ជាតិ
សេដ្ឋកិច្ច
ការប្រើប្រាស់កម្ចីចំគោលដៅនាំឱ្យអាជីវកម្មរីកចម្រើន និងគេចផុតពីអន្ទាក់បំណុល
18, Mar 2022 , 6:59 pm        
រូបភាព
លោក លន សាវុធ កំពុងដាំបន្លែតាមរោងដែលបានរៀបចំរួចនៅក្បែរផ្ទះ។
លោក លន សាវុធ កំពុងដាំបន្លែតាមរោងដែលបានរៀបចំរួចនៅក្បែរផ្ទះ។
សៀមរាប៖ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ រីកចម្រើនគួរឱ្យកត់សម្គាល់ ដោយពីមួយឆ្នាំទៅមួយឆ្នាំ ការផ្តល់ប្រាក់កម្ចី មានការកើនឡើង ទោះស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។ ពិតណាស់ កម្ចីជាដំណោះស្រាយដ៏ល្អ សម្រាប់អ្នកខ្វះខាតទុនក្នុងការពង្រីកអាជីវកម្ម ប៉ុន្តែការប្រើប្រាស់មិនចំគោលដៅ នឹងប្រែក្លាយកម្ចីទាំងនោះ ទៅជាបំណុល រហូតដល់អាចខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនថែមទៀតផង។ ការសិក្សាត្រឹមត្រូវ ផែនការច្បាស់លាស់ និងគំនិតច្នៃប្រឌិត គឺជាចំណែកជួយអាជីវកម្មរីកចម្រើន។

 
 
លោក លន សាវុធ ជាកសិករដាំបន្លែនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប។ សព្វថ្ងៃ លោកជាកសិករម្នាក់ដែលទទួលបានជោគជ័យលើការដាំបន្លែក្នុងរោងផ្ទះសំណាញ់ចំនួន៤ និងមានការអភិវឌ្ឍអាជីវកម្ម ខុសប្លែកពីកសិករក្នុងភូមិ ដែលបន្តដាំដុះតាមទម្លាប់បុរាណ។ ការគិតគូរវែងឆ្ងាយ ចង់បង្កើនចំណូលក្នុងគ្រួសារ និងមានគំនិតចង់អភិវឌ្ឍន៍អាជីវកម្ម លោក លន សាវុធ សម្រេចខ្ចីថវិកាពីធនាគារ។ 
 
កសិកររូបនេះលើកឡើងថា៖« បើអត់មានកម្ចីកាលណោះទេ វាអាចអត់អាចទប់ទល់ឈ្នះទេ ព្រោះកូនយើងរៀន៣នាក់ នៅសាកល [សាកលវិទ្យាល័យ] ដូច្នេះហើយយើងពិបាកក្នុងការរកលុយឱ្យកូនរៀន»។ 
 
នៅឆ្នាំ២០១៧ ធនាគារអេស៊ីលីដា បានសម្រេចតាមសំណើលោក លន សាវុធ ដោយផ្ដល់ប្រាក់កម្ចីចំនួន ១៥,០០០ដុល្លារ ដើម្បីពង្រីកកសិកម្មដាំបន្លែ។ កសិករវ័យ ៥៩ឆ្នាំរូបនេះ មានគោលដៅច្បាស់លាស់ ថាទុនដែលខ្លួនទទួលបានពីធនាគារ ពិតជាអាចផ្លាស់ប្ដូរ និងបង្កើនចំណូលដល់ក្រុមគ្រួសារលោកជាមិនខាន ដោយពេលនោះលោកបានយកទុនទៅរៀបចំចាក់ដី និងធ្វើរោងផ្ទះសំណាញ់នៅជាប់ផ្ទះ ដែលដើមឡើយ ជាវាលដីដាំបន្លែធម្មតា។
 

