COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា បើកយុទ្ធនាការអប់រំថ្នាក់ជាតិ ទប់ស្កាត់«អូមីក្រុងឆ្លង»ក្នុងសហគមន៍ទ្រង់ ទ្រាយធំ 
×![]()
ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនានេះ បានចាប់ផ្តើមយុទ្ធនាការជាតិអប់រំក្រោមប្រធានបទ«រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ»។ យុទ្ធនាការនេះ មានគោលបំណងទប់ស្គាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ក្នុងសហគមន៍ទ្រង់ទ្រាយធំ និងចាត់ទុកជាការក្រើនរំឭក ពញ្ញាក់ស្មារី ក៏ដូចជាជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសាធារណជនទាំងអស់ ពួតដៃគ្នា បន្តអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីអូមីក្រុង។
ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ ពីខេត្តកំពង់ស្ពឺ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានគូសបញ្ជាក់ថា កម្ពុជាបានបើកដំណើរឡើងវិញសកម្មភាពសេដ្ឋកិច្ច និងសង្គម នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ស្របពេលដែលកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង នៅតែបន្តរាតត្បាត ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។ ការចរាចរយ៉ាងទំលំទូលាយ នៃមេរោគដែលពិភពលោកទទួលថាងាយឆ្លងបំផុតនេះ បានបង្កឱ្យមានក្តីកង្វល់ថា អាចមានការរាតត្បាតទ្រង់ទ្រាយធំឡើងវិញ ដោយសារតែវីរុសបំប្លែងថ្មីនេះ។ បើតាមលោករដ្ឋមន្ត្រី ការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងការអនុវត្តវិធានការសុខាភិបាល ក៏ជាហានិភ័យនៃការឆ្លងរាតត្បាតនៃកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍ដែរ។
ចាប់ពី អូមីក្រុង ចូលមកប្រទេសកម្ពុជាតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១មក ករណីឈឺ និងស្លាប់ នៅតែរកឃើញមានបន្តបន្ទាប់រៀងរាល់ថ្ងៃ។ បើគិតចាប់ពីថ្ងៃទី១៤ធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុងសរុប ១៣ ៥៦១នាក់ ហើយអ្នកស្លាប់ដោយសារអូមីក្រុង ៥១នាក់។ នេះបើតាមលោក ម៉ម ប៊ុនហេង ដោយលោកបានបន្តដូច្នេះថា៖« ហានិភ័យនៃការកើនឡើងនៃករណីជំងឺកូវីដ-១៩ ដោយសារតែអូមីក្រុង គឺប្រហែលជាមានខ្ពស់ នៅក្នុងចំណោមសហគមន៍ ដោយសារពួកគាត់បានធ្វើតេស្តរហ័សហើយ ស្នាក់នៅព្យាបាលនៅផ្ទះដោយខ្លួនឯង។ នេះមានន័យថា ជំងឺរាតត្បាតកូវីដ-១៩ នៅឆ្ងាយពីទីបញ្ចប់»។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់សាធារណជន ឱ្យបន្តចូលរួមអនុវត្តវិធានការ«៣កុំ ៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន និងទៅទទួលវ៉ាក់សាំង និងដូសជំរុញ នៅពេលដល់វេនរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏លើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការជាតិ និងអន្តរជាតិ ចូលរួមគាំទ្រសកម្មភាពរបស់យុទ្ធនាការនេះ ដោយការផ្សព្វផ្សាយបន្ត តាមគ្រប់មធ្យោបាយទៅដល់បុគ្គលិកស្ថាប័នខ្លួន។ ទន្ទឹមនឹងនេះ លោក ម៉ម ប៊ុនហេង ក៏ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋាន បន្តការអប់រំផ្សព្វផ្សាយនៅតាមភូមិ ឃុំ ស្រុក នូវខ្លឹមសារយុទ្ធនាការនេះតាមគ្រប់មធ្យោបាយ ហើយក៏ជំរុញឱ្យពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា៕
Tag:
សុខភាព
កូវីដ-១៩
អូមីក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com