ជាតិ
បទសម្ភាសន៍
វីដេអូ
អ្នករត់កង់បី ត្អូញត្អែរពីតម្លៃសាំង និងហ្គាសឡើងថ្លៃ ខណៈថ្លៃដឹកភ្ញៀវនៅដដែល
18, Mar 2022 , 9:59 am        
រូបភាព
ភ្នំពេញ៖ បច្ចុប្បន្ន តម្លៃសាំងធម្មតា និងម៉ាស៊ូត បានកើនដល់៥៣០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែមានតម្លៃ ៥ ៨០០រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃថ្មីនេះ ចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់បំណាច់ខែ។ ពាក់ព័ន្ធនឹងតម្លៃសាំងឡើងថ្លៃនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចអ្នករត់កង់បី ម៉ូតូឌុប តាក់ស៊ី និងអ្នករត់ កង់បីឥណ្ឌា មានការព្រួយបារម្ភ​ និងត្អួញត្អែរ ពីផលប៉ះពាល់ដល់ចំណូលរបស់ពួកគេ។


លោក អ៊ូ សាវន អ្នករត់កងបីនៅក្បែរផ្សារស្ទឹងមានជ័យ បានអះអាងថា បច្ចុប្បន្នមធ្យោបាយធ្វើដំណើររបស់ពលរដ្ឋមានច្រើនធ្វើឱ្យលោក ក៏ពិបាកស្រាប់ទៅហើយ ហើយពេលនេះ តម្លៃសាំងឡើងថ្លៃទៀតលោក រឹតតែពិបាក គ្មានប្រាក់សល់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ធនាគារឡើយ។ 
 
បុរសវ័យ៥៧ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«សាំងឡើងថ្លៃពិបាករកគ្រាន់តែម្សិលមិញឡើង៥ ៣០០រៀលក្នុងមួយលីត្រ អត់មានទាំងលុយចាក់ទៀត។
បើលុយរកបានតែ២ម៉ឺនរៀល ហូបបាយ និងចាក់សាំងអស់រលីង គ្មានបានអី។ ហើយឥឡូវសាំងឡើងថ្លៃហើយរកមិនបានអ៊ីចឹង»។ លោក បន្តថា បើតម្លៃសាំងនេះត្រឹម ៣ ០០០រៀលក្នុងមួយលីត្រគឺសមល្មមសម្រាប់លោក។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 

 
 
ចំណែកឯ លោក រស់ ឌីណា អ្នករត់កង់បីឥណ្ឌាម្នាក់ទៀតក៏ត្អួញត្អែរពីតម្លៃសាំងបច្ចុប្បន្នផងដែរ។ លោក អះអាងថា ទោះបីតម្លៃសាំងឡើងប៉ុន្តែតម្លៃដែលលោក ដឹកអតិថិជននោះ មិនឡើងដូចសាំងឡើយ។ «អ្នកជិះគេមិនគិតរឿងឡើងមិនឡើងទេ។
 
ធម្មតាភ្ញៀវ គេធ្លាប់ជិះ១ម៉ឺន គឺ១ម៉ឺន ៥ពាន់ គឺ៥ពាន់ហើយ គ្មានឡើងទេប៉ះពាល់តែយើងអ្នករត់ហ្នឹង អ្នកជិះគេមិនអីទេ»។ នេះជាការលើកឡើងរបស់លោកឌីណា អ្នករត់កង់បីឥណ្ឌា មកពីខេត្តតាកែវ។ លោក បញ្ជាក់បន្ថែមថា តម្លៃសាំង ឬហ្គាសឡើងថ្លៃនេះវាប៉ះពាល់ដល់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ធនាគារផងដែរ។


 
ងាកមកលោក ហាវ គាម ឯណេះវិញក៏មិនខុសគ្នាពីបុរសទាំង២នាក់ខាងលើនោះដែរ។ តម្លៃសាំង និងហ្គាសឡើងថ្លៃ ខណៈលោក រកចំណូលមិនសូវបានផងនោះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារលោកយ៉ាងខ្លាំង ។ «តម្លៃភ្ញៀវឱ្យនៅដដែលហើយហ្គាសឡើងថ្លៃ។ ពិបាក យើងរកអត់បាន អ៊ីចឹងរត់មិនរួចសម្រាប់ការចំណាយប្រចាំថ្ងៃ។ពីមុនអាចរកបាន៣-៥ម៉ឺនរៀលក្នុងមួយថ្ងៃ តែឥឡូវអត់បានទេ»។នេះជាការលើកឡើងរបស់លោក ហាវ គាម ដែលបន្តថា ពេលរកមិនបានដូច្នេះ លោក គ្មានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារឡើយ៕
 
 

Tag:
 សាំង
 ហ្គាស
 កង់បី
© រក្សាសិទ្ធិដោយ thmeythmey.com