ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ច្រានចោលសំណើរបស់លោក កឹម សុខា ដែលសុំទៅប្រជុំនៅអាល្លឺម៉ង់
23, Mar 2022 , 8:59 pm        
រូបភាព
លោក កឹម សុខា លើកដៃសំពះតាមទ្វាររថយន្តទៅកាន់ប្រជាពលរដ្ឋ ពេលលោក ចេញពីសវនាការតុលាការភ្នំពេញ  ធ្វើដំណើរទៅគេហដ្ឋានវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា លើកដៃសំពះតាមទ្វាររថយន្តទៅកាន់ប្រជាពលរដ្ឋ ពេលលោក ចេញពីសវនាការតុលាការភ្នំពេញ ធ្វើដំណើរទៅគេហដ្ឋានវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ រូបពី AFP
ចៅក្រមនៃតុលាការភ្នំពេញ មិនអនុញ្ញាតឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល Global Solutions Summit  នៅទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ តាមការស្នើសុំរបស់លោកឡើយ។ នេះបើតាមការអះអាងរបស់លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវី៤នាក់របស់លោក កឹម សុខា។


លោក ចាន់ ចេន ប្រាប់ក្រុមអ្នកកាសែតនៅមុខតុលាការថា លោក កឹម សុខា ទទួលបានការអញ្ជើញ តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ ដើម្បីទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូល Global Solutions Summit។ កិច្ចប្រជុំកំពូលនេះ  នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
 
លោកមេធាវី ចាន់ ចេន ថ្លែងថា៖«យើង ពិតជាមានការសោកស្តាយ ពីព្រោះបើមានវត្តមានឯកឧត្តម កឹម សុខា ទៅប្រជុំផ្ទាល់នៅទីក្រុងបែរឡាំង ផលប្រយោជន៍ទី១ បានទៅដល់ពិភពលោក ទី២ បានមកកម្ពុជាយើងដែរ»។ 
 
លោក កឹម សុខា ជាមួយក្រុមមេធាវី បានបន្តឡើងសវនាការលើកទី៣៤ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ 
 
ថ្វីបើមិនយល់ស្របការបដិសេធរបស់ចៅក្រម តែលោក ចាន់ ចេន ប្រាប់ថា ក្រុមមេធាវី រួមទាំងលោក កឹម សុខា នៅតែគោរពតាមឆន្ទានុសិទ្ធិរបស់ចៅក្រម ដែលសម្រេចមិនឲ្យលោក កឹម សុខា ចេញពីប្រទេស ទៅចូលរួមប្រជុំនៅអាល្លឺម៉ង់។ បើតាមលោកមេធាវីរូបនេះ ចៅក្រម អនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមក្នុងកិច្ចប្រជុំកំពូល Global Solustions Summit តាមអនឡាញ។ លោកមេធាវី មិនដឹងច្បាស់ឡើយថា លោក កឹម សុខា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ តាមអនឡាញ ឬក៏អត់នោះទេ។ 
 
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានតុលាការ ដាក់បម្រាមមិនឲ្យចេញទៅក្រៅប្រទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ពោលគឺ តុលាការ ដាក់បម្រាមនេះលើលោក ចាប់តាំងពីលោក ត្រូវបានដោះលែងពីពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ឲ្យទៅរស់នៅក្នុងគេហដ្ឋាន នៅរាជធានីភ្នំពេញវិញ។ ការមិនឲ្យធ្វើសកម្មភាពនយោបាយ ក៏ជាបម្រាម១ ដែលតុលាការ ដាក់ទៅលើលោកដែរ ហើយលោក នៅជាប់បម្រាមនេះ មកដល់បច្ចុប្បន្ន៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com