ជាតិ
សង្រ្កាន្តឆ្នាំថ្មី
រដ្ឋបាលខេត្តស្វាយរៀង កំពុងពិចារណារៀបចំសង្រ្កាន្តនៅទីរួមខេត្ត
27, Mar 2022 , 12:32 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុក សង្រ្កាន្តស្វាយរៀង
រូបភាពពីហ្វេសប៊ុក សង្រ្កាន្តស្វាយរៀង
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អះអាងថា កំពុងពិភាក្សារៀបចំសង្រ្កាន្តស្វាយរៀងនៅទីរួមខេត្ត។ ទន្ទឹមនឹងនេះ លោក ក៏ជំរុញឱ្យអភិបាលក្រុង-ស្រុក ចំនួន៨ រៀបចំកម្មវិធីសង្រ្កាន្តតាមទីតាំងរៀងៗខ្លួន។



ទោះស្ថិតក្នុងបរិបទកូវីដ-១៩ក្ដី ក៏រដ្ឋាភិបាលកម្ពុជា បន្តរៀបចំពិធី​បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋកម្ពុជាឈប់សម្រាកដើរកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានា។ ទន្ទឹមនេះ រដ្ឋបាលខេត្តស្វាយរៀង កំពុងពិភាក្សារៀបចំសង្រ្កាន្តស្វាយរៀងនៅទីរួមខេត្តផងដែរ។
 
«យើងខ្លាចរៀបចំមិនទាន់ ប៉ុន្តែយើងក៏លើកទឹកចិត្តឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៨ក្នុងខេត្តស្វាយរៀង សហការជាមួយ ស.ស.យ.ក ខេត្ត អាចរៀបចំជាសង្រ្កាន្តតូចៗនៅតាមទីតាំងមូលដ្ឋានរៀងៗខ្លួន»។ នេះជាការលើកឡើងរបស់លោក តូច ប៉ូលីវ៉ា ដែលបន្តថា យើងលើកទឹកចិត្តឱ្យអាជ្ញាធរស្រុករៀបចំកម្មវិធីកម្សាន្តនានា តាមទីប្រជុំជន ឬតាមវត្តអារាម កន្លែងដែលមនុស្សអាចទៅកម្សាន្តបាន។ 
 
បើតាមលោក តូច ប៉ូលីវ៉ា ព្រឹត្តការណ៍សង្រ្កាន្ត​ ត្រូវការពេលវេលាច្រើនក្នុងការរៀបចំ ប៉ុន្តែលោក មិនទាន់ច្បាស់នៅឡើយ ថាអាចរៀបចំព្រឹត្តិការណ៍នៅទីរួមខេត្ត ទាន់ឬអត់។ លោក តូច ប៉ូលីវ៉ា បន្ថែមថា អាជ្ញាធរខេត្ត បានពិភាក្សារៀបចំ ហើយក៏ត្រៀមទីតាំង និងកម្មវិធីមួយចំនួនផងដែរ។ ក្នុងនោះមានដូចជា តំបន់ត្រជាក់ចិត្ត ដែលនឹងរៀបចំនៅមុខសាលាខេត្តស្វាយរៀង ការប្រគុំតន្រ្តី EDM និងបាញ់ទឹក ហើយកម្មវិធីមួយទៀត នឹងរៀបចំនៅសួនកុមារមុខអាគារគណៈបក្សខេត្តស្វាយរៀង៕
 

Tag:
 សង្ក្រាន្តស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com