ជាតិ
«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូប» នឹងក្លាយជាឧស្សាហកម្មចីរភាពបរិស្ថាន និងមានតម្លៃខ្ពស់
21, Mar 2022 , 10:19 pm        
រូបភាព
កម្មករ-កម្មការិនី កំពុងដេរកាបូប នៅរោងចក្រកាបូបមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។
កម្មករ-កម្មការិនី កំពុងដេរកាបូប នៅរោងចក្រកាបូបមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។
ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវ«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម រួមទាំងស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុងវិបត្តិកូវីដ-១៩ នេះ។ ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមស្ដាប់ និងផ្ដល់យោបល់ជុំវិញយុទ្ធសាស្រ្តនេះ តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២១ មីនា។


លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ទោះបីជាវិស័យកាត់ដេរ ស្បែកជើង និងកាបូប មានការអភិវឌ្ឍជាបន្តបន្ទាប់ក្តី ប៉ុន្តែរចនាសម្ព័ន្ធនៅក្នុងវិស័យនេះ រយៈពេលជិត៣ទសវត្សមកហើយ មិនទាន់មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ឡើយ ដោយនៅតែជាមជ្ឈមណ្ឌលផលិតកម្មមានតម្លៃបន្ថែមទាប ខណៈសមាហរណកម្មនៃឧស្សាហកម្មគាំទ្រ នៅក្នុងដំណើរការផ្សេងទៀតនៃច្រវ៉ាក់ផ្គត់ផ្គង់ និងខ្សែច្រវ៉ាក់តម្លៃនៅមានកម្រិតឡើយ។
 
រដ្ឋមន្រ្តីសេដ្ឋកិច្ចរូបនេះ បន្ថែមថា និន្នាការ និងការវិវត្តសំខាន់ៗនៅក្នុងវិស័យនេះបានលេចរូបភាពឡើង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ទាំងក្នុងកម្រិតនយោបាយ និងកម្រិតប្រតិបត្តិការ ជាពិសេសលើកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន ។ 
  


«ជាក់ស្ដែង ការទទួលខុសត្រូវលើកិច្ចគាំពារបរិស្ថាន ឬចីរភាពបរិស្ថាន ជាពិសេសការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ នៅក្នុងដំណាក់កាលផលិតកម្ម កំពុងទទួលបានការយកចិត្តទុកខ្ពស់ពីសំណាក់អ្នកបញ្ជាទិញ និងប្រទេសនានា ដែលជាទីផ្សារនាំចេញរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិកូវីដ-១៩ និងការបន្ទច់បង្អាក់មកលើខ្សែច្រវ៉ាក់ផលិតកម្ម និងខ្សែច្រវ៉ាក់តម្លៃរបស់តំបន់ និងសាកលនាពេលថ្មីៗនេះ បានវិវត្តក្លាយជាបញ្ហាប្រឈម និងសម្ពាធបន្ថែម ដល់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា»។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន។
 
ដោយសារមើលឃើញចំណុចសំខាន់ទាំងនេះហើយ ទើបរដ្ឋាភិបាល សម្រេចដាក់ឱ្យអនុវត្តជាផ្លូវការនូវ«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា» ដើម្បីកំណត់ចក្ខុវិស័យរួម និងវិធានការជាយុទ្ធសាស្រ្ត ក្នុងការបន្តពង្រឹងនិងគ្រប់គ្រងការអភិវឌ្ឍវិស័យនេះ ឱ្យស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោក។
 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា៖«ក្នុងន័យនេះ តាមយៈការអនុវត្តយុទ្ធសាស្រ្តនេះ រាជរដ្ឋាភិបាល និងអភិវឌ្ឍវិស័យកាត់ដេរ ផលិតផលស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានការប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច នៅមុនដំណាច់ឆ្នាំ២០២៧»។ 
  


ជាមួយគ្នាលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មើលឃើញថា យុទ្ធសាស្រ្តនេះ នឹងជួយស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយបំពេញឱ្យគ្នាទៅវិញទៅមក ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងកាលៈទេសៈរស់នៅជាមួយជំងឺកូវីដ-១៩នេះ។ លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនអនុវត្តយុទ្ធសាស្រ្តនេះ តាមរយៈការបើកច្រកពាណិជ្ជកម្មទីផ្សារសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា -កូរ៉េ រួមទាំងទីផ្សារក្នុងតំបន់ និងដៃគូពាណិជ្ជកម្មផ្សេងទៀត។ ជាពិសេសការជួយសម្រួលលក្ខខណ្ឌវិនិយោគ និងការពាណិជ្ជកម្មផ្សេងៗ ដើម្បីឱ្យដំណើរការផលិត និងនាំចេញកាន់តែប្រសើរឡើង។
 
«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជានេះ។ ហើយក្រសួងពាណិជ្ជកម្ម ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងចូលរួមសហការអនុវត្តយុទ្ធសាស្រ្តនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញវិនិយោគក្នុងស្រុក និងលើកកម្ពស់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ដែលធ្វើយ៉ាងណាឱ្យតម្លៃនេះ អាចបូកតម្លៃបន្ថែម នៅក្នុងខ្សែច្រវ៉ាក់តម្លៃ ក្នុងតំបន់ឱ្យកាន់តែច្រើន។ ជាពិសេសកាន់តែអភិវឌ្ឍន៍ជំនាញកម្មករ កម្មការិនីយើង ឱ្យកាន់តែប្រសើរឡើង»។ នេះបើតាមរដ្ឋមន្រ្តីពាណិជ្ជកម្ម។
 

Tag:
 សេដ្ឋកិច្ច
  ប៉ាន សូរស័ក្តិ
  អូន ព័ន្ធមុន្នីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com