COVID-19
សុខភាព
អន្តរជាតិ
ការសិក្សា៖ ការឆ្លងជំងឺកូវីដ-១៩ បង្កើនហានិភ័យជំងឺទឹកនោមផ្អែម
17, Apr 2022 , 9:19 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ក្រោយការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំ អ្នកវិទ្យាសាស្ត្រកំពុងផ្លាស់ប្តូរការ​យកចិត្តទុកដាក់ ចំពោះផលវិបាករយៈពេលវែងនៃការឆ្លងជំងឺកូវីដ-១៩ ។ ថ្មីៗនេះ ការសិក្សាមួយ បានធ្វើឡើងដោយផ្ដោតទៅលើជំងឺទឹកនោមផ្អែម។ ការសិក្សាបានបង្ហាញថា​អ្នកឆ្លងជំងឺកូវីដ-១៩ ប្រឈមហានិភ័យខ្ពស់កើតជំងឺទឹកនោមផ្អែមជាងអ្នកមិនធ្លាប់ឆ្លងជំងឺ​កូវីដ-១៩ ។

 
ការសិក្សាមួយដែលបានបោះពុម្ពផ្សាយលើទិនានុប្បវត្តិ Springer Link បានបង្ហាញថា អ្នក​ដែលបានឆ្លងជំងឺកូវីដ-១៩ កម្រិតស្រាលនៅអាល្លឺម៉ង់ ប្រឈមហានិភ័យកើតជំងឺទឹកនោម​ផ្អែមប្រភេទទី២ ខ្ពស់ជាងអ្នកដែលមិនធ្លាប់ឆ្លងជំងឺកូវីដ-១៩ ប្រមាណ ២៨ភាគរយ។ ចំណែកការសិក្សានៅអាម៉េរិកវិញត្រូវបានចេញផ្សាយនៅលើទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet បានរកឃើញស្រដៀងគ្នាដែរថាអ្នកដែលបានជាពីជំងឺកូវីដ-១៩ បង្កើនហានិភ័យ ៤០ភាគរយកើតជំងឺទឹកនោមផ្អែម។ 
 
ការសិក្សារបស់អាម៉េរិកក៏បានបញ្ជាក់បន្ថែមថា សូម្បីតែក្នុងចំណោមមនុស្សដែលប្រឈម​ហានិភ័យទាប និងគ្មានហានិភ័យកើតជំងឺទឹកនោមផ្អែមក៏ដោយ ក៏ប្រឈមហានិភ័យនៃជំងឺ​ទឹកនោមផ្អែម ៣៨ភាគរយដែរបន្ទាប់ពីកើតជំងឺកូវីដ-១៩។ ក្រុមអ្នកស្រាវជ្រាវបានប៉ាន់​ប្រមាណថាយ៉ាងហោចណាស់មនុស្ស ២នាក់​ក្នុងចំណោម ១០០នាក់ដែលបានកើតជំងឺ​កូវីដ-១៩ នឹងកើតជំងឺ​ទឹកនោមផ្អែម។
 
អត្រាហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមត្រូវបានផ្សារភ្ជាប់ទៅនឹងភាពធ្ងន់ធ្ងរនៃការ​ឆ្លង​ជំងឺកូវីដ-១៩ ​របស់មនុស្សម្នាក់ៗ។ មនុស្សមានហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​កាន់តែ​ខ្ពស់​​ ប្រសិនបើអ្នកនោះបានឆ្លងជំងឺកូវីដ-១៩ កម្រិតធ្ងន់។ ចំពោះ​អ្នក​ដែល​ត្រូវការការព្យាបាល​នៅមន្ទីរពេទ្យ ឬការសង្គ្រោះបន្ទាន់ ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​បានកើន​ឡើងកាន់តែ​ខ្ពស់គឺ ២៧៦ភាគរយ។ វាអាចទាក់ទងទៅនឹងឱសថ Steroid ប្រឆាំងការរលាកដែលអ្នក​ជំងឺមួយចំនួនទទួលបានពេលព្យាបាលនៅមន្ទីរពេទ្យ ដែលអាចបង្កើនកម្រិតជាតិស្ករក្នុង​ឈាម។
 
ចំពោះកុមារហានិភ័យនៃជំងឺទឹកនោមផ្អែមដែលទើបកើតមាននាពេលបច្ចុប្បន្នកាន់តែកើន​ឡើងខ្លាំងទៅៗ។ របាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាម៉េរិកបានរក​ឃើញថាកុមារទំនងជាប្រឈមហានិភ័យមានជំងឺទឹកនោមផ្អែមច្រើនជាង ២ដង បើធៀប​នឹងអ្នកមិនដែលឆ្លង​ជំងឺកូវីដ-១៩។ 
 
តាមការសិក្សាជាច្រើន ជំងឺកូវីដ-១៩ បានបំផ្លាញកោសិកាលំពែងដែលជាអ្នកផលិតអាំង​ស៊ុយលីន។ ដូច្នេះបើវាត្រូវបានបំផ្លាញ​នោះការផលិតអាំងស៊ុយលីននឹងត្រូវរំខាន។ ដោយ​ឡែក អាំងស៊ុយលីនមាននាទីសំខាន់ក្នុងការតម្រូវជាតិស្ករក្នុងឈាម នោះកង្វះអាំងស៊ុយ​លីន នឹងធ្វើឱ្យ​មនុស្សមានជំងឺទឹកនោមផ្អែម។ មួយវិញទៀត នៅពេលមនុស្សមានជំងឺកូវីដ-១៩ ពួកគេ​ត្រូវនៅតែក្នុងផ្ទះដែលអាចញ៉ាំអាហារផ្សេងៗមានជាតិស្ករច្រើន ហើយអាចមិន​សូវហាត់​ប្រាណជាប្រចាំជាដើម។ 
 
គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមអាចបណ្តាលមកពីកត្តាជាច្រើន ហើយមានជំងឺជាច្រើនដែល​មានទំនាក់ទំនងជាមួយវា។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ចំពោះរបបអាហារ និងហាត់ប្រាណឱ្យបានទៀងទាត់។ ជាក់ស្ដែង អ្នកគួរប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ដែល​អាចផ្ដល់ផលវិបាករយៈពេលវែងនៅអនាគតទាក់ទងនឹងជំងឺទឹកនោមផ្អែម៕ 
 

Tag:
 កូវីដ-១៩
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com