ជាតិ
ខ្នងផ្សា ផ្ដើមស្ងាត់ទេសចរ ក្រោយល្បីល្បាញ២ឆ្នាំ
27, Mar 2022 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
៣ខែ នៃឆ្នាំ២០២២ «ខ្នងផ្សា» មានទេសចរទៅកម្សាន្តជាង ១០០នាក់ប៉ុណ្ណោះ។ បើតាមលោក ហ៊ុន សៅ ប្រធានសហគមន៍រលាក់កងជើង អំឡុងពេលនេះ ជាពេលវេលាល្អសម្រាប់ទេសចរផ្សងព្រេង ប៉ុន្តែភ្ញៀវថយចុះជាង៧០ភាគរយ។


 
លោក ហ៊ុន សៅ មិនដឹងពីមូលហេតុនៃការថយចុះទេសចរនេះទេ ខណៈប្រជាសហគមន៍ កំពុងបារម្ភពីផលប៉ះពាល់ដល់ជីវភាព។ «បារម្ភ! បើលែងមានភ្ញៀវអ៊ីចឹង។ សហគមន៍នឹងបាត់បង់ចំណូលពីការងារទេសចរណ៍ ហ្នឹងបើអត់ភ្ញៀវ។ អ៊ីចឹងមានអី មានតែធ្វើរបរចាស់ ធ្វើស្រែ ចូលព្រៃប្រមូលផលអនុផលប៉ុណ្ណឹង»។ នេះជាការលើកឡើងរបស់លោក ហ៊ុន សៅ។
 
ប្រធានសហគមន៍រូបនេះ អះអាងថា អំឡុងពេលនេះ ជាពេលវេលាល្អ និងសក្ដិសមសម្រាប់ទេសចរណ៍ផ្សងព្រេង បោះតង់ ឡើងភ្នំ ប៉ុន្តែវាបែរជាស្ងាត់ភ្ញៀវទៅវិញ។បើតាមលោក ហ៊ុន សៅ សូម្បីតែថ្ងៃឈប់សម្រាក និងចុងក្រោយ ក៏ស្ទើតែគ្មានភ្ញៀវមកកម្សាន្តផងដែរ។ លោក ហ៊ុន សៅ និយាយទាំងអស់សង្ឃឹមដូច្នេះ៖«ផុតខែហ្នឹងដល់ខែភ្ញៀងរឹតតែខ្សត់ភ្ញៀវទេសចរទៀតហើយ»។
 
«ខ្នងផ្សា» មានសន្ទុះភ្ញៀវទេសចរសម្រុកទៅកម្សាន្តនាអំឡុងឆ្នាំ២០២០ និង២០២១។ កាលពីឆ្នាំ២០២០ តំបន់ទេសចរណ៍ផ្សងព្រេងថ្មីមួយនេះទទួលបានភ្ញៀវជាង៣ពាន់នាក់ក្នុងមួយឆ្នាំ។ ចូលដល់ឆ្នាំ២០២១ តំបន់ធម្មជាតិនេះនៅតែពេញនិយមដោយមានទេសចរជាង ៤០០នាក់ក្នុងមួយខែទៅកម្សាន្តផងដែរ។ ដោយឡែកឆ្នាំ២០២២ «ខ្នងផ្សា» បានថយចុះភ្ញៀវទេសចរជាង៧០ភាគរយក្នុងរយៈពេល៣ខែដំបូង៕

Tag:
 ខ្នងផ្សា
© រក្សាសិទ្ធិដោយ thmeythmey.com