ជាតិ
សេដ្ឋកិច្ច
កូរ៉េ សន្យាផ្តល់កម្ចី ១,២ពាន់លានដុល្លារទៀត ដល់កម្ពុជា​ សម្រាប់គម្រោងអភិវឌ្ឍន៍រយៈពេល៥ឆ្នាំទៀត
30, Mar 2022 , 7:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ឆ្វេង)  ក្នុងជំនួបពិភាក្សាជាមួយលោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្រួបសម្រួលគោលនយោបាយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ឆ្វេង) ក្នុងជំនួបពិភាក្សាជាមួយលោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្រួបសម្រួលគោលនយោបាយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង។ រូបថត៖ MEF
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង សន្យាផ្តល់ឥណទានសម្បទានចំនួន ១,២ពាន់លានដុល្លារ បន្ថែមទៀតដល់កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ចីដែលកូរ៉េផ្តល់ឱ្យកម្ពុជានេះ តាមរយៈកិច្ចសម្របសម្រួលលក្ខខណ្ឌ (Framework Arrangement) ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៦។

 
កម្ចី ១,២ពាន់លានដុល្លារ ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសន្យាផ្តល់ឱ្យកម្ពុជា ត្រូវបានលើកឡើងដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចពិភាក្សាជាមួយលោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្រួបសម្រួលគោលនយោបាយរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង។
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ភាគីប្រទេសទាំងពីរនឹងពិភាក្សាសម្រេចយកកញ្ចប់ថវិកាទាំងនេះ​  ទៅលើវិស័យនិងគម្រោងអាទិភាព ក្នុងការប្រើប្រាស់គម្រោងFramework Arrangement តាមរយៈកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤(4th Korea-Cambodia Integrated ODA Policy Dialogue) ដែលគ្រោងធ្វើឡើងនាពេលខាងមុខឆាប់ៗ។  នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩មីនា ឆ្នាំ២០២២។ 


 លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ MEF

ក្រៅពីឥណទានសម្បទានដែលទទួលបានពីសាធារដ្ឋកូរ៉េ សម្រាប់អភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា លោក អូន ព័ន្ធមុនីរ័ត្ន ក៏លើកពីតម្រូវការវិនិយោគបន្ថែមរបស់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធបៃតង, កសិកម្ម និងឧស្សាហកម្ម​ទេសចរណ៍ ដែលជាវិស័យដ៏មានសក្កានុពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាងនេះទៀត ការអភិវឌ្ឍវិស័យភស្តុភារកម្ម (Logistics) និងឌីជីថល  ក៏ជាវិស័យអាទិភាពមួយ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ផងដែរ។ 
 
រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះ មានប្រសាសន៍ដូច្នេះ៖ «ការកៀរគរទុនវននិយោគពីវិស័យឯកជន ទាំងក្នុងនិងក្រៅប្រទេស ជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់ការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ផងដែរ»។ ភាគីប្រទេសទាំងពីរ បានពិភាក្សានិងប្តេជ្ញាជំរុញសកម្មភាពពាណិជ្ជកម្ម និងការលើកកម្ពស់វិនិយោគលើវិស័យឯកជន ដើម្បីទាក់ទាញវិនិយោគិនកូរ៉េឱ្យបណ្តាក់ទុនច្រើនបន្ថែមទៀត។ 
 

លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក KOO Yun Cheol។ រូបថត៖ MEF  

បច្ចុប្បន្ន កូរ៉េខាងត្បូង ជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី៣ ក្នុងការចូលរួមចំណែកគាំទ្រដល់កម្ពុជា បន្ទាប់ប្រទេសចិន និងជប៉ុន។ ចាប់ពីឆ្នាំ១៩៩៦មក កូរ៉េខាងត្បូង​ បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ប្រមាណជា ៤៣១លានដុល្លារ ។ ចាប់ពីឆ្នាំ២០០០មកទល់បច្ចុប្បន្ន ប្រទេសមួយនេះ បានផ្តល់កម្ចីសម្បទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ១ ២១១លានដុល្លារ។ នេះបើសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ចដដែល៕ 
 

Tag:
 ឥណទានសម្បទាន
  លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com