ជាតិ
ពីនេះ ពីនោះ
អ្នកនេសាទភាគច្រើន កំពុងរង់ចាំមើលលទ្ធផលចំណាត់ក្តៅចំពោះបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប
07, Apr 2022 , 8:59 am        
រូបភាព
រូបភាពពីលើអាកាសនៃលបឡុក ដែលមានរូបរាងដូចព្រួញយក្សយ៉ាងធំ
រូបភាពពីលើអាកាសនៃលបឡុក ដែលមានរូបរាងដូចព្រួញយក្សយ៉ាងធំ
ដោយ៖ ឈុត ឈាណា អច្ឆរិយភាពនៃទន្លេមេគង្គ

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយមានចំណាត់ការក្តៅពីរដ្ឋាភិបាល ចំពោះបទល្មើសនេសាទ នៅជុំវិញបឹងទន្លេសាប គេសង្កេតឃើញថា សកម្មភាពនេសាទគ្រប់ប្រភេទឧបករណ៍ បានផ្អាកសកម្មភាពនេសាទគួរឱ្យកត់សម្គាល់។ ក្នុងនោះ អ្នកប្រើប្រាស់ឧបករណ៍នេសាទប្រភេទយ៉ាំងកាវ ដែលធ្លាប់តែគគ្រឹកគគ្រេងកងរំពង ក៏បាត់វត្តមានពីផ្ទៃទឹកបឹង ដែលបានធ្វើឱ្យអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទធម្មតា រីករាយសាទរយ៉ាងខ្លាំង។



ក្នុងនោះ ឧបករណ៍នេសាទ «លបឡុក» ដែលគេអាចឃើញមានគ្រប់ខេត្តជុំវិញបឹងទន្លេសាប ក៏បានផ្អាកសកម្មភាពជាបណ្តើរៗ ដែរ។ អ្នកនេសាទ បាននាំគ្នាសារសាច់អួនរបាំងព្រួល ដែលគេដំឡើងសម្រាប់នាំផ្លូវត្រីចូលក្នុង «លបឡុក»  យកទៅទុកឯផ្ទះ បន្សល់ទុកតែបង្គោលឈើចម្រឹងច្រូងច្រាង រាប់សិបលានដើម ពាលពេញផ្ទៃទឹកបឹងទន្លេសាប ហាក់កំពុងរង់ចាំម្ចាស់របស់វា យកសាច់អួនទាំងនោះមកដំឡើងវិញ។ ប៉ុន្តែ ក្នុងចំណោមនោះ ក៏មានអ្នកនេសាទមួយចំនួន មិនទាន់រុះរើដែរ ដោយគ្រាន់តែស្រាយខ្សែបន្ធូរ រួចពន្លិចចូលទឹកប៉ុណ្ណោះ ដើម្បីរង់ចាំមើលសភាពការណ៍។
 


សាច់អួនរបាំងព្រួលរាប់រយម៉ែត្រសម្រាប់នាំផ្លូវត្រីចូលក្នុងលបឡុក ដែលត្រូវបានអ្នកនេសាទស្រាយពន្លិចទឹក
 
អ្នកនេសាទជាច្រើន បានសាទរចំពោះចំណាត់ការក្តៅនេះ ដោយពួកគាត់លើកឡើងថា បើចំណាត់ការក្តៅនៅបន្តមិនបន្ធូរដៃ ត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ ត្រីក្នុងបឹងទន្លេសាប នឹងកើនឡើងវិញ។ ក្នុងនោះ ពួកគាត់ក៏មានការព្រួយបារម្ភដែរ ចំពោះជីវភាពប្រចាំថ្ងៃ ព្រោះការផ្លាស់ប្តូរឧបរណ៍នេសាទ ព្រោះ «លបឡុក» ពួកគាត់បានបោះដើមទុនច្រើនលើការទិញកូនឈើរាប់រយដើមដើម្បីធ្វើជាចម្រឹង ព្រមទាំងសាច់អួនរាប់រយម៉ែត្រផងដែរ។ 
 


