ជាតិ
រដ្ឋមន្ត្រី​កសិកម្ម​ចែកអង្ករជំនួយសង្គ្រោះបន្ទាន់​ដល់ពលរដ្ឋ​៧ខេត្ត ដែលរងផលប៉ះពាល់​ដោយសារកូវីដ
13, Mar 2022 , 3:32 pm        
រូបភាព
ពលរដ្ឋជាង២០០០គ្រួសារ តំណាងឲ្យ៧៥០០គ្រួសារ​ក្នុងខេត្តចំនួន៧ បានទទួលអង្ករ ៤០គីឡូក្រាមក្នុងមួយគ្រួសារ ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អង្ករនេះ ជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលផ្ដល់ឱ្យក្រសួងកសិកម្ម សម្រាប់ចែកជូនពលរដ្ឋមានជីវភាពខ្វះខាត​ ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ-១៩។



កន្លងមក រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានផ្ដល់ជំនួយអង្ករចំនួន៣០០តោន ដល់ក្រសួងកសិកម្ម សម្រាប់ចែកជូនដល់ពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៧៥០០គ្រួសារ នៅខេត្តចំនួន៧ ដូចជា ខេត្តកំពង់ចាម,ឧត្តរមានជ័យ,សៀមរាប,បាត់ដំបង,បន្ទាយមានជ័យ,ត្បូងឃ្មុំ និងស្វាយរៀង។ នេះបើតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដោយអះអាងថា ពលរដ្ឋទាំងនោះ ជាអ្នក​រងផល​ប៉ះពាល់​ដោយសារកូវីដ-១៩។


រូបភាពពីហ្វេសប៊ុក លោក វេង សាខុន 
 
គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម បានចែកជំនួយអង្ករនេះដល់ពលរដ្ឋចំនួន២ ០៦៥គ្រួសារ ក្នុងចំណោមពលរដ្ឋសរុប៧៥០០គ្រួសារ និងអង្ករ៤២,៦០តោន ក្នុងចំណោមអង្ករសរុបចំនួន៣០០តោន។ 
 
លោក បញ្ជាក់ថា មន្ទីរកសិកម្ម និងអាជ្ញាធរស្រុក នឹងបន្តចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតបន្ថែមទៀត។ជំនួយនេះ នឹងផ្ដល់ជូនពលរដ្ឋខេត្តបន្ទាយមានជ័យ ច្រើនជាងគេ ចំនួន១៥០០គ្រួសារ និងពលរដ្ឋនៅខេត្តចំនួន៦ទៀត នឹងផ្ដល់ឱ្យ១០០០គ្រួសារ ក្នុងមួយខេត្ត។


 រូបភាពពីហ្វេសប៊ុក លោក វេង សាខុន

«ចំពោះ​ពលរដ្ឋដែលមិនទាន់ទទួលអង្ករ អាជ្ញាធរខេត្ត ស្រុក សហការជាមួយមន្ទីរកសិកម្មខេត្តគោលដៅ នឹងនាំយកទៅចែកជូនជាបន្តបន្ទាប់»។ នេះជាការអះអាង​របស់​លោក វេង សាខុន៕
 

Tag:
 អង្ករ
 វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com