ជាតិ
ទេសចរជាង២៥ម៉ឺននាក់ ដើរកម្សាន្តនៅកម្ពុជា នាចុងសប្ដាហ៍ទី២ ខែមីនា
14, Mar 2022 , 5:59 pm        
រូបភាព
រយៈពេល២ថ្ងៃ នាចុងសប្ដាហ៍ទី២ ខែមីនានេះ ភ្ញៀវទេសចរជាង២៥ម៉ឺននាក់ បានដើរកម្សាន្តតាមតំបន់នានា ក្នុងរាជធានី-ខេត្តគោលដៅចំនួន៨។ ក្នុងចំណោមនោះ ភ្ញៀវជាតិមានជាង២៤ម៉ឺននាក់ និងបរទេសផ្ទៃក្នុងជាង១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។


នាចុងសប្ដាហ៍ទី២ ថ្ងៃទី១២ និង១៣ ខែមីនា ភ្ញៀវទេសចរជាង២៥ម៉ឺននាក់ បានដើរកម្សាន្តតាមតំបន់ទេសចរណ៍ ក្នុងខេត្តគោលដៅដូចជា ព្រះសីហនុ ៣៧ ១១០នាក់,ពោធិ៍សាត់ ២៨ ៧២៤នាក់,រាជធានីភ្នំពេញ ២៨ ៤១៩នាក់,សៀមរាប ២៧ ៥៤៣នាក់,បាត់ដំបង ២៣ ៩៩០នាក់,កំពត ២៦ ១៣៦នាក់,កំពង់ស្ពឺ ១២ ៥០៩នាក់ និងកែប ១១ ៤៤៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដដែល។
 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា ចរន្តភ្ញៀវទេសចរនាចុងសប្តាហ៍ បន្តមានសន្ទុះវិជ្ជមានគួរកត់សម្គាល់ ហើយតួលេខនេះបានកើនឡើងប្រមាណ២៧,៣០ភាគរយ បើធៀបនឹងចុងសប្តាហ៍កន្លងទៅ។ រដ្ឋមន្រ្តីរូបនេះបន្តថា កំណើនភ្ញៀវទេសនេះ បង្ហាញឱ្យឃើញថា ការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយបានបង្កើតទំនុកចិត្ត និងជំរុញឲ្យមានចរន្តភ្ញៀវដើរកម្សាន្ត ខណៈដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com