កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថាក្រុមត្រូវរក្សាក្តីសុបិន Champions league បន្តទៀត ឯគ្រូ AT Madrid ប្ដេជ្ញាប្រយុទ្ធអស់ពីសមត្ថភាព
15, Mar 2022 , 11:40 am        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United ដាស់តឿនមិត្តរួមក្រុមឱ្យបង្ហាញទៅកាន់ Atletico Madrid ពីភាពខ្លាំងនៃទឹកដី Old Trafford ដែលត្រូវគេចាត់ទុកថាជាកន្លែងពោរពេញទៅដោយក្តីសុបិន។ ឯលោក Diego Simeone និយាយថា ក្រុមនឹងប្រយុទ្ធឱ្យអស់ពីសមត្ថភាព ព្រោះជាជំនួបអស្ចារ្យបំផុត។


​កាលពីប្រកួតនៅជំនួបជើងទីមួយរវាងក្រុមបិសាចក្រហម និង AT Madrid បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ នៅក្នុងទឹកដីកីឡដ្ឋាន Wanda Metropolitano កាលពីខែកុម្ភៈ កន្លងទៅ។
 
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលរកបានគ្រាប់បាល់ Hat-Trick ក្នុងជំនួបទល់ក្រុម Spurs កាលពីថ្ងៃទី១២ ខែមីនា បានបំបែកកំណត់ត្រាថ្មី ជាកីឡាករដែលអាចរកគ្រាប់បាល់ច្រើនជាងគេ រហូតដល់ទៅ ៨០៧គ្រាប់ក្នុងអាជីពបាល់ទាត់ ។ ក្រោយបង្ហាញភាពខ្លាំងជាថ្មី Ronaldo ត្រូវបានគ្រូបង្វឹកក្រុមបិសាចក្រហមរំពឹងថា នឹងធ្វើបានល្អ នាជំនួបក្រុម AT Madrid ។
 
«ស្អែកគឺជាថ្ងៃមួយដែលយើងបានរង់ចាំបំផុត ព្រោះជាថ្ងៃដែលជាឱកាសក្នុងការបង្ហាញថាហេតុអ្វី Old Trafford ត្រូវបានគេស្គាល់ថាជាទឹកដីនៃក្តីសុបិន។ ពេលនេះយើងត្រូវចាប់ផ្តើមបង្កើតអ្វីដែលអស្ចារ្យត្រលប់មកវិញ ការប្រកួតក្នុងទឹកដីផ្ទះរបស់យើង យើងត្រូវតែរក្សាក្តីសុបិន Champions League ឱ្យបន្តទៅមុខទៀត។ យើងគឺ Man United ត្រូវធ្វើវាទាំងអស់គ្នា បិសាចក្រហម»។ Ronaldo បានបង្ហោះលើ Instagram បែបនេះ នាថ្ងៃទី១៥ មីនា។
 
ទោះក្រុមទាំងពីមិនសូវជួបគ្នាបានច្រើនលើក កាលពីមុនមកក៏ដោយ ប៉ុន្តែលោក Diego Simeone និយាយថា ជួបបិសាចក្រហម គឺជាជំនួបដ៏សែនលំបាកមួយ ហើយក៏ជាជំនួបដ៏អស្ចារ្យសម្រាប់កូនក្រុមរបស់លោក ដែលត្រូវប្រយុទ្ធឱ្យអស់ពីសមត្ថភាព។
 
សម្រាប់ការប្រកួត នារាត្រីម៉ោង៣ យប់(ម៉ោងនៅកម្ពុជា)ឈានចូលថ្ងៃទី១៦ មីនា បិសាចក្រហម នឹងត្រូវអវត្តមានកីឡាករសំខាន់ៗមួយចំនួន ដូចជា Mason Greenwood ឯ Bruno Fernandes, Luke Shaw និង Scott McTominay មិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយ។ សម្រាប់ AT Madrid នឹងត្រូវអវត្តមានកីឡាករសំខាន់ៗដូចជា Yannick Carrasco រងពិន័យ ខណៈកីឡាករ Matheus Cunha, Daniel Wass, Sime Vrsaljko និង Thomas Lemar រងរបួស។
 
ចំណែកមួយគូរទៀតនៃពានរង្វាន់ UEFA Champions League ជាជំនួបរវាងក្រុម Ajax Amsterdam ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ Benfica។ ក្រុមទាំងពីរនេះ ក៏បានបញ្ចប់ត្រឹមលទ្ធផល២-២ នាជំនួបជើងទី១ កន្លងមកដែរ៕
 

Tag:
 Cristiano Ronaldo
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com