ជាតិ
សង្រ្កាន្តកំពង់ស្ពឺ នឹងរៀបចំនៅបរិវេណសួនសម្ដេចព្រះសង្ឃរាជ ជួន ណាត ទីរួមខេត្តកំពង់ស្ពឺ
03, Apr 2022 , 10:29 pm        
រូបភាព
សង្រ្កាន្តកំពង់ស្ពឺ ឆ្នាំ២០១៨ ពីហ្វេសប៊ុកឈ្មោះ ឧត្តម រាជធានី
សង្រ្កាន្តកំពង់ស្ពឺ ឆ្នាំ២០១៨ ពីហ្វេសប៊ុកឈ្មោះ ឧត្តម រាជធានី
ខេត្តកំពង់ស្ពឺ នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ នៅបរិវេណសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត ទីរួមខេត្តកំពង់ស្ពឺ។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថាសង្រ្កាន្តឆ្នាំនេះ នឹងធ្វើធំជាងមុន ខណៈបានខកខាន២ឆ្នាំ ដោយសារកូវីដ-១៩។


 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា នៅបរិវេណសួនសម្ដេចព្រះសង្ឃរាជ ជួន ណាត ដើម្បីសាទរពិធីបុណ្យចូលឆ្នាំខ្មែរ និងបង្កើនបរិយាកាសសប្បាយដល់ពលរដ្ឋក្នុងខេត្តខ្លួន និងភ្ញៀវទេសចរ ខណៈបានខកខាន២ឆ្នាំមកហើយ។ 
 
អភិបាលរូបនេះ លើកឡើងដូច្នេះថា៖«ឆ្នាំនេះ យើងធ្វើធំជាងរាល់ឆ្នាំ ព្រោះខាន២ឆ្នាំហើយ។ អ៊ីចឹង មនុស្សចង់សប្បាយ ទាំងយើងទាំងគេ រង់ចាំយូរហើយ»។ លោក បញ្ជាក់ថា មានការប្រគំតន្រ្តីបុរាណ-សម័យ រាំកម្សាន្ត លេងល្បែងប្រជាប្រិយជាច្រើន និងការតាំងពិព័រផលិតផល និងម្ហូបអាហារផងដែរ។
 
ទន្ទឹមនឹងនេះ លោក វ៉ី សំណាង អះអាងថា បានចាត់តាំងក្រុមយុវជន និងអាជ្ញាធរ ឱ្យជួយសម្របសម្រួលនៅថ្ងៃកម្មវិធី និងអនុវត្តវិធានសុវត្ថិភាព ដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី អូមីក្រុងផងដែរ៕

Tag:
 សង្រ្កាន្ត
 សង្រ្កាន្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com