ជាតិ
សេដ្ឋកិច្ច
អូស្ត្រាលី គ្រោងផ្តល់ជំនួយឥតសំណងជាង១០០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពធន់
05, Apr 2022 , 2:41 pm        
រូបភាព
 លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ (ស្តាំ)​ និង​លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។ រូបភាព ៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ (ស្តាំ)​ និង​លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។ រូបភាព ៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ
 
ដោយ៖ ធន់ សេងហុង 

រដ្ឋាភិបាលប្រទេសអូស្រា្តលី គ្រោងផ្តល់ជំនួយឥតសំណងជាង១០០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយប្រកបដោយភាពធន់។ បើតាមសេចក្តីកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កញ្ចប់ជំនួយនេះ នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជួយពង្រីកដល់វិស័យទឹក ថាមពល វិស័យភស្តុភារកម្ម(Logistics) រួមទាំងវិស័យផ្សេងៗទៀតនៅកម្ពុជា ក្នុងរយៈពេល៨ឆ្នាំ។

 
ប្រទេសអូស្ត្រាលី គ្រោងផ្តល់ជំនួយឥតសំណងចំនួន១០៧លានដុល្លា​រអាម៉េរិកដល់កម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAP-RED)។ ទំហំថវិកានេះ គឺត្រូវបែងចែកជាពីរដំណាក់កាល ដោយក្នុងនោះមាន៦៥លានដុល្លារ សម្រាប់គម្រោងរយៈពេល៥ឆ្នាំ(២០២២-២០២៧) និងថវិកា៤២លានដុល្លារទៀត សម្រាប់ប្រើប្រាស់បន្តរហូតដល់ឆ្នាំ២០៣០។​ 
 
កញ្ចប់ជំនួយឥតសំណងខាងលើនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងលោក អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី៣១មេសា។  សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុបានបញ្ជាក់ថា ថវិកាប្រមាណ១០៧លានដុល្លារដែលរដ្ឋាភិបាលអូស្រ្តាលីគ្រោងផ្តល់ឱ្យកម្ពុជានេះ គឺមានគោលដៅជួយដល់ការអភិវឌ្ឍលើផ្នែកកសិកម្មដែលមានតម្លៃខ្ពស់ និងចាប់ផ្តើមលើវិស័យកែច្នៃកសិផល។ ថវិកាទាំងនេះ ក៏នឹងជួយជុំវិញគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងអភិវឌ្ឍន៍សហគ្រាស ព្រមទាំងជួយជ្រោមជ្រែងដល់ការពង្រីកទីផ្សាររបស់កម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដាគុណភាពរបស់ខ្លួន ដើម្បីអាចនាំចូលទៅទីផ្សារបរទេសនានា។ គម្រោងនេះ ក៏ជួយបន្តការវិនិយោគនានា​ដើម្បីពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា​ ផងដែរ។  ជាពិសេស ក្នុងវិស័យទឹក ថាមពល និងភស្តុភារ(Logistics)។ 
 
ជុំវិញនៃជំនួយឥតសំណងក្រោមកម្មវិធីភាពជាដៃគូកម្ពុជា–អូស្ត្រាលី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់នេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្មវិធីនេះនឹងជួយដល់ការអភិវឌ្ឍ វិស័យកសិកម្ម កសិ-ឧស្សាហម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បន្តមានប្រសាសន៍ចំពោះមុខលោក Pablo Kang ថា  ទោះបីជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងណាក្ដី តែរដ្ឋាភិបាលកម្ពុជានៅតែខិតខំនិងត្រៀមលក្ខណៈជាស្រេចក្នុងការផ្តល់ កិច្ចសហការ និងបន្តការគំាទ្រដល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសមិទ្ធផលល្អប្រសើរថ្មីៗបន្ថែមទៀត។
 
ឆ្នាំ២០២២ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតវាងកម្ពុជា-អូស្រា្តលី។ លោក  Pablo Kang បានលើកឡើងថា រដ្ឋាភិបាលប្រទេសអូស្រ្តាលី នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនតាមរយៈការផ្តល់ជំនួយនានា។ ក្រសួងសេដ្ឋកិច្ចបានស្រង់សម្តីរបស់លោកលោក Pablo Kang មកចុះផ្សាយដោយសរសេរដូច្នេះ៖ «ខ្ញុំ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។ ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងប្រព័ន្ធគ្រប់គ្រង់ធារាសាស្រ្ត ឱ្យកាន់តែរីចម្រើនថែមទៀត»៕​
 

Tag:
 ទូតអូស្ត្រាលី
 ​ លោក អូន ព័ន្ធមុនីរ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com