ពីបញ្ញើតាមមនុស្ស ទៅបញ្ញើតាមបណ្តាភ្នាក់ងារដាក់-ដកប្រាក់ តាមបណ្តាសាខាធនាគារ និងមីក្រូហិរញ្ញវត្ថុ តាមម៉ាស៊ីនអេឡិចត្រូនិក (ទូ ATM) ហើយឈានដល់ការផ្ទេរ និងទូទាត់ប្រាក់លើប្រតិបត្តិការតាមទូរសព្ទដៃ (Mobile app)។ ទាំងនេះ ជាការវិវត្តនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដែលបង្កលក្ខណៈកាន់តែងាយស្រួល រហ័ស ចំណាយតិច ព្រមទាំងសុវត្ថិភាព ដោយទាំងស្ថាប័នរដ្ឋ និងឯកជនរួមគ្នាកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ក្លាយជាពលរដ្ឋឌីជីថលដោយមិនដឹងខ្លួន
ជាអ្នកស៊ីឈ្នួលថែទាំ និងប្រមូលផលដំណាំចន្ទី ម្រេច និងកៅស៊ូ នៅឯខេត្តត្បូងឃ្មុំ អ្នកស្រី ដួង សុខលីម មានគណនីសន្សំប្រាក់ផ្ទាល់ខ្លួនមួយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ ចំណូលបន្តិចបន្តួចដែលបានពីកម្លាំងពលកម្ម អាចជួយឱ្យអ្នកស្រី សុខលីម ដោះស្រាយតម្រូវការប្រចាំថ្ងៃ ហើយអ្នកស្រីអាចសន្សំ និងទប់ទល់ការចំណាយបន្ថែមទៀត ដោយសារការផ្តល់ជូនជារៀងរាល់ខែពីសំណាក់កូនៗរបស់ខ្លួននៅភ្នំពេញ និងខេត្តព្រះសីហនុ។
អ្នកស្រី ដួង សុខលីម កំពុងប្រលេះយកគ្រាប់ចន្ទី នៅក្នុងចម្ការចន្ទីមួយកន្លែងនៅខេត្តត្បូងឃ្មុំ។
«ស្រួលណាស់ សព្វថ្ងៃ ខ្ញុំមិនចាំបាច់កត់លេខកូដលើក្រដាស ឬយកទូរសព្ទទៅផ្ទៀងផ្ទាត់លេខនៅកន្លែងភ្នាក់ងារវេរលុយទៀតឡើយ។ គ្រាន់តែកូនតេ [ហៅទូរសព្ទ] ប្រាប់ភ្លាម ខ្ញុំអាចឆែកទូរសព្ទបានភ្លាមដើម្បីផ្ទៀងចំនួនលុយ»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុខលីម ដោយរំលឹកថា កន្លងមកធ្លាប់ខាតពេលវេលាច្រើន ដោយសារកត់លេខកូដខុស ហើយពេលខ្លះភ្លេចយកទូរសព្ទ ទៅផ្ទៀងផ្ទាត់លេខនៅភ្នាក់ងារវេរលុយថែមទៀតផង។
អ្នកម្តាយវ័យ៤៩ឆ្នាំរូបនេះ បានបញ្ជាក់ថា គាត់មិនដឹងអ្វីជាឌីជីថលនោះឡើយ ប៉ុន្តែគាត់ចេះពីរបៀបប្រើប្រាស់ App ក្រោយឆ្លងកាត់ការពន្យល់ណែនាំពីខាង អេ អឹម ខេ និងកូនៗរបស់ខ្លួនផ្ទាល់។ គាត់បានអះអាងថា៖ «ខ្ញុំចេះឆែកមើលទឹកលុយដែលកូនផ្ញើមក និងមើលមុខងារទូទាត់ផ្សេងៗនៅក្នុង App»។
ដ្បិតមានសមត្ថភាព និងចំណេះដឹងប្រើប្រាស់ App ក៏ដោយ ប៉ុន្តែអ្នកស្រី សុខលីម មិនសូវមានប្រតិបត្តិការដកប្រាក់នោះឡើយ ព្រោះគាត់ចង់សន្សំទុកឱ្យកូនៗវិញ និងប្រើពេលមានតម្រូវការចាំបាច់ ជាពិសេសបញ្ហាសុខភាព ឬគ្រោះថ្នាក់ជាយថាហេតុណាមួយ។
