ជាតិ
ពលរដ្ឋជាង១,៥ម៉ឺនគ្រួសារនៅខេត្ត​ជុំ​វិញ​បឹង​ទន្លេសាប ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ
12, Mar 2022 , 9:59 pm        
រូបភាព
លោក ជា សុផារ៉ា ឧបនាយក_រដ្ឋមន្ត្រី រដ្ឋមន្ត្រី_ក្រសួងដែនដី ដឹកនាំ_កិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធ_និមិត្ត កាលពីថ្ងៃទី១០ ខែមីនា។ រូបថត ក្រសួងដែនដី
លោក ជា សុផារ៉ា ឧបនាយក_រដ្ឋមន្ត្រី រដ្ឋមន្ត្រី_ក្រសួងដែនដី ដឹកនាំ_កិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធ_និមិត្ត កាលពីថ្ងៃទី១០ ខែមីនា។ រូបថត ក្រសួងដែនដី
ពលរដ្ឋជាង១,៥ម៉ឺនគ្រួសារ នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយ​បាន​បញ្ជាក់ថា ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងច្រើនជាងគេក្នុងចំណោមខេត្តទាំង៦ជុំវិញបឹងទន្លេសាបនោះ។

 
របាយការណ៍ដែល​គិតពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២២ បាន​បង្ហាញថា ពលរដ្ឋខេត្តកំពង់ឆ្នាំង ចំនួន៧៥៣១គ្រួសារ,ពោធិ៍សាត់ ចំនួន៣៧១គ្រួសារ,បាត់ដំបង ចំនួន២ ១៥២គ្រួសារ,បន្ទាយមានជ័យ ចំនួន៨០១គ្រួសារ,សៀមរាប ចំនួន១ ៤៤៧គ្រួសារ និងកំពង់ធំចំនួន២​ ៧០០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ។ 
 
ចំពោះទំហំដីដែលឱ្យត្រឡប់មកវិញនោះសរុបជាង៦ម៉ឺនហិកតា ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង ៣០ ៥៨៩ហិកតា,ពោធិ៍សាត់ ១ ២៧៦,២៣ហិកតា,បាត់ដំបង ៩ ៣៦៤,៣៧ហិកតា,បន្ទាយមានជ័យ ៤ ៧៦០ហិកតា,សៀមរាប ៣​ ២៤១,៥២ហិកតា​ និងកំពង់ធំ ១៣ ៩៥៩,៦៧ហិកតា។ 


 
សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ពី​ការឃាត់​ខ្លួន​ពល​រដ្ឋ​លើ ករណីរំលោភយកដីនៅតំបន់ ទន្លេសាបនេះផងដែរ ក្នុងនោះ​ ២នាក់នៅ​កំពង់ឆ្នាំង, បាត់ដំបង១៧នាក់,សៀមរាប៨នាក់ និងកំពង់ធំ ២នាក់ រួមជាមួយ​វត្ថុតាងមួយចំនួន។ ដោយឡែកពលរដ្ឋខេត្តពោធិ៍សាត់ ត្រូវបានឃាត់ខ្លួន៥នាក់ដែរ ប៉ុន្តែបានដោះលែងវិញទាំង៥ ខណៈខេត្ត​បន្ទាយមានជ័យ មិនមានឃាត់ខ្លួនឡើយ។ 
 
ជាមួយគ្នានេះ អាជ្ញាធរ ក៏បានបោះបង្គោលកំណត់ព្រំតំបន់៣ថ្មី និងកែសម្រួលបង្គោលចាស់សរុប៦៦១បង្គោល ស្មើនឹងជាង៨២ភាគរយ នៃទំហំដីដែលប្រគល់ត្រឡប់មកវិញសរុប។ 
 
ចំពោះដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលបានពីពលរដ្ឋវិញនោះ រដ្ឋបានដាំដើមត្នោត,គប់គ្រាប់ត្នោត ,ដើមច្រកែង,ដើមរាំង,ដើមឫស្សី,ដើមផ្ទោល,ដើមរំដេញ,សណ្ដាន់,ត្រស់,ដើមអញ្ចាញ,ដើមផ្គាំ,ដើមថ្លើមអណ្ដើក,ដើមបបួយ,ដើមខ្នាយមាន់,ដើមកន្សែង និងដើមឈើមួយចំនួនផ្សេងៗទៀត។
 
របាយការណ៍​ត្រូវបាន​ប្រកាសកាលពីថ្ងៃទី១០ ខែមីនា នា​កិច្ចប្រជុំអន្តរក្រសួង​តាមប្រព័ន្ធនិម្មិត ដែលដឹកនាំដោយ​លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់៕
 

Tag:
 ដីព្រៃលិចទឹក
 បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com