ជាតិ
សេដ្ឋកិច្ច
រដ្ឋគួរដំឡើងពន្ធលើថ្នាំជក់និងស្រា ហើយគួរបញ្ចុះពន្ធប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ផលប៉ះពាល់ពលរដ្ឋ!
15, Mar 2022 , 7:59 pm        
រូបភាព
ស្ថានីយលក់រាយប្រេងឥន្ធនៈមួយកន្លែង នៅរាជធានីភ្នំពេញ។
ស្ថានីយលក់រាយប្រេងឥន្ធនៈមួយកន្លែង នៅរាជធានីភ្នំពេញ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទាមទារឱ្យរដ្ឋដំឡើងពន្ធលើផលិតផលថ្នាំជក់ និងស្រា ដើម្បីយកចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ។ ជាពិសេសដោះស្រាយបញ្ហាជីវភាពពលរដ្ឋប្រចាំថ្ងៃ ដោយសារការឡើងថ្លៃឥតឈប់ឈរនៃឥន្ធនៈ។

 
បច្ចុប្បន្ន ប្រេងសាំងដែលលក់រាយនៅលើទីផ្សារកម្ពុជា មានតម្លៃជាង៥០០០រៀលក្នុងមួយលីត្រ ឬលើសពីនេះនៅតាមបណ្តាខេត្ត និងជនបទមួយចំនួន។ ក្នុងកាលៈទេសៈនេះ លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលពិចារណាដំឡើងពន្ធលើផលិតផលមួយចំនួន ដែលមិនមែនជាតម្រូវការចាំបាច់របស់ពលរដ្ឋ ហើយគួរបញ្ចុះពន្ធប្រេងឥន្ធនៈ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ 
 
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិយាយប្រាប់សារព័ត៌មានថ្មីៗនារសៀល ថ្ងៃទី១៤មីនា យ៉ាងដូច្នេះ៖ «ខ្ញុំមើលឃើញថា រដ្ឋត្រូវតែមានយុទ្ធការមួយទាក់ទងនឹងការបញ្ចុះពន្ធលើប្រេងឥន្ធនៈ ដើម្បីជួយដល់សកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពលរដ្ឋ ហើយជំនួសមកអ្វីនូវការដំឡើងពន្ធលើថ្នាំជក់ ស្រា និងយកពន្ធលើផលិតផលផ្សេងៗទៀត ដែលមិនជាតម្រូវចាំបាច់របស់ពលរដ្ឋ»។ 
 
បើតាមលោក វន់ ពៅ   ក្រៅពីការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងស្រា រដ្ឋគួរពិចារណាយកពន្ធលើដីធ្លី ដែលទិញហើយទុកចោល និងពន្ធលើជនអន្តោប្រវេសន៍ដែលរស់នៅក្នុងទឹកដីកម្ពុជា ផងដែរ។ «ចំណូលពីការដំឡើងពន្ធថ្នាំ និងស្រា  រួមទាំងការយកពន្ធលើជនអន្តោប្រវេសន៍ ខ្ញុំគិតថា រដ្ឋអាចយកទៅប្រើប្រាស់ដើម្បីទប់ស្កាត់ពីការឡើងថ្លៃប្រេងឥន្ធនៈ តាមរយៈការកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈ»។ នេះបើតាមលោក វន់ ពៅ   ដែលជឿជាក់ ថា រដ្ឋអាចធ្វើបានយ៉ាងល្អប្រសើរលើចំណុចទាំងអស់នេះ។ 
 
ពាក់ព័ន្ធនឹងប្រេងឥន្ធនៈឡើងថ្លៃនេះ គឺជានិន្នាការរួម និងសកលដែលធ្វើឱ្យប៉ះពាល់ដល់គ្រប់គ្នា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋភិបាល បានលើកឡើងថា ដើម្បីទប់ស្កាត់ការឡើងថ្លៃនៃប្រេងឥន្ធនៈហួសប្រមាណ រដ្ឋាភិបាលបានកំណត់អត្រាពន្ធថេរមួយរួចមកហើយ។ លោក ផៃ ស៊ីផាន អះអាងថា ចំពោះយុទ្ធការនេះ គឺរដ្ឋាភិបាលកំពុងអនុវត្តមកទល់បច្ចុប្បន្ន។