 កសិករ លន សាវុធ ឈរក្នុងរោងសំណាញ់បន្លែដែលលោកកំពុងដាំម្ទេស។
 
«ដំបូងឡើយ យើងធ្វើខ្នាតតូច ដល់រដូវធ្លាក់ភ្លៀងយើងធ្វើអត់កើត អ៊ីចឹងយើងត្រូវដាច់លុយ កាលណាយើងខ្ចីលុយពីគេតិចតួច ដើម្បីឱ្យកូនរៀន យើងរកមិនទាន់ផង យើងត្រូវវេរត្រឡប់ច្រើនទៅវិញ ចឹងទៅកាន់តែអស់ទ្រព្យសម្បត្តិច្រើន យើងគិតឃើញថា បើខ្ចីៗឱ្យធំដុំតែម្ដង កាលណោះវាច្រើនដែរ មិនដែលហ៊ានខ្ចីពីមុន»។ នេះជាការរំឭកបន្ថែមរបស់កសិករ លន សាវុធ ពេលលោកសម្រេចខ្ចីថវិកាពីធនាគារ ដើម្បីពង្រីកអាជីវកម្ម និងសម្រេចគោលដៅរបស់ខ្លួន។
 
ការមានផែនការច្បាស់លាស់ និងដាក់ចិត្តដើម្បីអភិវឌ្ឍន៍អាជីវកម្មខ្លួនថាពិតជាអាចធ្វើបាន ហើយជួយឱ្យលោក លន សាវុធ ចាប់ផ្តើមទទួលជោគជ័យដូចអ្វីដែលលោករំពឹងទុក។ មិនយូរប៉ុន្មាន អាជីវកម្មនេះពិតជាទទួលបានផលដូចអ្វីដែលរំពឹងទុក ហើយលោកមានលទ្ធភាពបង់សងត្រឡប់ទៅធនាគារវិញក្នុងមួយខែ ៣០០ដុល្លារ ដោយមិនមានភាពរាំងស្ទះអ្វីឡើយ។ យ៉ាងណា លោកណែនាំដល់ពលរដ្ឋដទៃ ត្រូវស្មោះត្រង់ជាមួយភាគីធនាគារ ដោយមិនមែនចេះតែខ្ចីៗនោះទេ មិនដូច្នោះទេ អាចនឹងអស់ទ្រព្យសម្បត្តិ [ទ្រព្យបញ្ចាំ] ផ្ទាល់ខ្លួនថែមទៀត។
 
ហេតុការណ៍មិននឹកស្មានដល់ បានកើតឡើងលោកគ្រួសារអ្នកស្រី ហេង ចរិយា ដោយអគ្គិភ័យបានឆាបឆេះគេហដ្ឋាន និងហាងលក់ទូរសព្ទរបស់អ្នកស្រី នាអំឡុងឆ្នាំ ២០១៥ ក្នុងឧបទ្ទវហេតុផ្ទុះចង្រ្កានហ្គាស។ ទ្រព្យសម្បត្តិទាំងអម្បាលម៉ាន បានបាត់បង់មួយរំពេច។ អ្នកស្រី ចរិយា ទួញសោកជាខ្លាំង មិនគួររឿងសោកសៅបែបនេះកើតលើគ្រួសារខ្លួន ហើយសោកស្ដាយទ្រព្យសម្បត្តិដែលខំរកដោយលំបាកនាពេលកន្លងមក។
 
មានវ័យ៣៨ឆ្នាំ អ្នកស្រី ចរិយា បានរំឭករឿងសោកសៅថា៖ « កាលណោះ ខ្ញុំឈឺ២ឆ្នាំ និងតែងអង្គុយយំ និងរងការមើលងាយពីគេ តែក្រោយមកខ្ញុំបានចូលរួមសិក្ខាសាលាស្ដីពីអាជីវកម្ម គេនិយាយថា ប្រសិនបើយើងជាក្រដាស [លុយ] ១ដុល្លារ ប្រសិនយើងយកវាទៅជាន់នឹងជើង ហើយលើកមកវិញ វានៅតែ១ដុល្លារដដែល...នៅតែអាចទិញកាហ្វេមួយកែវបានដដែល អ៊ីចឹងទោះបីជាអ្នកបាត់បង់អ្វីគ្រប់យ៉ាង តែអ្វីដែលអ្នកនៅគឺចំណេះដឹងហ្នឹងឯង គឺអាចបង្កើតវាសាជាថ្មីបាន»។
 


