ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍ UN មើលឃើញថា លម្ហនយោយបាយនៅកម្ពុជា រួមតូច និងដើរថយក្រោយ
31, Mar 2022 , 11:54 am        
រូបភាព
លោក ផៃ ស៊ីផាន (ឆ្វេងដៃ) ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា)
លោក ផៃ ស៊ីផាន (ឆ្វេងដៃ) ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា)
អ្នកនាំពាក្យរដ្ឋាភិបាល តបថា អ្វី ដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និយាយពីកម្ពុជា ប្រៀបដូចជាគាត់ និយាយតាមតែមេរៀនក្នុងសៀវភៅប៉ុណ្ណោះ។

 
លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ថា លម្ហពលរដ្ឋ និងលម្ហនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅៗ និងដើរថយក្រោយ។ អ្វីដែលលោក ថ្លែងទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវបានលោក ស្រង់យកទៅសរសេរសង្ខេបលើទំព័រហ្វេសប៊ុក Special Rapporteur Cambodia។ 
 
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា កម្ពុជា បានកសាងលម្ហនយោបាយ ចាប់តាំងពីក្រោយប្រទេសជាតិជួបការបែកបាក់មក។ ការរៀបចំឲ្យមានការបោះឆ្នោតទាំងថ្នាក់ក្រោមជាតិទាំងថ្នាក់ជាតិ ទៅតាមពេលវេលាត្រឹមត្រូវ និងការរក្សាសន្តិសុខ ស្ថិរភាពនយោបាយជូនប្រជាពលរដ្ឋ ត្រូវលោក ចាត់ទុកជាផ្នែកមួយនៃលម្ហនយោបាយនៅកម្ពុជា។
 
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ថា៖«អ្នកដែលចេញមកពីក្រៅ ជាជនបរទេស ដែលចេញពីសាលារៀន មិនដែលមានពិសោធន៍ក្នុងការកសាងសង្គមជាតិមួយចេញពីបរិបទសង្គ្រាមស៊ីវិល លោក និយាយតាមសៀវភៅទេ»។   
 
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ លើកឡើងទៀតថា លោក នៅតែមានក្តីបារម្ភចំពោះបញ្ហាសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ជិតមកដល់។ 
 
លោក ផៃ ស៊ីផាន បានលើកយក «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ» មកឆ្លើយតបនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ ដែលបង្ហាញក្តីបារម្ភចំពោះបញ្ហាសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក លើកឡើងថា កម្ពុជា បានកសាងប្រជាធិបតេយ្យរយៈពេល១០ឆ្នាំ នៅថ្នាក់ក្រោមជាតិរួចមកហើយ។ 
 
«កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ» បានឈានដល់ដំណាក់កាលទី២។ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ ពីឆ្នាំឆ្នាំ២០១០ ដល់២០១៩» ត្រូវបានបញ្ជប់នៅឆ្នាំ២០១៩។ នៅចុងខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ពីឆ្នាំឆ្នាំ២០២១ ដល់២០៣០»។     
 
លោក ផៃ ស៊ីផាន បរិយាយទៀតថា កម្ពុជា មានការប​ង្រួបបង្រួម ហើយប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខក្សេមក្សាន្ត។ លោក បន្តថា ទោះនិន្នាការខ្វែងគ្នាក្តី តែនៅមូលដ្ឋាន គឺភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ លោក សង្ឃឹមថា ទៅថ្ងៃមុខ កម្ពុជា នឹងមានសុវត្ថិភាពនៅថ្នាក់ជាតិ ដោយមានការគោរពគ្នា ការជជែកគ្នា ការយោគយល់គ្នា និងការរួមគ្នាកសាងជោគវាសនាតែមួយទាំងអស់គ្នា។ 
 
លោក បញ្ជាក់ថា៖«ហ្នឹងជាដំណាក់កាលនីមួយៗនៃការកសាងជាតិរបស់កម្ពុជា។ បើការកសាងជាតិនេះ អត់បានលទ្ធផលទេ ខ្ញុំ ជឿថា សព្វថ្ងៃ កំពុងតែមានសង្គ្រាមហើយ មិនមែនទាំងអស់គ្នារីករាយនឹងសន្តិភាពទេ»។ 
 
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ អំពាវនាវឲ្យអាជ្ញាធរកម្ពុជា គោរពសិទ្ធិមនុស្ស គោរពសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ-ការជួបប្រជុំ និងគោរពនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕ 
 

Tag:
 Vitit Muntarbhorn
  ផៃ ស៊ីផាន
  លម្ហនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com