លោក ផៃ ស៊ីផាន បានបន្តប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖« ទៅមុខទៀត ខ្ញុំមិនដឹងថា តើរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចទៀតទេចំពោះតម្លៃប្រេងឥន្ធនៈ ព្រោះមិនទាន់មានផែនការទេ»។ 
កន្លងមក សម្តេច ហ៊ុន សែន ក៏បានបញ្ចុះតម្លៃលក់រយប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូឥន្ធនៈ ក្នុងចំនួន៤សេនដុល្លារក្នុងមួយលីត្រ។ សម្ដេចអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមកាត់បន្ថយប្រេងឥន្ធនៈ តាមមធ្យោបាយផ្សេងៗ។
 
ជុំវិញពន្ធថ្នាំជក់វិញ លោក វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា  ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដោយរដ្ឋាភិបាលទទួលបានចំណូលជាតិបន្ថែម ព្រមទាំងកាត់បន្ថយចំណាយសេវាសុខភាពសាធារណៈ។ លើសពីនេះ អតា្រពលរដ្ឋមានជំងឺ និងស្លាប់ ដោយសារផលិតផលថ្នាំជក់ក៏ត្រូវធ្លាក់ចុះផងដែរ។ 
 
បើតាមលោក មុំ គង់ នៅពេលរដ្ឋបានចំណូលបន្ថែមពីការដំឡើងពន្ធថ្នាំជក់ គឺ រដ្ឋអាចសម្រេចចិត្តយកថវិកាទាំងនោះ ទៅប្រើប្រាស់ទប់សា្កត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បង្ការកុមារកុំឱ្យប្រើប្រាស់ថ្នាំជក់ ឬកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទប់ទល់ស្ថានភាពប្រងឥន្ធនៈឡើងថ្លៃជាដើម។ 
 
«ការដំឡើងពន្ធលើថ្នាំជក់ រដ្ឋទទួលបានប្រាក់ចំណូលបន្ថែម ហើយកាត់បន្ថយទុកវេទនារបស់ពលរដ្ឋថែមទៀត»។ លោក មុំ គង់ បានលើកឡើងដូច្នេះ ដោយបន្តអះអាងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖ «យើងគិតទៅ គឺអត់មានផលិតផលណា ដែលធ្វើទៅឈ្នះពីរដងដូចផលិតថ្នាំជក់ អ៊ីចឹងទេ។ ផលិតផលខ្លះ កាលណាយើងដំឡើងពន្ធ គឺប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ប៉ុន្តែពន្ធថ្នាំជក់នេះ បើរដ្ឋធ្វើទៅគឺអត់មានប៉ះពាល់អ្វីសោះ តែបែរជាជួយកាត់បន្ថយទុកវេទនារបស់ពលរដ្ឋទៅវិញ។ ការដំឡើងពន្ធលើផលិតផលថ្នាំជក់នេះ គឺរដ្ឋអត់មានខាតអ្វីសោះតែម្តង»។ 
 
តាមការស្ទង់មតិ គឺមាន៩៤ភាគរយនៃពលរដ្ឋកម្ពុជា គាំទ្រឱ្យមានដំឡើងពន្ធលើថ្នាំជក់។ លោក គង់ មុំ បានបន្ថែមដូច្នេះ។ 
 
អត្ថបទទាក់ទង
 
បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជា មានត្រឹមតែ២៥ភាគរយ ចំពោះបារីក្នុងស្រុក និង ៣១ភាគរយប៉ុណ្ណោះ ចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធរហូតដល់៧០ភាគរយ,  សិង្ហបុរី ៦៧,៥ភាគរយ និងភូមាពី៥០-៦០ភាគរយ និងវៀតណាម មានក្នុងរង្វង់៣៥ភាគរយ។
 
យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ ឆ្នាំ២០១៩ នៅពេលដែលកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់ដល់៧៥ភាគរយ នោះ កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម២៣៥លានដុល្លារ នារយៈពេល៥ឆ្នាំខាងមុខ។ ចំណូលនេះ នឹងកើនដល់ ៩៣៣លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ ទន្ទឹមនឹងការដំឡើងពន្ធថ្នាំជក់នេះ វានឹងកាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាព ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។ 
 
អង្គការសហប្រជាជាតិ បានបង្ហាញទៀតថា ពលរដ្ឋកម្ពុជាចំនួន១,៥ម៉ឺននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ ដូចជា៖ ជំងឺមហារីកសួត រលាកស្រោមខួរ ជាដើម។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ទឹកប្រាក់៦៤៩លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។ ក្នុងនោះ មាន៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ,ផលិតភាពធ្លាក់ចុះ ពីការសម្រាកទៅជក់បារី និង អវត្តមានពីការងារ…៕
 
 
 
 

Tag:
 ពន្ធ
  ថ្នាំជក់
  ស្រា
© រក្សាសិទ្ធិដោយ thmeythmey.com