ជាតិ
បើស្ថានភាពមីយ៉ាន់ម៉ា មិនវិវឌ្ឍន៍តាមកិច្ចព្រមព្រៀងទេ អាស៊ាននឹងអញ្ជើញតែឥស្សរជនមិនមែននយោបាយមកប្រជុំ
24, Mar 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន បានលើកយកគោលការណ៍កិច្ចព្រមព្រៀងឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ាន ទៅពិភាក្សាជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។


កិច្ចព្រមព្រៀងឯកច្ឆ័នទាំង៥ចំណុច របស់អាស៊ានលើវិបត្តិនយោបាយមីយ៉ាន់ម៉ា រួមមាន៖ ទី១៖ អំពើហិង្សាទាំងអស់នៅមីយ៉ាន់ម៉ា  ត្រូវបញ្ឈប់ជាបន្ទាន់ ហើយគ្រប់ភាគីទាំងអស់ ត្រូវរក្សាការអត់ធ្មត់បំផុត។ ទី២ ភាគីជម្លោះនៅមីយ៉ាន់ម៉ា គួរស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីជាប្រយោជន៍ដល់ប្រជាជន។ ទី៣៖ បេសកជនពិសេសរបស់ប្រធានអាស៊ាន ត្រូវសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលផ្ដល់ជំនួយមនុស្សធម៌អាស៊ាន AHA។ ទី៥៖ បេសកជនពិសេស និងគណៈប្រតិភូ ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។
 
តាមរយៈចំណុចទាំងនេះ លោក ប្រាក់ សុខុន មើលឃើញថា មានការវិវត្តតែ៣ចំណុចប៉ុណ្ណោះ គឺចំណុចបញ្ឈប់អំពើហិង្សា, ដំណើការរបស់ប្រេសិតអាស៊ាន ក្នុងការស្វែងរកកិច្ចសន្ទនា និងការផ្ដល់ជំនួយមនុស្សធម៌។ ប៉ុន្តែវាមិនទាន់ល្អ១០០ភាគរយឡើយ។
 
នៅពេលអ្នកកាសែតសួរថា បើមានការវិវត្ត៣ចំណុចនេះហើយ តើនៅពេលប្រជុំអាស៊ាន នឹងអញ្ជើញភាគីមីយ៉ាន់ម៉ាចូលរួមទេ? លោក ប្រាក់ សុខុន ព្យាយាមឆ្លើយមិនដាច់ណាត់ពេក ចំពោះសំនួរនេះឡើយ។ ប្រេសិតប្រធានអាស៊ាន ដែលត្រឡប់មកពីមីយ៉ាន់ម៉ាវិញ បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣ មីនា ថា៖«ដរាបណា (មីយ៉ាន់ម៉ា) មិនមានការជឿនលឿនដ៏សមល្មម នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទទាំង៥ចំណុចនេះទេ ដរាបនោះ ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវតំណាងដោយឥស្សរជនមិនមែននយោបាយ។ ឯថា ជួនកាលជឿនលឿនសមរម្យយ៉ាងណា គឺវានៅលើរដ្ឋមន្រ្តីការបរទេស(អាស៊ាន) ជាអ្នកវាយតម្លៃ ហើយដាក់សំណើសុំទៅថ្នាក់ដឹកនាំរៀងៗខ្លួន»។
 
បន្ថែមពីនេះលោក ប្រាក់ សុខុន បានបញ្ជាក់ថា បើមីយ៉ាន់ម៉ា អនុវត្តជឿនលឿនលើការបញ្ឈប់ហិង្សា , ភាគីទាំងអស់ ចូលតុចរចាគ្នា និងផ្នែកជំនួយមនុស្សធម៌ ព្រមទាំងការបើកឱកាសស្វែងរកផ្លូវសន្ទនាគ្នាផ្នែកនយោបាយនោះ បណ្ដាប្រទេសអាស៊ាន នឹងទទួលស្វាគមន៍មីយ៉ាន់ម៉ា ត្រឡប់មកជាសមាជិកគ្រួសារវិញ យ៉ាងកក់ក្តៅ។ «ជាមួយគ្នានេះ មិនមានចែងនៅក្នុងកុងសង់ស៊ីស(កិច្ចព្រមព្រៀង)ទេ ប៉ុន្តែប្រសិនជាមានាការដោះលែងអ្នកទោសនយោបាយ បានខ្លះទៅ បន្ធូរបន្ថយស្ថានភាពតានតឹងហ្នឹងទៅ ច្បាស់ជានឹងបញ្ចេញសារនយោបាយដ៏សំខាន់មួយ សម្រាប់ឱ្យប្រទេសអាស៊ានផ្សេងៗទៀត គិតគូពិចារណា»។ នេះបើតាមប្រេសិតប្រធានអាស៊ាន។
 
ចំពោះផលពិបាកនៃការដោះស្រាយបញ្ហាជម្លោះនយោបាយនៅមីយ៉ាន់ម៉ានេះ ដោយសារគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនព្រមបន្ទន់ឥរិយាបថដាក់គ្នា។ លោក ប្រាក់ សុខុន ដែលបានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា បានវាយតម្លៃថាគ្រប់ភាគីនយោបាយទាំងអស់ មិនទាន់ត្រៀមខ្លួនជួបចរចាគ្នា ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហាជម្លោះនេះទេ។ បើតាមប្រមុខការទូតកម្ពុជា បញ្ហាវិបត្តិមីយ៉ាន់ម៉ា គឺត្រូវការពេលវេលាយូរដោះស្រាយដោយភាពអត់ធ្មត់៕
 

Tag:
 ប្រាក់ សុខុន
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com