សំណង់លបឡុកមួយហាក់បង្ហាញថា ស្វាគមត្រីមកពីគ្រប់ទាំង ៨ទិស ចូលក្នុងលប
 
ឧបករណ៍នេសាទ «លបឡុក» គឺជាឧបករណ៍នេសាទ ដែលមានប្រសិទ្ធិភាពក្នុងការចាប់ត្រីបានខ្ពស់ ជាងឧបករណ៍នេសាទដូចជា មង សន្ទួច សំណាញ់ និងឧបករណ៍នេសាទបែបបុរាណផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ «លបឡុក» ក៏ជាឧបករណ៍នេសាទ ដែលមិនតម្រូវឱ្យអ្នកនេសាទចំណាយពេលវេលាច្រើនដែរ។ ក្នុងលបឡុកប្រវែង ៥០ម៉ែត្រឡើង អ្នកនេសាទអាចប្រើពេលដំឡើងចាប់ពី ពីរថ្ងៃ ទៅបីថ្ងៃ លើការបោះបង្គោលចម្រឹង និងបំពាក់សាច់អួន ទៅតាមទម្រង់ដែលគេចង់បាន ដែលជាទូទៅ មានទម្រង់ជាព្រួញយក្សដ៏ធំ។ បន្ទាប់ពីដំឡើងហើយ ពួកគេចំណាយពេលតិចបំផុត ត្រឹមតែ ១០នាទីក្នុងមួយថ្ងៃ ឬលើសនេះបន្តិចបន្តួច ដើម្បីប្រមូលត្រីចេញពីលបជាការស្រេច។
 


ចម្រឹងកូនឈើបំពាក់ដោយសាច់អួនធ្វើជារបាំងព្រួលសម្រាប់នាំផ្លូវត្រីចូលក្នុងលបឡុក 
 
ឧបករណ៍នេសាទ «លបឡុក» គឺជាឧបករណ៍នេសាទដែលអាចចាប់ត្រីបាន ២៤ម៉ោង លើ២៤ម៉ោង ១២ខែក្នុងមួយឆ្នាំ មិនសម្រាក បើសិនជា បឹង ស្ទឹង អូរ ព្រែក ទន្លេ នៅមានទឹក។ វាចាប់ទាំងត្រីតូច ទាំងត្រីធំ មេត្រី កូនត្រី ស្ទើរតែមិនចាញ់ឧបករណ៍នេសាទ «លូស្បៃមុង» ដែលអាចចាប់បានទាំងពងត្រីទៀតផងនោះឡើយ។ ជាទូទៅ អ្នកនេសាទម្នាក់ អាចមានឧបករណ៍នេសាទប្រភេទនេះ ៣ ទៅ៥ «លបឡុក» ដែលមានប្រវែងចាប់ពី ៥០ម៉ែត្រ ទៅរាប់រយម៉ែត្រ តាមលទ្ធភាពដែលពួកគេមាន។ 
 
ក្រៅពីប្រសិទ្ធិភាពក្នុងការចាប់ត្រីបានគ្រប់ប្រភេទ ដោយមិនចំណាយកម្លាំង និងពេលវេលាច្រើន ឧបករណ៍នេសាទ «លបឡុក» ក៏បានចូលរួមចំណែកយ៉ាងធំក្នុងការបំផ្លាញព្រៃឈើ។ កូនឈើប្រវែង ចាប់ពី ៣ទៅ៤ម៉ែត្រ ជាច្រើនលានដើម ត្រូវបានគេកាប់ដើម្បីយកមកធ្វើចម្រឹងជារៀងរាល់ឆ្នាំ ដោយលក់ក្នុងតម្លៃមួយដើម ១២០០ទៅ ១៥០០ រៀល។ មិនតែប៉ុណ្ណោះ សាច់អួនចាស់ៗ ដែលលែងប្រើការបាន ត្រូវបានអ្នកនេសាទបោះបង់ចោលពេញផ្ទៃទឹក ទុកឱ្យសាច់អួនទាំងនោះបន្តចាប់ និងសម្លាប់ត្រីចោលអាសារឥតការបន្តទៀត។
 
កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ អ្នកយកព័ត៌មានយើង មានការភ្ញាក់ផ្អើលនោះ ដោយការផ្អាកសកម្មភាពនេសាទត្រឹមតែប៉ុន្មានថ្ងៃសោះ យើងសង្កេតឃើញមានវត្តមានត្រីកេស ត្រីស្លាត និងត្រីជាច្រើនប្រភេទទៀត លោតបង្ហាញខ្លួននៅលើផ្ទៃទឹកបឹង ពេលទូកបើកឆ្លងកាត់ ដែលស្ថានភាពបែបនេះមិនធ្លាប់ឃើញមាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សង្ឃឹមថា ចំណាត់ក្តៅនេះ នឹងនៅតែបន្ត ហើយមិនយូរទេ ត្រឹមតែរយៈពេលពីរឆ្នាំ ត្រីក្នុងបឹងទន្លេសាប នឹងសម្បូរឡើងវិញ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com