«រាល់ថ្ងៃ ខ្ញុំនិងប្តី រកបានសមរម្យសម្រាប់ទប់ទល់ការចាយវាយប្រចាំថ្ងៃ និងចំណាយនានា ដែរ។ អ៊ីចឹង! លុយដែលកូនផ្ញើឱ្យនោះ ខ្ញុំចង់សន្សំទុកមើលជំងឺពេលចាស់ ឬគ្រោះថ្នាក់ផ្សេងៗ ព្រោះអនាគតយើងមើលមិនឃើញទេ»។ នេះជាការរៀបរាប់របស់អ្នកស្រី សុខលីម ដោយបញ្ជាក់ថា គាត់ទទួលបានជាមធ្យម១៥០ដុល្លារក្នុងមួយខែពីកូនស្រីទាំងពីរនាក់ ដោយម្នាក់បម្រើការនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ និងម្នាក់ទៀត គឺបម្រើការងារនៅកាស៊ីណូមួយកន្លែងក្នុងខេត្តព្រះសីហនុ។
ប្រតិបត្តិការកាន់តែទូលាយ
បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្យាយាមបន្ទាន់សម័យសមត្ថភាពកម្មវិធី Mobile app របស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់លើសេវាកម្មផ្ទេរ-ទទួលលុយ ការទូទាត់ផ្សេងៗ រហូតដល់ការប្រើប្រាស់ QR Code។ ក្រៅពីអាចប្រតិបត្តិក្នុងប្រព័ន្ធតែមួយ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ក៏បានសហការគ្នាផងដែរ លើប្រតិបត្តិការសាច់ប្រាក់។
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា(ABC) ។ ប្រភពរូបថត៖ ABC
លោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា(ABC) និងជាអគ្គនាយកធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា កម្ពុជាបានចាប់យកយ៉ាងរហ័សនូវការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសប្រតិបត្តិការផ្ទេរ និងទូទាត់ប្រាក់នារយៈពេល២ឆ្នាំចុងក្រោយនេះ។
លោកបានលើកឡើងថា៖ «ចំនួនធនាគារដែលមានសេវាឌីជីថលទំនើប មានកំណើនខ្លាំងមែនទែន ដែលពីដើមឡើយនៅតាម Bank Counter [បញ្ជរ] គឺមានប្រតិបត្តិការច្រើន។ ប៉ុន្តែឥឡូវនេះ ប្រតិបត្តិការនៅតាម Bank Counter គឺមានត្រឹមប្រមាណ១០ភាគរយប៉ុណ្ណោះនៃប្រតិបត្តិសរុប។ អ៊ីចឹង! ប្រតិបត្តិការជាង៩០ភាគរយទៀតគឺប្រើប្រាស់តាម Mobile App»។
បាគងប្រព័ន្ធថ្នាក់ជាតិ ដែលជាអន្តរការី នៃប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុ
ដំណើរការពីខែតុលា ឆ្នាំ២០២០មក ប្រព័ន្ធបាគង បានដើរតួនាទីជាអន្តរការី ក្នុងការតភ្ជាប់ធនាគារទៅធនាគារ ពីធនាគារទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬទៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ រួមទាំងមធ្យោបាយទូទាត់ប្រាក់ដោយមិនចាំបាច់មាន QR Code ច្រើន។
«ការអភិវឌ្ឍប្រព័ន្ធបាគងនេះឡើង គឺដើម្បីជួយផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលពុំមានលទ្ធភាពប្រើប្រាស់កម្មវិធីទូទាត់ចល័ត។ គ្រឹះស្ថានទាំងនោះ អាចប្រើមុខងារបាគងបន្ថែមសម្រាប់ឱ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់ប្រាក់បានកាន់យ៉ាងងាយស្រួល ដោយពុំចាំបាច់ចំណាយធនធានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ»។ នេះជាការបញ្ជាក់របស់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា(NBC) និងជាអ្នកផ្តួចផ្តើមអភិវឌ្ឍប្រព័ន្ធបាគងនេះឡើង។
