កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel ថា បន្តនៅជាមួយក្រុមដល់ចប់រដូវកាល ក្រោយ Abramovich អស់តំណែងជានាយកប្រតិបត្តិក្លិប
14, Mar 2022 , 11:27 am        
រូបភាព
លោក Thomas Tuchel អះអាងនៅថ្ងៃទី១៣ ខែមីនា ថា លោកនឹងស្នាក់នៅទឹកដី Stamford Bridge រហូតដល់ចប់រដូវកាល ខណៈក្លិប Chelsea ជួបបញ្ហាដោយសារលោក Roman Abramovich ដែលត្រូវបាន Premier League ដកហូតតំណែងជានាយកប្រតិបត្តិ។


ក្រុមតោខៀវ Chelsea បានបន្តយកឈ្នះជាថ្មីក្នុងការប្រកួតពានរង្វាន់ Premier League ដោយក្រុមស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះបានយកឈ្នះលើ Newcastle ក្នុងលទ្ធផល ១-០។ ខ្សែប្រយុទ្ធវ័យក្មេង Kai Havertz ជាអ្នករកបាន១គ្រាប់នាទី ៨៩ ចុងម៉ោងឱ្យតោខៀវ។ 
 
បច្ចុប្បន្ន ក្លិប Chelsea កំពុងជួបបញ្ហា ដោយសារតែវិធានការរបស់រដ្ឋាភិបាលអង់គ្លេសលើលោក Roman Abramovich ។ ក្រុមតោខៀវមិនអាចនាំចូលកីឡាករ ឬបន្តកុងត្រាថ្មីលើកីឡាករ ហើយក៏មិនអាចលក់សំបុត្រសម្រាប់ការប្រកួតផងដែរ។
 
ពាក់ព័ន្ធទៅនឹងបញ្ហាដែលក្លិបកំពុងជួបប្រទះ គ្រូបង្វឹកវ័យ៤៨ឆ្នាំ បានបញ្ជាក់ថា អនាគតរបស់លោកស្ថិតក្រោមការគ្រប់គ្រងរបស់លោកផ្ទាល់។
 
«គ្មានការសង្ស័យអ្វីឡើយខ្ញុំនឹងនៅជាមួយក្លិបរហូតដល់ចប់រដូវកាល ហើយយើងត្រូវរង់ចាំមើលពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះពេលនេះគ្រប់យ៉ាងកំពុងតែផ្លាស់ប្តូរ។ ពេលនេះយើងកំពុងផ្តោតអារម្មណ៍លើក្រុមធំ កីឡាករព្រមទាំងខ្ញុំ ក៏ប៉ុន្តែក្លិប Chelsea គឺជាអ្វីដែលសំខាន់ខ្លាំងជាងពួកយើងទៅទៀត។ យើងត្រូវបន្តដំណើរនេះបន្តទៀត។»លោក Tuchel និយាយបែបនេះក្រោយចប់ការប្រកួត។
 
សព្វថ្ងៃ លោក Roman Abramovich សញ្ជាតិរុស្ស៊ីដែលជាម្ចាស់ក្លិបក៏ត្រូវបានក្របខណ្ឌ Premier League ដកសិទ្ធិជាប្រធានប្រតិបត្តិក្លិប Chelsea ទៅហើយ។
 
«ការសម្រេចចិត្តក្រុមប្រឹក្សានេះមិនជះផលប៉ះពាល់ណាមួយទៅដល់ការហ្វឹកហាត់ ការប្រកួតរបស់ក្រុមឡើយ ដោយក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ហើយការដកនេះ នឹងមានរយៈពេលរហូតថ្ងៃទី៣១ខែឧសភាឆ្នាំ ២០២២។» នេះជាការបញ្ជាក់ពីសំណាក់ Premier League។
 
ការប្រកួតបន្ទាប់វិញ ក្រុមតោខៀវនឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុមរបស់បារាំងគឺ Lille ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមជើងទីពីរនាយប់ថ្ងៃទី១៦ឈានចូល១៧ខែមីនាខាងមុខនេះ៕
 

Tag:
 Chelsea
  Thomas Tuchel
© រក្សាសិទ្ធិដោយ thmeythmey.com