ជាតិ
យុវជនសកម្ម សេវាល្អ
យុវជនខេត្តកំពង់ធំ បានទទួលចំណេះដឹងផ្នែកសរសេរ និងផលិតវីដេអូតាមទូរសព្ទដៃ
17, Mar 2022 , 4:59 pm        
រូបភាព
កំពង់ធំ ៖ សារព័ត៌មានថ្មីៗបានផ្តល់ការបណ្ដុះបណ្ដាលលើកទី២ លើជំនាញ«សរសេរ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទ» ដល់យុវជនចំនួន២៥នាក់ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី១២-១៣ ខែមីនា។ តំណាងយុវជនចំនួន៣នាក់ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ជួយឱ្យពួកគេទទួលបានចំណេះដឹងជាច្រើន  ពិសេសជំរុញឱ្យពួកគេមានភាពក្លាហានជាងមុន។ យុវជនទាំងនេះ  បានប្ដេជ្ញាយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តនៅសហគមន៍ ដើម្បីជំរុញការផ្តល់សេវាសាធារណៈនៅក្នុងសហគមន៍របស់ខ្លួនកាន់តែប្រសើរ។

 
 
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ដោយមានកិច្ចសហការរៀបចំដោយអង្គការអាក់សិនអេតប្រចាំកម្ពុជា  អង្គការតម្លាភាពកម្ពុជា និងអង្គការភាពជាដៃគូសង្គមស៊ីវិលកម្ពុជា(CCSP) ក្រោមការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។


 
វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោង«ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានគណនេយ្យភាព» ដែលកំពុងអនុវត្តរួមគ្នា ដោយអង្គការអង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពកម្ពុជា និងអង្គការដៃគូមួយចំនួនទៀត ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត(SIDA)។
 


គម្រោងនេះ មានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕
 



Tag:
 យុវជនសកម្ម សេវាល្អ
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com