កញ្ញា សែម កញ្ញា បង្ហាញទូរសព្ទដៃនៃការផ្ទេរប្រាក់ពីគណនីABA ទៅ គណនី អេ អឹម ខេ តាមប្រព័ន្ធបាគង។
ជាអ្នកប្រើប្រាស់ម្នាក់អស់រយៈពេលជាងមួយឆ្នាំ កញ្ញា សែម កញ្ញា បានលើកឡើងពីភាពងាយស្រួល និងមិនស្មុគស្មាញក្នុងការស្វែងរកសេវាកម្មភ្នាក់ងារដាក់-ដក ប្រាក់ដូចមុន។ កញ្ញាវ័យ២៥ឆ្នាំ ដែលជាកូនច្បងរបស់អ្នកស្រី សុខលីម តែងតែផ្ញើប្រាក់ជារៀងរាល់ខែជូនម្តាយខ្លួន ចេញពីគណនីធនាគារ ABA ទៅកាន់គណនី អេ អឹម ខេ តាមរយៈប្រព័ន្ធបាគង។
«ការផ្ទេរលុយឆ្លងធនាគារតាមបាគងនេះ គឺលឿន ដូចតែយើងផ្ទេរលុយពី ABA ទៅ ABA ដែរ ហើយសេវាអស់តិច»។ នេះជាការបញ្ជាក់របស់ កញ្ញា សែម កញ្ញា ដែលកំពុងបម្រើការនៅភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញ ដោយកាលពីមុន កញ្ញា ត្រូវរង់ចាំរហូតស្ងាត់ភ្ញៀវ ទើបអាចជិះម៉ូតូចេញក្រៅ ដើម្បីយកប្រាក់ទៅផ្ញើម្តាយតាមរយៈភ្នាក់ងារវេរលុយ។
បន្ថែមពីលើនេះ លោកស្រី ជា សិរី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ប្រព័ន្ធបាគងក៏បានចូលរួមចំណែកដល់ការសម្រួលការផ្ទេរប្រាក់ឆ្លងដែន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងស្រុក ជាពិសេសចំពោះពលករចំណាកស្រុកដែលធ្វើការនៅក្រៅប្រទេស។
តាមរបាយការណ៍ប្រចាំឆ្នាំ២០២១របស់ធនាគារជាតិនៃកម្ពុជា(NBC) ប្រព័ន្ធទូទាត់បាគង មានគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុចំនួន ៥៥ជាសមាជិក ដោយក្នុងនោះ មាន២៧គ្រឹះស្ថាន បានដាក់ដំណើរការនូវប្រព័ន្ធនេះ។ រីឯ ២៨គ្រឹះស្ថានទៀត កំពុងរៀបចំសិក្សា និងធ្វើសន្ធានកម្មតភ្ជាប់ប្រើប្រាស់ប្រព័ន្ធ។
របាយការណ៍ដដែលបង្ហាញថា ប្រព័ន្ធបាគង មានអតិថិជនជាង២៥០ពាន់គណនី ដែលចុះឈ្មោះប្រើប្រាស់។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា(NBC) និងជាអ្នកផ្តួចផ្តើមអភិវឌ្ឍប្រព័ន្ធបាគង។ ប្រភពរូបថត៖ NBC
ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រព័ន្ធបាគងបានរួមចំណែកលើកកម្ពស់ និងសម្រួលការទូទាត់ជាអេឡិចត្រូនិកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ (People to People_P2P) ដោយពុំប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់ ហើយអតិថិជនអាចទូទាត់ថ្លៃទំនិញអនឡាញពីចម្ងាយ និងផ្តល់ជម្រើសច្រើន ងាយស្រួលក្នុងការធ្វើប្រតិបត្តិការដាក់ប្រាក់/ដកប្រាក់ ចេញ-ចូល គណនីធនាគារ និងអ៊ីវ៉ាឡេត (E-Wallet) ទៅវិញទៅមក។