អ្នកស្រី ហេង ចរិយា ម្ចាស់អាជីវកម្ម ចរិយាស្តរ។
 
ពាក្យពេចន៍ទាំងអស់នោះ បានរុញច្រានទឹកចិត្តអតីតគ្រូបង្រៀនរូបនេះ ឱ្យខំងើបឈរឡើងវិញ។ គ្រួសារមួយនេះ សម្រេចខ្ចីថវិកាពីធនាគារចំនួន ២ម៉ឺនដុល្លារ ដោយមួយផ្នែកសម្រាប់សង់ផ្ទះឡើងវិញ និងសល់៥ពាន់ដុល្លារទៀតរៀបចំលក់ឥវ៉ាន់ចាប់ហួយ និងលក់ទឹកក្រឡុកតាមរទេះនៅផ្សារចាស់។ ជាបន្តបន្ទាប់ របរនេះកាន់តែជោគជ័យ និងរីកចម្រើនទៅមុខ។ ទោះបីជារបរតូច តែអ្នកស្រី ចរិយា បានបង្កើនរទេះលក់ទឹកក្រឡុកពីរបីកន្លែងបន្ថែម។ ចំណុចរីកចម្រើននេះ ធ្វើឱ្យធនាគារមានទំនុកចិត្តកាន់តែខ្លាំង និងព្រមឱ្យគ្រួសារអ្នកស្រី ចរិយា ទទួលបានកម្ចីបន្ថែម ៥ម៉ឺនដុល្លារអាមេរិកទៀត។
 
អ្នកស្រី ចរិយា រៀបរាប់ទៀតថា៖« កម្ចីធនាគារពេលនោះ ពិតជាសំខាន់មែន ប្រសិនគ្មានកម្ចីនោះទេ បងមិនដឹងរកពីខាងណាដើម្បីកសាងវិញទេ ប៉ុន្តែយើងត្រូវច្បាស់ខ្លួនឯងថា ប្រសិនយក២ម៉ឺនមក បង់៣០០ជាង [ក្នុងមួយខែ] តើមានសមត្ថភាពបង់ទេ? ពេលនោះខ្ញុំច្បាស់តែម្ដង អាចមានលទ្ធភាពបង់»។ 
 
បច្ចុប្បន្នម្ចាស់អាជីវកម្ម ចរិយាស្ដរ របស់អ្នកស្រី ចរិយា បានបង្កើតរបរច្រើនមុខ ដូចជាអង្ករធម្មជាតិស្រុកយើង ស្ករត្នោត និងរបស់កែច្នៃច្រើនមុខទៀត ដែលជួយឱ្យគ្រួសារសហគ្រិនស្រ្តីរូបនេះ មានចំណូលដ៏ប្រសើរមួយ។ សម្បុរស្រអែម អ្នកស្រី ចរិយា ក្នុងទឹកមុខញញឹមញញែមបាននិយាយថា ការរីកចម្រើនអាជីវកម្មអ្នកស្រីបច្ចុប្បន្ន គឺកើតឡើងដោយសារទុនកម្ចីពីធនាគារនៅពេលនោះ។ អ្នកស្រីថា៖« អ្វីទាំងអស់ ដែលយើងរីកការរកស៊ីច្រើន ក៏ដោយសារទុនធនាគារហ្នឹងដែរ»។
 
ក្នុងបន្ទប់ការិយាល័យតូចល្មម ក្នុងនោះអ្នកស្រី រ៉ា យ៉ា ម្ចាស់ក្លឹបហែលទឹក សឺវ៉ាយវ៉ល កំពុងរៀបរាប់ពីផលិតផលអាជីវកម្មរបស់អ្នកស្រី។ សហគ្រិនរូបនេះបានបង្កើតក្លឹបហែលទឹកដំបូងគេនៅខេត្តសៀមរាប នៅអំឡុងឆ្នាំ ២០១៨។
 
ជាប្រភេទអាជីវកម្មថ្មី និងពិបាកក្នុងការឱ្យប្រជាជនស្គាល់ តែមួយរយៈក្រោយមក ដោយភាពជឿជាក់នៃសេវាកម្មនេះ គេចាប់ផ្តើមស្គាល់ និងឱ្យតម្លៃកីឡាមួយនេះ។ តែអំឡុពេលអាជីវកម្មកំពុងដំណើរការល្អ ស្រាប់តែមានការរំខានដោយសារវិបត្តិជំងឺកូវីដ-១៩។ ម្ចាស់អាជីវកម្ម អ្នកស្រី រ៉ា យ៉ា មានប្រសាសន៍ថា ដៃគូសហការតាមសណ្ឋាគារ ចាប់ផ្តើមផ្អាកអាជីវកម្មពួកគេ ដែលពេលនោះធ្វើឱ្យក្លឹបហែលទឹកនេះ នៅចំណុចមួយឈានដល់ការបិទទ្វារដូចគ្នា។ ដើម្បីបន្តដង្ហើមអាជីវកម្មខ្លួនទៅមុខទៀត ម្ចាស់អាជីវកម្មមួយនេះ សម្រេចស្នើសុំកម្ចីពីធនាគារ ហើយគេក៏ព្រមឱ្យកម្ចី។ 
 

