពុជា លើការងារបោសសម្អាតមីនគ្រាប់ប្រភេទ នៅតំបន់ដែលរងផលប៉ះពាល់នានាផងដែរ។ ហើយកាលពីឆ្នាំ២០២០កន្លងទៅ ស៊ីម៉ាក់បានរកឃើញ និងបំផ្លាញចោលមីនជាង៩ម៉ឺនគ្រាប់ នៅលើដីចម្ការរបស់ពលរដ្ឋប្រមាណ៩១លានម៉ែត្រក្រឡា ដែលស្នើនឹង៩១ភាគរយនៃផែនការ។ ចំណែកឯ ឆ្នាំ២០២២នេះ ស៊ីម៉ាកបានកំណត់ផែនការសម្អាតមីន លើផ្ទៃដី១២៤គីឡូម៉ែត្រក្រឡា តាមរយៈគម្រោងរបស់រដ្ឋាភិបាល និងជំនួយផ្សេងៗមួយចំនួនទៀតផង៕
 
 
 

Tag:
 CMAC
 អាម៉េរិក
 មីន
© រក្សាសិទ្ធិដោយ thmeythmey.com