កាលពីឆ្នាំ២០២១ ប្រតិបត្តិការដែលធ្វើឡើងតាមប្រព័ន្ធបាគង មានចំនួន៥,៧លានប្រតិបត្តិការ។ ក្នុងនោះ មាន១,២លានប្រតិបត្តិការ ជាប្រាក់រៀល និង៤,៥លានប្រតិបត្តិការទៀត គឺជាប្រាក់ដុល្លារ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការប្រតិបត្តិការតាមប្រព័ន្ធបាគងនេះ មានទំហំសាច់ប្រាក់សរុបប្រមាណ ២ ៣០០លានដុល្លារ ដោយក្នុងនោះមាន ទំហំសាច់ប្រាក់ប្រតិបត្តិការជាប្រាក់រៀល មានចំនួន១,៧ ទ្រីលានរៀល និងជាប្រាក់ដុល្លារមានចំនួន ១,៩ប៊ីលានដុល្លារ។
ជុំវិញដំណើការនៃប្រព័ន្ធបាគងនេះ លោក អ៊ិន ចាន់នី បានវាយតម្លៃខ្ពស់ថា ប្រព័ន្ធនេះពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការទូទាត់ប្រាក់តាមបែបឌីជីថល នៃវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រធានសមាគមធនាគារកម្ពុជា(ABC) បន្ថែមថា៖ «បាគង ជាមធ្យោបាយមួយដែលធ្វើឱ្យប្រព័ន្ធរបស់ធនាគារទាំងអស់ហ្នឹង ក្លាយជាសមាជិករបស់បាគងហើយអតិថិជនអាចជ្រើសរើសការទូទាត់បានតាមរយៈមធ្យោបាយទូទាត់តែមួយទេ ដែលមាន QR Code តែមួយដូចគ្នា»។
បើតាម លោក គា បូរាណ នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ប្រព័ន្ធបាគងនេះ ពិតជាជួយអតិថិជនរបស់អេ អឹម ខេ ក៏ដូចជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអេ អឹម ខេ ផ្ទាល់ អាចមានលទ្ធភាពឱ្យអតិថិជនរបស់ខ្លួនផ្ទាល់ ធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថានបាន ដោយឥតថ្លៃសេវា។
លោក គា បូរាណ នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCMA។ ប្រភពរូបថត៖ CMA
លើសពីនេះ តាមរយៈបាគងនេះ អតិថិជនអេ អឹម ខេ អាចទទួលប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងបានដែរ។ លោក គា បូរាណ បានបញ្ជាក់ថា៖«បើអតិថិជនអេ អឹម ខេ មានដៃគូអាជីវកម្ម ឬមួយក៏មានសាច់ញាតិដែលគណនីនៅធនាគារផ្សេង នោះ អតិថិជនរបស់យើងក៏អាចទទួលសាច់ប្រាក់ពីសាច់ញាតិ ឬដៃគូអាជីរកម្មរបស់ខ្លួនបានផងដែរ។ អ៊ីចឹង! នេះគឺជាការងាយស្រួលមែនទែនសម្រាប់អតិថិជន»។
ផ្អែកទៅតាមសម្ទុះនៃការប្រើប្រាស់ប្រព័ន្ធទូទាត់តាមរយៈបាគងនេះ លោកស្រី ជា សិរី បានបង្ហាញនូវមោទកភាព ដែលកម្ពុជាក្លាយជាប្រទេសមួយចំណោមប្រទេសដំបូងគេដែលបានអភិវឌ្ឍប្រព័ន្ធទូទាត់ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយនេះ ហើយបានដាក់ឱ្យដំណើរការមុនគេ ក្នុងគោលដៅបង្កើនភាពងាយស្រួលក្នុងការទូទាត់ និងគៀរគរប្រជាជនឱ្យប្រើប្រាស់ប្រព័ន្ធធនាគារក្នុងជីវភាពប្រចាំថ្ងៃឱ្យច្រើន។
ពង្រឹងបណ្តាញ និងពង្រីកចំណេះដឹងឌីជីថល...
