ជាតិ
ពីនេះ ពីនោះ
ដំរីអាស៊ី៨ក្បាល ដែលជិតផុតពូជលើពិភពលោក ត្រូវបានប្រទះឃើញក្នុងតំបន់ស្រែពក
20, Mar 2022 , 8:00 am        
រូបភាព
ដំរីអាស៊ីចំនួន០៨ក្បាល ត្រូវបានអ្នកវិទ្យាសាស្ត្រប្រទះឃើញ ក្នុងដែនជម្រកស្រែពក ក្នុងខេត្តមណ្ឌលគិរី។ រូបភាពពីទំព័រហ្វសប៊ុក ក្រសួងបរិស្ថាន។
ដំរីអាស៊ីចំនួន០៨ក្បាល ត្រូវបានអ្នកវិទ្យាសាស្ត្រប្រទះឃើញ ក្នុងដែនជម្រកស្រែពក ក្នុងខេត្តមណ្ឌលគិរី។ រូបភាពពីទំព័រហ្វសប៊ុក ក្រសួងបរិស្ថាន។
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានប្រទះឃើញហ្វូងសត្វដំរីអាស៊ីចំនួន ០៨ក្បាល ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ការរកឃើញនេះ អំឡុងពេលក្រុមអ្នកវិទ្យាសាស្ត្រ ចុះតាមដាន និងកត់ត្រាទិន្នន័យបន្ទាត់សិក ក្នុងតំបន់នេះ។


បើតាមក្រសួងបរិស្ថាន ការរកឃើញដំរីជិតផុតពូជលើពិភពលោកនេះ ត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយ ដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងឆ្នាំមុន។ តាមការអះអាងរបស់ក្រសួងបរិស្ថាន  បច្ចុប្បន្នហ្វូងសត្វដំរីទាំងនោះ កំពុងរស់នៅដោយសុវត្ថិភាព ក្នុងទីជម្រកធម្មជាតិ ក្រោមការការពារ ដោយមន្រ្តីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។
 
ដំរីអាស៊ី ជាប្រភេទជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN ជាប្រភេទសត្វជិតផុតពូជលើពិភពលោក។ ចំនួនសត្វដំរីបានថយចុះដោយសារការប្រមាញ់យកភ្លុក និងការបាត់បង់ទីជម្រក។ សម្រាប់ប្រទេសកម្ពុជា ដំរីប្រភេទនេះ មានតិចតួចនៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានតែក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ដូចជាភូមិភាគឦសាន និរតី និងភូមិភាគខាងជើង។ ដំរីមានរប៉ាយនៅប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេយ៍ កោះស៊ូម៉ាត្រា និងនៅភាគខាងជើងនៃកោះបរណេអូ។ វារស់នៅ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។


រូបភាពហ្វូងដំរីអាស៊ី។​ រូបភាពពីគេហទំព័រ WWF ។

ចំពោះលក្ខណៈសម្គាល់ដំរីអាស៊ីនេះវិញ វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង។ ចំណែកក្រចកម្រាមវិញ មានក្រចកម្រាមជើង១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង៥ ឯក្រចកជើងក្រោយនីមួយៗមានម្រាម៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ២០ដែរ។ 
 
រីឯលក្ខណៈសម្គាល់ភេទវិញ ដំរីញីមានភ្លុក ដូចទៅនឹងដំរីឈ្មោលដែរ ប៉ុន្តែវាមិនបញ្ចេញឲ្យឃើញច្បាស់ដូចដំរីឈ្មោលពេញវ័យឡើយ។ សម្រាប់ភ្លុកដំរីឈ្មោលមាឌធំៗមួយចំនួន អាចមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរីអាហ្រ្វិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ៕
 
 

Tag:
 ThmeyThmey25
  បរិស្ថាន
  ដំរីអាស៊ី
  ដែនជម្រកធម្មជាតិស្រែពក
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com