ជាតិ
បំពាក់សញ្ញាតាមដាន ត្រីរាជ ត្រីប្រាធំ ត្រីគល់រាំង និងពពួកត្រីឥតស្រកាដើម្បីពង្រឹងការការពារជីវចម្រុះក្នុងទឹក
13, Mar 2022 , 8:14 pm        
រូបភាព
ដោយ:
ខេត្តសៀមរាប៖ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជលផលអន្តរជាតិ បានលែងនូវប្រភេទត្រីដែល ជានិមិត្តរូប នៃប្រទេសកម្ពុជា ជាច្រើនក្បាល ចូលទៅក្នុងបឹងទន្លេសាប។ ពិធីដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៤ ខែមីនា កន្លងមកនេះ គឺដើម្បីបង្ហាញពីការចូលរួមជួយសង្គ្រោះប្រភេទ ត្រីទឹកសាបរងគ្រោះជិតផុតពូជ ដែលមាន ទំហំខ្លួនធំជាងគេក្នុងពិភពលោក។

 
 
«នេះគឺជាជំហានដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារត្រីទឹកសាបទន្លេមេគង្គ ដែលមានទំហំខ្លួនធំៗ។ ការថែរក្សា និងអភិរក្ស ត្រូវបានបង្ហាញឱ្យឃើញថា វាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ក្នុងការការពារ ជីវចម្រុះក្នុងទឹក និងការជំរុញជីវម៉ាសរបស់ត្រីផងដែរ»។ នេះជាការលើកឡើងរបស់លោក បណ្ឌិត ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិ ពីសាកលវិទ្យាល័យ ណេវ៉ាដា រ៉េណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលទទួលបានថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ។


 
ក្នុងចំណោមប្រភេទត្រីដែលត្រូវបានលែងកាលពីថ្ងៃទី ៤ ខែមីនា  ត្រីរាជ ជាប្រភេទត្រីរងគ្រោះជិតផុតពូជ និងជាប្រភេទត្រី ដែលកាន់កាប់កំណត់ត្រាពិភពលោក ក្នុងនាមជាប្រភេទត្រីទឹកសាបឥតស្រកា មានទំហំខ្លួនធំជាងគេលើពិភពលោក ដោយវាអាចធំលូតលាស់ដល់ទម្ងន់រហូតដល់ ២៩៣ គីឡូក្រាម។ 
 
 
បន្ថែមពីលើនេះ មានត្រីប្រាធំ ជាប្រភេទត្រីជិតផុតពូជ និងជាអាហារសំខាន់នៅក្នុងតំបន់ ដែលបរិមាណរបស់វា បានធ្លាក់ចុះយ៉ាងខ្លាំង។ ត្រីគល់រាំង ជាប្រភេទត្រីមានស្រការងគ្រោះជិតផុតពូជ ដែលមានទំហំដងខ្លួនធំជាងគេ ពិភពលោក និងជានិមិត្តរូបមច្ឆជាតិរបស់កម្ពុជាផងដែរ។
 
ត្រីសរុបចំនួនជាង ១០០០ក្បាល ត្រូវបានត្រូវលែងទៅក្នុងតំបន់អភិរក្ស ដែលគ្រប់គ្រងដោយរដ្ឋាភិបាល វាជា អតីតឡូត៍នេសាទលេខ៤ ក្នុងបឹងទន្លេសាប ដែលមានចម្ងាយមិនឆ្ងាយពីក្រុងសៀមរាប និងប្រាសាទ អង្គរវត្តដ៏ល្បីល្បាញ ដោយធ្វើដំណើរតាមទូក។ 


 
ត្រីទាំងនេះភាគច្រើនជាត្រីជំទង់ មានទំហំចាប់ពី ៣០សង់ទីម៉ែត្រ ទៅ ១.៦ម៉ែត្រ ដែលត្រូវបានថែបំប៉នទុកដោយ រដ្ឋបាលជលផលកម្ពុជា សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រមូលនិធិដោយ USAID ។ តាមរយៈការបំពាក់ស្លាកសញ្ញាសម្រាប់តាមដាន មុនពេលលែងនេះ បានផ្តល់ឱកាសឱ្យក្រុមអ្នកស្រាវជ្រាវ ធ្វើការសិក្សាពីការរស់រានមានជីវិត ការលូតលាស់ និងការផ្លាស់ទីរបស់ពួកវាផងដែរ។
 
«គោលបំណងនៃការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីបង្ហាញនូវប្រភេទត្រីដែលជិតផុតពូជ និងឱ្យវាត្រឡប់ទៅរស់នៅក្នុងធម្មជាតិវិញ ព្រមទាំងធ្វើការតាមដានជោគវាសនារបស់ពួកវាផងដែរ។ យើងត្រូវយល់ដឹងឱ្យកាន់តែច្បាស់ អំពីប្រសិទ្ធភាពនៃ តំបន់អភិរក្ស ដែលទីជម្រកលាក់ខ្លួនសម្រាប់ប្រភេទត្រីដែលរងការគំរាមកំហែង ហើយការលែងត្រីនៅថ្ងៃនេះ នឹងក្លាយទៅជាការអនុវត្តសម្រាប់ការអភិរក្សនាពេលអនាគត ហើយវាអាចជួយយើងឲ្យយល់ដឹងបន្ថែម ថាតើវិធីសាស្ត្របែបនេះ មានប្រសិទ្ធភាពក្នុងការជួយដល់ការស្ដារឡើងវិញ នូវបរិមាណត្រីប្រភេទនេះ នៅក្នុងធម្មជាតិដែរឬទេ»។ នេះ បើតាមការលើកឡើងរបស់លោកបណ្ឌិត ង៉ោ ប៉េងប៊ុន  ជីវវិទូមច្ឆជាតិ និងជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រជលផល នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
 