បញ្ហាសេវាអ៊ីនធឺណិត និងកង្វះចំណេះដឹងផ្នែកប្រើប្រាស់ឌីជីថល ជាពិសេសពលរដ្ឋនៅតាមទីជនបទនៅតែជាក្តីកង្វល់។ ទាក់ទងនឹងបញ្ហានេះ លោកស្រី ជា សិរី បានអះអាងថា ធនាគារជាតិនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការពង្រឹងការអនុវត្តកម្មវិធី ក៏ដូចជាយុទ្ធនាការផ្សេងៗក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថលដល់សាធារណជន រួមទាំងការដាក់បញ្ចូលកម្មវិធីនេះជាផ្នែកមួយនៃកម្មវិធីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោក សុខ វឿន គាំទ្រការអនុវត្តយន្តការ របស់ធនាគារជាតិនៃកម្ពុជា។ លោកជឿជាក់ថា អ្វីជាបញ្ហាដែលកើតឡើងនៅក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ននេះ នឹងអាចត្រូវដោះស្រាយបានយ៉ាងល្អប្រសើរតាមរយៈការចូលរួមដោយផ្ទាល់ពីពលរដ្ឋ បុគ្គលិកធនាគារនិងហិរញ្ញវត្ថុ រួមទាំងអាជ្ញាធរ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។ ប្រភពរូបថត៖ CMA
«ពលរដ្ឋខ្មែរ ជាពិសេសយុវជននាពេលនេះ សុទ្ធតែមានទូរសព្ទស្មាតហ្វូនប្រើប្រាស់»។ នេះជាការមើលឃើញរបស់លោក សុខ វឿន ដោយមានជំនឿថា អ្នកប្រើប្រាស់កម្មវិធីឌីជីថលវ័យក្មេង អាចងាយឆាប់ចាប់យកបានពីវិធីប្រើប្រាស់ និងអត្ថប្រយោជន៍របស់ប្រព័ន្ធបាគង និងប្រព័ន្ធផ្ទេរប្រាក់ផ្សេងទៀត ខណៈបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនក៏ពង្រឹងសមត្ថភាពកម្មវិធីទូរសព្ទ (App) របស់ខ្លួនផងដែរ។
បើតាមលោក សុខ វឿន ពាក់ព័ន្ធនឹងការជំរុញឱ្យពលរដ្ឋប្រើប្រាស់ឌីជីថលតាមរយៈកម្មវិធីទូរសព្ទដៃនេះ បុគ្គលិករបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយនៅកម្ពុជា ត្រូវពន្យល់ណែនាំអតិថិជនពីរបៀបប្រើប្រាស់និងការទុកដាក់លេខកូដសម្ងាត់ឱ្យត្រឹមត្រូវ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗពីជនសំណាក់ក្រុមចោរតាមប្រព័ន្ធអ៊ីនធ័រណិត(Hacker)។
លោកស្រី Ratchada Anatavrasilpa អ្នកឯកទេសផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់នៃធនាគារពិភពលោក(World Bank) បានលើកឡើងថា ចំណេះដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុ មានប្រយោជន៍ណាស់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការក្លែងបន្លំតាមអ៊ីនធ័រណិត។ លោកស្រី បានកត់សម្គាល់ថា ពលរដ្ឋកម្ពុជាមួយចំនួនដែលមានស្ថានភាពបំណុលកម្រិតខ្ពស់ គឺដោយសារអ្នកទាំងនោះខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងខ្ចីប្រាក់ច្រើន ពីប្រភពផ្លូវការនិងក្រៅផ្លូវការ។
អ្នកឯកទេសធនាគារពិភពលោករូបនេះ បានបន្ថែមថា៖ «ដើម្បីឆ្ពោះទៅមុខ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ប្រាក់គួរតែបន្តត្រូវបានអភិវឌ្ឍជាប្រព័ន្ធទូទាត់ជាតិ រួមបញ្ចូលគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា សម្រាប់ផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ភាគីពាក់ព័ន្ធ ជាពិសេសពលរដ្ឋ»។
ផ្នែកមួយនៃការអនុវត្តតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល
ការដាក់ប្រើប្រាស់នូវប្រព័ន្ធទូទាត់បាគង គឺជាដំណើរមួយដែលនាំកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថលតាមរយៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា២០២១-២០៣៥។ ក្របខណ្ឌនេះត្រូវបានរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា ឆ្នាំ២០២១ មក។
