ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក កឹម សុខា ពិចារណាស្នើឲ្យកោះហៅបរទេសមួយចំនួន ចូលធ្វើជាសាក្សី
30, Mar 2022 , 9:59 pm        
រូបភាព
លោក កឹម សុខា និង លោក មុត ចន្ថា (កាន់ឯកសារ) ជាជំនួយការរបស់លោក កឹម សុខា ចេញពីវិមានរដ្ឋសភា កាលពីឆ្នាំ២០១៦។ រូបពី AFP
លោក កឹម សុខា និង លោក មុត ចន្ថា (កាន់ឯកសារ) ជាជំនួយការរបស់លោក កឹម សុខា ចេញពីវិមានរដ្ឋសភា កាលពីឆ្នាំ២០១៦។ រូបពី AFP
សហមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អាចនឹងស្នើទៅតុលាការ ដើម្បីកោះហៅបរទេសមួយចំនួន ដែលរងការចោទប្រកាន់ក្នុងសំណុំរឿងរបស់លោក កឹម សុខា ឲ្យចូលធ្វើជាសាក្សី។ នេះបើតាមការបង្ហើបរបស់លោក ផែង ហេង មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា។



ដូចរាល់ដង ក្រោយចេញពីសវនាការ សហមេធាវីរបស់លោក កឹម សុខា បានផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត ដែលនៅរង់ចាំនៅមុខតុលាការភ្នំពេញ។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក កឹម សុខា និងសហមេធាវី បន្តឡើងសវនាការលើកទី៣៥។ 
 
បើតាមលោកមេធាវី ផែង ហេង បរទេស ដែលសហមេធាវី ចង់ឲ្យតុលាការកោះហៅ ដើម្បីចូលបំភ្លឺក្នុងនាមជាសាក្សី មានជាអាទិ៍ អាម៉េរិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ។ល។ រួមទាំង អង្គការអន្តរជាតិមួយចំនួន មានជាអាទិ៍ ទីភ្នាក់ងារ​សហរដ្ឋអាម៉េរិក​សម្រាប់​ការអភិវឌ្ឍអន្ដរជាតិ (USAID) មជ្ឈមណ្ឌលសិក្សាគោលនយោបាយអាល្លឺម៉ង់ (Konrad-Adenaur) ។ល។ លោកមេធាវី បន្ថែមថា ការចង់ឲ្យបរទេសទាំងនោះ ចូលធ្វើជាសាក្សី ដ្បិតបរទេសទាំងនោះ បានរងការចោទប្រកាន់ពីអយ្យការ និងមេធាវីរបស់រដ្ឋាភិបាលជាដើមបណ្តឹង ថាជាប់ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា។ 
 
លោក ផែង ហេង បញ្ជាក់ថា៖«មេធាវីរបស់ឯកឧត្តម កឹម សុខា និងឯកឧត្តម កឹម សុខា ប្រហែលជាអាចនឹងស្នើសុំតុលាការឲ្យកោះហៅសាក្សី ដែលអយ្យការ បានចោទប្រកាន់ថាមានការពាក់ព័ន្ធ អាចអញ្ជើញសាក្សីទាំងនោះ ដើម្បីយកមកបង្ហាញការពិត ដល់តុលាការ។ យើង នឹងពិនិត្យមើលថា តើគួរឲ្យសាក្សីណាខ្លះ ដែលចាំបាច់ ដើម្បីបង្ហាញការពិត លើសំណុំរឿងរបស់ឯកឧត្តម កឹម សុខា»។ 
 
លោកមេធាវី អះអាងថា សវនាការកន្លងមក មានសាក្សីមួយចំនួនហើយ ដែលត្រូវបានតុលាការកោះហៅ ឲ្យចូលបំភ្លឺ។ លោក មិនបង្ហាញថា សាក្សីទាំងនោះ ជាភាគីណាខ្លះនោះទេ។ 
សវនាការលើលោក កឹម សុខា នឹងត្រូវបន្តនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ ក្នុង១សប្តាហ៍ តុលាការ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ ក្នុងការបើកសវនាការលើលោក។ លោក ត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក៕  
 
 

Tag:
 នយោបាយ
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com