បឹងទន្លេសាប ត្រូវបានចាត់ទុកថា ជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាជម្រករបស់ត្រីជាង ៣០០ប្រភេទ ដែលជាកន្លែងសំខាន់មួយ សម្រាប់ជីវចម្រុះទឹកសាប និងជាតំបន់ជីវមណ្ឌលបម្រុង របស់អង្គការយូណេស្កូផងដែរ។ ជាប្រវត្តិសាស្ត្រ វាជាទីជម្រកសំខាន់សម្រាប់ការញាស់របស់ពពួកត្រីខ្នាតយក្សដែលជិតផុតពូជ និងពពួកត្រីធ្វើចរាចរផ្លាស់ទីជាច្រើនទៀត នៅក្នុងអាងទន្លេមេគង្គ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីទាំងនេះ បានស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងៗ ពីការសាងសង់ទំនប់វារីអគ្គិសនី នេសាទហួសកម្រិត និងគ្រោះរាំងស្ងួត។
 
ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងចំពោះបរិមាណផលស្តុកត្រីនេះ តំបន់អភិរក្សជាច្រើន ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងសហគមន៍ ត្រូវបានបង្កើតឡើងនៅក្នុងបឹងទន្លេសាប ដែលបង្កើតបានជាបណ្តាញតំបន់អភិរក្សជលផលដ៏ធំ នៅលើពិភពលោក។
 
«រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្នុងការបង្កើតតំបន់អភិរក្ស ការការពារតំបន់ស្នូលនៃតំបន់ជីវមណ្ឌលបម្រុងទុកក្នុងបឹងទន្លេសាប និងបង្កើតសហគមន៍នេសាទជាផ្លូវការ ព្រមទាំងតំបន់បម្រុងពាក់ព័ន្ធ ដែលសកម្មភាពទាំងនេះ ធ្វើឲ្យកម្ពុជា ក្លាយជាទីកន្លែងដ៏ស័ក្តសមបំផុត សម្រាប់ការចាប់ផ្ដើមស្តារបរិមាណផលស្តុកត្រីទន្លេមេគង្គ ដែលជិតផុតពូជ។ ថ្ងៃនេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំ ដើម្បីសាកល្បងមើលពីប្រសិទ្ធភាពនៃការប្រើប្រាស់បណ្តាញតំបន់អភិរក្សដ៏ធំរបស់កម្ពុជា និងការលែងប្រភេទត្រីជិតផុតពូជ ដែលត្រូវបានថែបំប៉នជាច្រើនឆ្នាំមកហើយ ឱ្យត្រឡប់ចូលទៅទីជម្រកដើម ក្នុងធម្មជាតិវិញ។ គោលបំណងសំខាន់ គឺដើម្បីការពារត្រីទាំងនោះ រហូតដល់ពួកវាធំល្មម អាចធ្វើការបន្តពូជបាន ដើម្បីគាំទ្រដល់វិស័យជលផល និងជីវៈចម្រុះ»។ នេះបើតាមប្រសាសន៍លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល។ 
 
ការលែងប្រភេទត្រីដែលជិតផុតពូជទៅក្នុងបឹងទន្លេសាប ត្រូវបានគេរំពឹងថា នឹងក្លាយជាការលែងលើកទីមួយក្នុងចំណោមការលែងក្រោយៗ ទៀត ក្នុងនោះផងដែរ ក្រុមអ្នកស្រាវជ្រាវមានសុទិដ្ឋិនិយមថា ការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព ក្នុងការការពារប្រភេទប្រភេទត្រីទឹកសាបខ្នាតយក្សរបស់ពិភពលោក ដែលជិតផុតពូជនឹងទទួលបានផ្លែផ្កា។
 
"ជាការសន្មត កម្មវិធីនេះ នឹងត្រូវបន្តប្រារព្វធ្វើឡើងនៅក្នុងបណ្តាឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត ហើយទីជម្រកអំណោយផល និងលក្ខខណ្ឌនៃការនេសាទ នឹងត្រូវបានបង្កើតឡើងឡើង ដើម្បីជាការគាំទ្រដល់វដ្តជីវិតពេញលេញនៃត្រីទាំងនោះ នៅក្នុងធម្មជាតិ ហើយការស្រាវជ្រាវនេះ គឺជាផ្នែកមួយនៃគោលដៅរយៈពេលវែង នៃការបង្កើនបរិមាណផលស្តុកត្រី ការបន្តពូជតាមធម្មជាតិ និងការទ្រទ្រង់បរិមាណផលស្តុកត្រីដ៏កម្រ និងប្រភេទសត្វគួរឲ្យកត់សម្គាល់ផ្សេងៗ ទៀត។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ហូហ្គេន។ លោកបណ្ឌិតបានបន្ថែមទៀតថា សកម្មភាពផ្សេងទៀត ដូចជាការការពារច្រករបៀងសម្រាប់ការធ្វើចរាចរផ្លាស់ទីរបស់ត្រី ដូចជាទន្លេសាប និងទីជម្រកពង-កូននៅទន្លេមេគង្គលើរបស់កម្ពុជា ក៏ជាតម្រូវការចាំបាច់ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com