តាមរយៈគោលនយោបាយនេះ សម្តេច ហ៊ុន សែន ធានាថា កម្ពុជានឹងសម្រេចបាននូវបរិវត្តកម្មឌីជីថល ដែលប្រែក្លាយសេដ្ឋកិច្ច-សង្គមកម្ពុជា ទៅកាន់តែមានកម្រិតអភិវឌ្ឍមួយខ្ពស់ជាលំដាប់។ ទាក់ទងនឹងករណីនេះ លោកស្រី ជា សិរី បានអះអាងពីការប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែកកសាងសេដ្ឋកិច្ចឌីជីថល តាមរយៈការដាក់ដំណើរប្រព័ន្ធទូទាត់បាគង ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមក។
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ប្រភពរូប៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក គា បូរាណ ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាផងដែរ បានវាយតម្លៃថា បាគង ពិតជាមានចំណែកយ៉ាងសំខាន់នៃការអនុវត្តគោលនយោបាយសេដ្ឋកិច្ចបែបឌីជីថល ខណៈរដ្ឋាភិបាលមានកិច្ចការជាច្រើនទៀតត្រូវធ្វើនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ ក្នុងនោះមានដូចជា ការអនុញ្ញាតឱ្យអតិថិជនបើកគណនីធនាគារតាមប្រព័ន្ធឌីជីថល ដោយពុំចាំបាច់មកដល់សា្ថប័នហិរញ្ញវត្ថុផ្ទាល់។
ក្រៅពីនេះ រដ្ឋក៏ត្រូវផ្តោតលើការទូទាត់រវាងពលរដ្ឋទៅរដ្ឋាភិបាល ឬពីរដ្ឋាភិបាលទៅពលរដ្ឋ (P2G/G2P) និង រវាងការទូទាត់ពីអាជីវកម្មទៅរដ្ឋាភិបាល ឬពីរដ្ឋាភិបាលទៅអាជីវកម្ម (B2G/G2B) ជាដើម។ លោក គា បូរាណ បាននិយាយប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ដោយបន្តលើកឡើងថា៖ «ការអនុវត្តប្រព័ន្ធទូទាត់ឌីជីថលបែបនេះ នឹងជួយជំរុញបន្ថែមនៃការទទួលយករបស់អតិថិជនក្នុងការទូទាត់ទៅឱ្យរដ្ឋាភិបាល ទៅឱ្យដៃគូអាជីវកម្ម និងទូទាត់ឱ្យអ្នកផ្សេងៗ។ ទន្ទឹមនឹងគ្នានេះ រដ្ឋាភិបាល ក៏មានភាពងាយស្រួលក្នុងការទូទាត់ទៅឱ្យក្រុមជនងាយគ្រោះ និងប្រជាពលរដ្ឋក្រីក្រ ផងដែរ»។
សម្រាប់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ រដ្ឋបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួនក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។
ការកសាងប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុ ជាពិសេសការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាទិសដៅចម្បងមួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការធ្វើបដិវត្តន៍ឌីជីថលរបស់កម្ពុជា។ ការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ត្រូវបានធានាបាននូវវិសាលភាពគ្រប់ដណ្តប់ទាំងធនាគារ និងវិស័យហិរញ្ញវត្ថុមិនមានធនាគារ ដែលមានលក្ខណៈអន្តរប្រតិបត្តិការ(Interoperability) ប្រកបដោយភាពគ្រប់ជ្រុងជ្រាយ ទំនុកចិត្ត ភាពជឿជាក់ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
អគ្គនាយកនៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា NBC បានដាក់ចេញនូវគោលនយោបាយស៊ីជម្រៅក្នុងការពង្រឹងការប្រើប្រាស់សេវាទូទាត់ឌីជីថលឱ្យទូលំទូលាយប្រកប ដោយសុវត្ថិភាព ជាពិសេសការអនុវត្តកម្មវិធី ឬយុទ្ធនាការផ្សេងៗដើម្បីលើកកម្ពស់ចំណេះដឹង គោលការណ៍សុវត្ថិភាព និងអត្ថប្រយោជន៍នៃការទូទាត់ឌីជីថល។
លើសពីនេះ NBC ក៏មានគោលនយោបាយលើកកម្ពស់ការផ្ទេរប្រាក់និងការទូទាត់ឆ្លងដែនជាមួយប្រទេសក្នុងតំបន់ ឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងមានកម្រៃកាន់តែសមរម្យ និងការដាក់ឱ្យប្រើប្រាស់ស្តង់ដារ QR Code សម្រាប់ការទូទាត់នៅកម្ពុជា។ នេះជាការលើកឡើងរបស់របស់ លោកស្រី ជា សិរី។
ជាមួយគ្នានេះ លោកស្រី Ratchada Anatavrasilpa យល់ឃើញថា ឌីជីថលភាវូបនីយកម្ម គឺជានិន្នាការដ៏សំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុទូទាំងពិភពលោក នៃការទទួលយកសេវាធនាគារ និងការទូទាត់ប្រាក់តាមមធ្យោបាយឌីជីថលពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសក្នុងបរិបទកូវីដ-១៩៕