ជាតិ
សង្គមជាតិ
ប្រធានUNប្រចាំកម្ពុជា ប្តេជ្ញាគាំទ្រកម្ពុជាលើកាអភិវឌ្ឍន៍ធនធានមនុស្ស ​និងជំរុញការប្រើបច្ចេក​វិទ្យា​
07, Apr 2022 , 8:59 pm        
រូបភាព
លោកស្រី ​Pauline Tamesis(ឆ្វេង)​ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ​កម្ពុជា នាជំនួប​ជាមួយសម្តេច ហុន សែន(ស្តាំ) នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ មេសានេះ ។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហុន សែន
លោកស្រី ​Pauline Tamesis(ឆ្វេង)​ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ​កម្ពុជា នាជំនួប​ជាមួយសម្តេច ហុន សែន(ស្តាំ) នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ មេសានេះ ។ ប្រភពរូបភាព៖ ហ្វេសប៊ុកសម្តេច ហុន សែន
លោកស្រី ប៉ូលីន ថាំមីស៊ីស(Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធអង្គការសហប្រជាជាតិ នឹងបន្តគាំទ្រកម្ពុជា តាមរយៈវិស័យសក្តានុពល មាន​ការ​វិនិយោគលើវិស័យធនធានមនុស្ស ​ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចបៃតង។ ​ការប្តេជ្ញាចិត្ត​នេះ ធ្វើឡើង នាជំនួបរវាងលោកស្រី ប៉ូលីន ជាមួយសម្តេច ហុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ មេសានេះ ដើម្បី​ពិភាក្សាការងារ និងជម្រាបលា​ក្រោយលោកស្រីបានចប់បេសកកម្មការងារនៅកម្ពុជា។

 
នៅចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា លោកស្រី ប៉ូលីន បានថ្លែងពីមោទកភាព ដែលខ្លួនបាន ​បម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។ លោកស្រី ស្រី ប៉ូលីន ​បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពពិភពលោករបស់កម្ពុជា។ ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា  ក៏មិនភ្លេចរំឭកពី​ការដឹកនាំប្រកបដោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជាដែរ។ សម្រាប់លោកស្រី ប៉ូលីន  ភាពជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនត្រឹមតែជាភាពជោគជ័យគំរូសម្រាប់កម្ពុជានោះទេ ប៉ុន្តែ​ជាបទពិសោធន៍ ដែលអាចយកទៅប្រើប្រាស់ បាននាពេលអនាគត។
 
ក្នុងជំនួបនេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកស្រី ប៉ូលីន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ​ការទទួលឲ្យចូលចតនូវនាវា Wasterdam នៅកម្ពុជា កាលពីដើមឆ្នាំ​២០២០ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា ឡើងលើកដែរ។ ​សម្តេច ហ៊ុន សែន ក៏បានរំឭកពី​យុទ្ធសាស្ត្រផ្ការីក ដែលបានប្រើសម្រាប់​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាមួយការបន្តយកចិត្តទុកដាក់ លើកិច្ចគាំពារសង្គម និងវិស័យសុខាភិបាល ប្រាប់ទៅលោកស្រី ប៉ូលីនផងដែរ៕
 

Tag:
 អង្គការសហប្រជាជាតិ
  ប៉ូលីន ថាំមីស៊ីស
© រក្សាសិទ្ធិដោយ thmeythmey.com