កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកអ៊ុយក្រែន អំពាវនាវស្វែងរកសន្តិភាពអំឡុងការប្រកួតប៉ារាំឡាំពិកប៉េកាំង
11, Mar 2022 , 8:29 am        
រូបភាព
ក្រុមអត្តពលិករួមទាំងមន្ត្រីប៉ារ៉ាឡាំពិកអ៊ុយក្រែន បានអំពាវនាវឱ្យមានការស្វែងរកសន្តិភាពអំឡុងពេលការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងប៉េកាំងនាថ្ងៃទី១០ ខែមីនា។ ប្រតិភូអ៊ុយក្រែន បានលើកផ្ទាំងបដា ព្រមទាំងឈរស្ងាត់ស្ងៀមរយៈពេល១នាទី។


ការអំពាវនាវ ដឹកនាំដោយលោក Valeriy Sushkevych មន្រ្តីអ៊ុយក្រែននៅព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកប៉េកាំង និងចូលរួមដោយក្រុមអត្តពលិកនឹងមន្ត្រីប្រមាណ២០នាក់។ ពួកគេ បានលើកបដាដោយភ្ជាប់ជាមួយសារមួយ «សន្តិភាពសម្រាប់ទាំងអស់គ្នា ឬ Peace for all» ហើយអមជាមួយការលើកដៃឡើងទន្ទឹមគ្នា។
 
«១នាទីគឺសំដៅទៅកាន់មនុស្សរាប់ពាន់នាក់ ក្នុងនោះរួមមានកុមារក៏ដូចជាមនុស្សដទៃផ្សេងទៀតនៅអ៊ុយក្រែន។ ប្រសិនបើមនុស្សជាតិគ្រប់គ្នាពិតជាអាណិតស្រលាញ់គ្នា អ៊ីចឹងសង្រ្គាមត្រូវបានតែបញ្ឈប់ ហើយមនុស្សគ្រប់រូប ទាំងស្រ្តី និងកុមារគួរតែមានសិទ្ធិរស់នៅ មិនមែនស្លាប់ឡើយ។» នេះបើតាមការលើកឡើងរបស់លោក Sushkevych។
 
មិនត្រឹមតែប៉ុណ្ណោះមន្រ្តីជាគ្រូបង្វឹកអ៊ុយក្រែនលោក Andriy Nesterenko ក៏បានលើកឡើងពីសកម្មភាពកងទ័ពរុស្ស៊ីបានវាយប្រហារទីក្រុង Kharkiv ផងដែរ។
 
លោក Nesterenko និយាយថា រុស្ស៊ីបានទម្លាក់គ្រាប់បែកនៅតាមមន្ទីពេទ្យ​ សាលារៀន ហើយអ៊ុយក្រែនត្រូវការការគាំទ្រនៅថ្ងៃនេះ មិនមែនពេលក្រោយឡើយ។ មនុស្សដែលវាយប្រហារមនុសុ្សដទៃ មិនមែនជាមនុស្សឡើយ។
 
នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាអូឡាំពិកលើកនេះ អ៊ុយក្រែនបានឈ្នះមេដាយចំនួន១៩ ក្នុងនោះមានមេដាយមាស៦ និងឈរលេខ៣ ខណៈម្ចាស់ផ្ទះចិនឈរលេខ១​ និង កាណាដាឈរលេខ២៕ 
 

Tag:
 Ukraine
  Paralympics Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com