ជាតិ
កម្ពុជា-ប៉ាគីស្ថាន ឯកភាពគ្នារៀបចំ MoU ជំរុញវិស័យទេសចរណ៍
31, Mar 2022 , 7:59 pm        
រូបភាព
ជំនួបរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Zaheeruddin Babar Thaheem អគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
ជំនួបរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Zaheeruddin Babar Thaheem អគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។
​កម្ពុជា និងប៉ាគីស្ថាន បានឯកភាពគ្នាក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU ) ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលឆាប់ៗនេះ។ MoU នេះមានគោលដៅបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យដ៏សំខាន់មួយនេះ និងជំរុញចលនាទេសចរទៅវិញ​ទៅមករវាងប្រទេសទាំង២។


 
ការឯកភាពនេះ កើតឡើងនាជំនួបរវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉ាគីស្ថានប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ មីនា។
 
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា MoUនេះ គ្រោងចុះហត្ថលេខា​ជាផ្លូវការឆាប់ៗ​។ លោករដ្ឋមន្ត្រីក៏ជំរុញ ឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំង២ផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើរ​របស់​ទេសចរផងដែរ ពិសេសជំរុញឱ្យមានវិនិយោគិនប៉ាគីស្ថាន មកវិនិយោគនៅកម្ពុជា ពិសេសលើវិស័យ​ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឥស្លាមពីប្រទេសប៉ាគីស្ថាន និងប្រទេសដទៃទៀត​។ «ក្រោមឆ័ត្រនៃអនុស្សរណៈនេះ ប្រទេសទាំង២នឹងបង្កើតឱ្យមានទស្សនកិច្ចទេសចរណ៍រវាងគ្នា និងគ្នា ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីជំរុញចលនាទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានកំណើនឈានឡើង»។ ​ នេះជាការបញ្ជាក់របស់លោក ថោង ខុន។
 
ក្នុងជំនួបនេះ លោក Zaheeruddin  ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសប៉ាគីស្ថាន ប្រចាំកម្ពុជា បានកោតសរសើរបន្ថែមទៀតពីនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានពង្រឹងភាពស៉ាំក្នុងសហគមន៍ រហូតឈានដល់ការបើកសេដ្ឋកិច្ច-សង្គម និងបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ។ លោកក៏បានលើកឡើងពីសក្ដានុពលទេសចរណ៍ដ៏ទាក់ទាញ និងសម្បូរបែបរបស់កម្ពុជា ដែលមាន​ដូចជា សៀមរាបអង្គរ តំបន់ឆ្នេរ តំបន់អេកូទេសចរណ៍ផងដែរ មុននឹងបញ្ជាក់ពីការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន លើវិស័យទេសចរណ៍ឱ្យកាន់រឹងមាំ និងរីកចម្រើនបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅកម្ពុជា៕
 
 

Tag:
 ThmeyThmey25
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com