ជាតិ
សង្រ្កាន្តវត្តភ្នំ នឹងរៀបចំ​ឡើងពីថ្ងៃទី១៤-១៦​មេ​​សា ដោយមានកម្មវិធីកម្សាន្តនិង​ប្រពៃណី​ជាច្រើន
02, Apr 2022 , 12:59 pm        
រូបភាព
 រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពីរដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។


 
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានកម្មវិធីកម្សាន្តជាច្រើន នឹង ត្រូវរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដែលមានដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានរៀបចំកម្មវិធីវប្បធម៌ ប្រពៃណី​ដែរ ដូចជាពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្រ្តីបុរាណ-សម័យ និងការរាំកម្សាន្ត។
 
ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង រដ្ឋបាល រាជធានី ណែនាំឱ្យអ្នកចូលរួមទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ៣កុំ និង៣ការពារ និងត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពេញលេញ និងដូសជំរុញ ផងដែរ។ 
 
នៅរាជធានីភ្នំពេញ ក្រៅពីរមណីយដ្ឋាន​វត្តភ្នំ នៅវិមាន​ឈ្នះ-ឈ្នះ ក៏មានរៀបចំសង្រ្កាន្ត​ដែរ ខណៈនៅតាមបណ្តាខេត្តដូចជា​សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង ក៏ប្រកាសរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត​ដែរ៕

Tag:
 សង្រ្កាន្តវត្តភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com