អ្នកស្រី រ៉ា យ៉ា ម្ចាស់ក្លឹបហែលទឹក សឺវ៉ាយវ៉ល។ 
 
អ្នកស្រី រ៉ា យ៉ា រំឭកថា៖« ពេលនោះយើងយក [កម្ចី] មកដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងក្រុមហ៊ុន យើងបានស្នើទៅធនាគារដើម្បីជួយយើង យើងក៏អរគុណខ្លាំងមែនទែន ព្រោះអាជីវកម្មនៅពេលនោះ វាកំពុងតែទៅមុខហើយ ក្នុងកាលៈទេសៈកូវីដ យើងត្រូវធ្វើយ៉ាងម៉េចឱ្យដំណើរការក្រុមហ៊ុនបន្តទៀតសិន ព្រោះនោះគិតថា គេក៏មានការលើកទឹកចិត្តយើងទាក់ទងនឹងធនាគារ [កម្ចី] ។
 
នៅពេលដែលកម្ចីមួយចំនួនក្លាយជាបំណុល 
 
ក្នុងខែ មិថុនា ឆ្នាំ២០២១ អង្គការក្រៅរដ្ឋាភិបាលចំនួន២ គឺអង្គការសមធម៌ និងអង្គការលីកាដូ បានចេញរបាយការណ៍ស្ដីពី «សិទ្ធិទទួលបានការអនុគ្រោះ សំឡេងសហគមន៍ដីធ្លីដែលជាប់ជំពាក់បំណុល»។ របាយការណ៍នោះបង្ហាញថា សហគមន៍ជាប់ក្នុងជម្លោះដីធ្លីចំនួន១៤ កំពុងមានបញ្ហាជាប់បំណុលវ័ណ្ឌក ដែលប្រឈមនឹងការបាត់បង់ដីធ្លី ឬទ្រព្យសម្បត្តិផ្សេងៗ។ 
 
របាយការណ៍ដដែលបង្ហាញថា ពលរដ្ឋខាងលើបានយកកម្ចីមកសងបំណុល ព្យាបាលជំងឺ ចំណាយលើការសិក្សាកូន និងបង្កើតរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពួកគេមិនបានទទួលសេវាសាធារណៈគ្រប់គ្រាន់ ដូចជាថែទាំសុខភាព និងការអប់រំ ដែលគួរជាអាទិភាពដែលរាជរដ្ឋាភិបាលផ្តល់ជូន។
 

លោក អំ សំអាត អនុប្រធានអង្គការ លីកាដូ។ រូបភាព៖ លីកាដូ
 
អនុប្រធានអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ និង២០២១ កម្ចីជាមធ្យមរបស់ប្រជាពលរដ្ឋក្នុងមួយគ្រួសារ ដែលសង្គមស៊ីវិលរកឃើញ ក្នុងមួយកម្ចីមានជាង ៤ពាន់ដុល្លារ គឺខ្ពស់ជាងចំណូលប្រចាំឆ្នាំដែលមានប្រមាណជាង ២ពាន់ដុល្លារប៉ុណ្ណោះ។ បញ្ហានេះ ធ្វើឱ្យពួកគេប្រឈមនឹងបំណុលធ្ងន់ធ្ងរ ដែលអាចឈានដល់ការលក់ដីធ្លី ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗដើម្បីសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
 
មន្រ្តីអង្គការលីកាដូរូបនេះបន្ថែមថា បញ្ហាបំណុលជំរុញឱ្យមានចំណាកស្រុកខុសច្បាប់កាន់តែច្រើន ការកាត់បន្ថយរបបអាហារ និងកំណើននៃការបោះបង់ការសិក្សារបស់យុវជនមួយចំនួន ដោយប្រឹងធ្វើការរកលុយសងបំណុល។
 
