ជាតិ
រថយន្ត
រដ្ឋមន្ត្រីសាធារណការ៖ រថយន្តជិត ៥០ម៉ឺន​គ្រឿង​នៅទូទាំងប្រទេស មិនទាន់យកទៅឆៀក
28, Mar 2022 , 8:39 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានផ្ដល់កិច្ចសម្ភាសដល់អ្នកកាសែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជំនាន់ទី២។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានផ្ដល់កិច្ចសម្ភាសដល់អ្នកកាសែត ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះជំនាន់ទី២។ រូបភាពពីទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ យានយន្តជិត៥០ម៉ឺនគ្រឿងនៅទាំងប្រទេស ពុំទាន់បានយកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវឡើយ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។

 
លោក ស៊ុន ចាន់ថុល បានអំពាវនាវឱ្យម្ចាស់រថយន្តទាំងនោះ ប្រញាប់យកយានយន្តទៅត្រួតពិនិត្យឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នករួមដំណើរតាមដងផ្លូវ។ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម នាព្រឹកថ្ងៃទី២៨ មីនា ថា ៖« យានជំនិះចំនួន ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ ការឆៀករថយន្តមិនមែនយើងយកមកចូលហោប៉ាវកន្លែងឆៀកទេ គឺចូលថវិកាជាតិ ហើយសព្វថ្ងៃយើងយកឡានផាកពិន័យ ឡានឆៀកផុតសុពលភាព ១៧ម៉ឺនគ្រឿង ដែលថវិកាចូលជាតិជាង ៥លានដុល្លារ។ កុំចេះតែបន្ទោសរដ្ឋាភិបាលយកលុយផាកពិន័យ បើយើងមិនខុស គេមិនផាកទេ»។ 


 
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះ ដែលមិនបានយកទៅត្រួតពិនិត្យលក្ខណៈបច្ចេក​ទេសឱ្យបានត្រឹមត្រូវ និង​ទៀងទាត់ មានប្រមាណ ៣,៥ភាគរយ , កត្តាមនុស្ស ៩៦ភាគរយ, កត្តាផ្លូវថ្នល់ និងអាកាសធាតុ ០,៥ភាគរយ។
 
បច្ចុប្បន្នកន្លែងឆៀករថយន្តនៅភ្នំពេញមានចំនួន ៧កន្លែង, នៅតាមបណ្ដាទីរួមខេត្តមាន ១២កន្លែង និងកំពុងសាងសង់ផ្សេងៗទៀត។ ចំពោះខេត្តដែលមិនទាន់មានមណ្ឌលឆៀក ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុន សៀងវិច និងក្រុមហ៊ុន អេចខេ យករថយន្តឆៀកចល័តទៅដល់ទីតាំងគោលដៅតែម្ដង។ នេះបើតាមលោក ស៊ុន ចាន់ថុល៕


 

Tag:
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com