ជាតិ
មេដឹកនាំកម្ពុជា-ជប៉ុន អំពាវនាវឱ្យបញ្ឈប់ការនាំអាវុធទៅមីយ៉ាន់ម៉ា
21, Mar 2022 , 6:29 am        
រូបភាព
សម្តេច ហ៊ុន សែន និងសមភាគជប៉ុន លោក គីស៊ីដា ហ្វូមីអូ
សម្តេច ហ៊ុន សែន និងសមភាគជប៉ុន លោក គីស៊ីដា ហ្វូមីអូ
ប្រមុខរដ្ឋាភិបាលកម្ពុជា និងជប៉ុន នៅថ្ងៃទី២០ ខែមីនា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា។ ក្នុងសេចក្តីថ្លែងការណ៍រួម សម្តេច ហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សា បញ្ឈប់ការនាំអាវុធចូលទៅមីយ៉ាន់ម៉ា និងស្នើឱ្យគ្រប់ភាគីមានការអត់ធ្មត់។

 
ជាង ១ឆ្នាំហើយ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែមិនទាន់រកឃើញច្រកចេញដដែល ដោយរបបសឹក នៅតែបន្តគ្រប់គ្រងប្រទេស។ មិនតែប៉ុណ្ណោះ ការប៉ះទង្គិចរវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅតែបន្តកើតមាន។ ដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធរវាងភាគីនៅមីយ៉ាន់ម៉ា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសមភាគីជប៉ុន លោកគីស៊ីដា ហ្វូមីអូ បានជំរុញឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអំពើហិង្សា បញ្ឈប់ការនាំអាវុធចូលទៅមីយ៉ាន់ម៉ា។ 
 
«នាយករដ្ឋមន្រ្តីទាំងពីរបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា បញ្ឈប់ការនាំអាវុធចូល និងស្នើឱ្យធ្វើការអត់ធ្មត់ជាអតិបរមា»។ សេចក្តីថ្លែងការណ៍របស់ស្តីពីជំនួបមេដឹកនាំទាំងពីរ ចេញថ្ងៃទី២០ ខែមីនា បានបញ្ជាក់បែបនេះ និងបានជំរុញឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ចាប់ផ្តើមចូលតុចរចា ដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ និងវិលត្រលប់ទៅរកប្រព័ន្ធប្រជាធិបតេយ្យឡើងវិញ។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាទាមទារឱ្យមានការជំរុញសកម្មភាពជាក់ស្តែង ដើម្បីអនុវត្ត «ការព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុច» ផងដែរ។ ទន្ទឹមនោះ លោក គីស៊ីដា បានស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្មរបស់ កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន និងបង្ហាញពីក្តីសង្ឃឹមពីលទ្ធផលជាផ្លែផ្ការបស់ទស្សនកិច្ច លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅមីយ៉ាន់ម៉ាលើកដំបូង។
 
ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានលើកឡើងផងដែរពីភាពចាំបាច់ ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅប្រជាជនមីយ៉ាន់ម៉ា ដែលរងគ្រោះខ្លាំងតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (AHA Center)។ 
 
ក្រៅពីបញ្ហាមីយ៉ាន់ម៉ា មេដឹកនាំប្រទេសទាំងពីរ បានពិភាក្សាជុំវិញ កិច្ចសហប្រតិបត្តិការទ្វេភាគី ថាមពលកកើតឡើងវិញ បញ្ហាក្នុងតំបន់ ដូចជាសមុទ្រចិនខាងត្បូង កូរ៉េខាងជើង ជម្លោះអ៊ុយក្រែន-រុស្ស៊ី និងកិច្ចសហប្រតិបត្តិការឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com