បំណុលវ័ណ្ឌកដែលសង្គមស៊ីវិលបង្ហាញការព្រួយបារម្ភចំពោះក្រុមសហគមន៍ខាងលើ ដោយសារកម្ចីភាគច្រើន មិនបានប្រើប្រាស់ចំគោលដៅ ឬដើម្បីបង្កើតមុខរបរខ្នាតតូច និងមធ្យមទេ តែជាកម្ចីដើម្បីធ្វើផ្ទះ ទិញដី ទិញម៉ូតូ ព្យាបាលជំងឺជាដើម ដែលផ្ទុយពីគោលការណ៍មីក្រូហិរញ្ញវត្ថុ ដែលចែងថា កម្ចីដើម្បីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។ យ៉ាងណា លោក អំ សំអាត លើកឡើងថា មានកម្ចីខ្លះសម្រាប់របរកសិកម្មដែរ តែពេលធ្វើបានផលហើយ កសិករជួបបញ្ហាទីផ្សារ ទើបធ្វើឱ្យពួកគេប្រឈមនឹងការលក់ដីធ្លីមួយចំនួន ដើម្បីសងបំណុល។ 
 
កំហុសអ្នកណា?
 
នៅពេលសួរថា តើជាកំហុសភាគីមួយណា? លោក អំ សំអាត ពន្យល់ថា៖« ខ្ញុំមើលទៅកំហុសទាំង២ ប៉ុន្តែកំហុសធ្ងន់ គឺទៅលើការប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីឥណទានមួយចំនួន យើងដឹងហើយគោលការណ៍របស់មីក្រូហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី គេត្រូវមានលក្ខខណ្ឌធ្វើម៉េចដើម្បីបង្កើនមុខរបរពួកគេជាចំណូល ហើយអាចមានលទ្ធភាពក្នុងការសងត្រឡប់វិញ គាត់អាចមានការធូរធារក្នុងជីវភាព...បើទាក់ទងនឹងវិស័យកសិករ ក៏ត្រូវមានការបណ្ដុះបណ្ដាលទៀត។ មន្រ្តីឥណទានមួយចំនួនមិនបានធ្វើទេ ខ្ចីលុយទៅធ្វើផ្ទះក៏គាត់ឱ្យ ខ្ចីទៅទិញម៉ូតូក៏ឱ្យ ខ្ចីលុយទៅមើលជំងឺក៏ឱ្យ ស្អីក៏ឱ្យ ដល់ទៅចឹងធ្វើឱ្យប៉ះពាល់ទៅលើការរកចំណូល និងការសងទៅវិញ»។
 
ប្រធានសមាគមធនាគារនៅកម្ពុជា (ABC)  លោក អ៊ិន ចាន់នី បានច្រានចោលចំពោះការលើកឡើងថា ធនាគារផ្តល់កម្ចីទៅប្រជាពលរដ្ឋមិនចំគោលដៅ និងធ្វើឱ្យពួកគាត់មានបំណុលធ្ងន់ធ្ងរ។ លោកពន្យល់ថា គ្រប់ធនាគារគឺបានបណ្ដុះបណ្ដាលបុគ្គលិកក្នុងការផ្តល់សេវាដល់អតិថិជន និងជ្រើសរើសអតិថិជនឱ្យបានត្រឹមត្រូវ មិនមែនចេះតែផ្តល់ឱ្យនោះទេ។ លោកបន្ថែមថា គ្រប់ធនាគារ មិនចង់ឃើញអតិថិជនខ្លួនបរាជ័យទេ គឺប្រាថ្នាចង់ឱ្យពួកគេជោគជ័យ ព្រោះការរីកចម្រើរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយការរីកចម្រើនរបស់អតិថិជន។ 
 
ផ្ទុយពីការយល់ថាកម្ចីជាបំណុល ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា វិស័យធនាគារកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 
 
បើតាមលោក អ៊ិន ចាន់នី ក្នុងឆ្នាំ ២០២១ កម្ចីឥណទានសរុបទាំងអស់ក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនប្រមាណ ៣៩ប៊ីលានដុល្លារអាមេរិក។ លោកថា ទុនទាំងនេះបានចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពិសេសធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ នាពេលបច្ចុប្បន្ន។ 
 


លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា។ រូបភាព៖ សមាគមធនាគារនៅកម្ពុជា
 
