ជាតិ
សម្ដេច ហ៊ុន សែន ៖បើបង្ក្រាបបទល្មើសមិនបាន មិនចាំបាច់ធ្វើចៅហ្វាយខេត្ត និងរដ្ឋមន្ត្រីទេ
23, Mar 2022 , 9:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងមន្រ្តីពាក់ព័ន្ធដោះស្រាយបញ្ហានេសាទខុសច្បាប់ ឱ្យបានដាច់ខាត។ សម្ដេចសង្កត់ធ្ងន់ថា បើអភិបាលខេត្តជាប់បឹទទន្លេសាប និងរដ្ឋមន្រ្តី មិនអាចបង្រ្កាបបទល្មើសធំៗបាននោះទេ អភិបាលខេត្តទាំងនោះ មិនគួរបន្តការងារឡើយ។

 
នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម បរិស្ថាន និងអភិបាលខេត្ត ចាប់ឈ្មួញទុច្ចរិត នេសាទត្រីខុសច្បាប់ នៅលើបឹងទន្លេសាបទាំងអស់។ 
 
 
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះ៖« យើងជាអ្នកកាន់ដល់ប៉ុណ្ណឹង (អភិបាលខេត្ត) បង្រ្កាបពួកហ្នឹងមិនបាន យើងមិនបាច់ធ្វើចៅហ្វាយខេត្តទេ។ និយាយគ្នាឱ្យត្រង់ៗហ្មង! ហើយមិនបាច់ធ្វើរដ្ឋមន្រ្តីធនធានទឹក រដ្ឋមន្រ្តីបរិស្ថាន រដ្ឋមន្រ្តីកសិកម្មអីទេ បើគ្រាន់តែធ្វើប៉ុណ្ណឹងមិនឈ្នះនោះ។ កុំធ្វើមេទាហាន មេប៉ូលីសបន្តទៀត!»។ 
 
សម្ដេច ហ៊ុន សែន ក៏បានឱ្យអភិបាលខេត្តជាប់បឹងទន្លេសាបទាំងអស់ សន្យាបង្រ្កាបបទល្មើសនេសាទទាំងនោះ ឱ្យបានដាច់ខាត។ សម្ដេច ហ៊ុន សែន ថ្លែងថា ការបង្រ្កាបបទល្មើសខុសច្បាប់មិនបាននេះ ដោយសារអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាប។ 
 
កន្លងមក ក្រុមការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភា បានចុះស្រាវជ្រាវបទល្មើសនៅបឹងទន្លេសាបជាច្រើនលើក។ ក្រុមការងារស្រាវជ្រាវ ក៏បានផ្ដល់របាយការណ៍ ជុំវិញករណីបទល្មើសនេសាទត្រីខុសច្បាប់ ដែលអាចបំផ្លិចបំផ្លាញត្រីក្នុងបឹងទន្លេសាទ ជូនសម្ដេច ហ៊ុន សែន។
 
សម្ដេច ក៏បានចំអកឱ្យមន្ត្រី និងអាជ្ញាធរថា បង្ក្រាបបានតែអ្នកដាក់មងតូចតាច មិនដែលបង្ក្រាបទូកនេសាទត្រី បានម្ដង១តោនឡើយ។ ចំណែកបង្ក្រាបឈើដូចគ្នា គឺបង្ក្រាបបានតែអ្នកកាប់អុសតូចតាច មិនដែលបង្ក្រាបបានអ្នករកស៊ីឈើធំៗបានឡើយ៕ 
 

Tag:
 បទល្មើស
  នេសាទ
  បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com