ជាតិ
រថយន្ត
រថយន្តដែលដំឡើងម៉ូឌែល មិនអនុញ្ញាតឱ្យឆៀក ចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់ឡើយ 
×![]()
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមិនអនុញ្ញាតឱ្យរថយន្តដែលបានកែច្នៃដំឡើងម៉ូឌែល ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជាប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាតពីក្រសួង ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស(ឆៀក) ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ ឬបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។
ក្រៅពីបញ្ជាក់ដូច្នេះ តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៥ មេសា ក្រសួងសាធារណការ ក៏បានព្រមានផ្អាកអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលបានធ្វើសកម្មភាពកែច្នៃដំឡើងម៉ូឌែលរថយន្តដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដោយមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ពីក្រសួងផងដែរ។
ចំណាត់របស់ក្រសួងសាធារណការនាពេលនេះ គឺដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយាយន្តធ្វើចរាចរណ៍លើផ្លូវថ្នល់ ខណៈដែលក្រសួងបានសង្កេតឃើញថា មានរថយន្តគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូឌែលរថយន្ត មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឱ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត។
បើតាមក្រសួងសាធារណការ ការកែច្នៃដំឡើងម៉ូឌែលរថយន្តនេះ គឺផ្ទុយពីមាត្រា១៩ ស្តីពីការគ្រប់គ្រងយានយន្តជួសជុលរថយន្ត និងយានដ្ឋានកែច្នៃដំឡើងយានយន្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com