ប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បន្តពន្យល់ពីការរួមចំណែករបស់វិស័យធនាគារ ក្នុងការជួយប្រជាពលរដ្ឋ ពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ នេះ ដោយកម្ចីមួយផ្នែកត្រូវបានអនុគ្រោះដល់ពលរដ្ឋដែលប្រឈមខ្លាំងដោយសារវិបត្តិជាសកលនេះ។ 
 
លោកបានលើកឡើងថា៖« នៅដាច់ឆ្នាំ២០២១ ឥណទានដែលផ្តល់សរុបមានទឹកប្រាក់ក្នុងវិស័យធនាគារសុទ្ធ មាន៣៧ប៊ីលានដុល្លារ រីឯប្រាក់បញ្ញើវិញមានប្រមាណជា ៣៤ប៊ីលានដុល្លារ ហើយឥណទានដែលអនុគ្រោះដោយសារកូវីដមាន ៥,៥ប៊ីលានដុល្លារ ចំនួនអតិថិជន ៣៨ម៉ឺនគណនី បើគិតជាភាគរយនៃចំនួនដែលយើងធ្វើការអនុគ្រោះ មាន១៣ភាគរយ នៃឥណទានសរុប ៣៧ប៊ីលានដុល្លារ»។
 
បន្ថែមពីនេះ តាមការបញ្ជាក់ពីលោក អ៊ិន ចាន់នី ការអនុគ្រោះការសងត្រឡប់វិញ គឺអាស្រ័យតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារនីមួយៗ តែជារួមភាគីធនាគារមិនមានការចាប់បង្ខំឱ្យអតិថិជនសងទេ គឺវិនិច្ឆ័យលើលទ្ធភាពសងជាក់ស្ដែង ក្នុងនោះក៏មានការពន្យារពេលនៃការសងត្រឡប់ផងដែរ។ ក្នុងឆ្នាំ២០២១ ឥណទានរបស់ធនាគារដែលយឺតយ៉ាវសងមិនទាន់កំណត់ មាន ២.៥ភាគរយ ក្នុងនោះមានអ្នកដែលអនុគ្រោះ និងអ្នកដែលមិនមានលទ្ធភាពសងសោះផងដែរ។ នេះជាការបញ្ជាក់របស់លោក អ៊ិន ចាន់នី មកកាន់សារព័ត៌មានថ្មីៗ។ 
 
លោក អំ សំអាត មិនបានបដិសេធពីការរីកចម្រើនសេដ្ឋកិច្ចសង្គម តាមរយៈការផ្តល់កម្ចីរបស់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដល់ពលរដ្ឋនោះទេ។ លោកគ្រាន់តែចង់ឃើញធនាគារ និងមីក្រូហិរញ្ញវត្ថុ ពង្រឹងគោលនយោបាយ ឬក្រមសីលធម៌ក្នុងការផ្តល់កម្ចី ព្រោះថា កម្ចីខ្លះពិតជាអាចរងផលប៉ះពាល់សម្រាប់កម្ចីទៅវិញ ដោយសារការផ្តល់មិនចំគោលដៅ ដែលធ្វើឱ្យពលរដ្ឋរងគ្រោះបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ 
 
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់ធនគារជាតិនៃកម្ពុជា វិស័យធនាគារនៅមានកំណើន ទោះបីរងសម្ពាធនៃឥទ្ធិពលវិបត្តិជំងឺកូវីដ-១៩ក្ដី។ ក្នុងនោះទ្រព្យសកម្មរបស់ធនាគារកើតឡើង ១៦ភាគរយ ឥណទានកើនប្រមាណ ២១ភាគរយ ដែលបច្ចុប្បន្នកើនដល់ ៣,៣ លានគណនី។ 
 
ជាមួយគ្នានោះ ប្រាក់បញ្ញើអតិថិជនកើតជាង ១៥ភាគរយ និងដើមទុនកើន ១៨ភាគរយ។ រីឯ ការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានជាង៣៧ម៉ឺន គណនី ស្មើនឹង ៥,៥ ប៊ីលានដុល្លារអាមេរិក ដែលរួមចំណែកសម្រាលបន្ទុកប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុន ឬសហគ្រាសដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩៕
 
  
 
 
 

Tag:
 កម្ចី
  វិស័យធនាគារ
  អ៊ិន ចាន់នី
  អំ សំអាត
© រក្សាសិទ្ធិដោយ thmeythmey.com