ខេត្តកំពង់ចាម កំពង់ឆ្នាំង បាត់ដំបង ត្បូងឃ្មុំ និងពោធិ៍សាត់ នឹងរៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ តាមខេត្តរៀងៗខ្លួន ដើម្បីសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោយខកខាន ដោយសារការរាលដាលនៃជំងឺកូវីដ-១៩។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា រដ្ឋបាលខេត្ត នឹងរៀបចំកម្មវិធីសង្រ្កាន្ត រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅមុខសាលាខេត្តកំពង់ចាម។ ក្នុងនោះមានការប្រគំតន្រ្តីសម័យ-បុរាណ រយៈពេល៣ថ្ងៃ ៣យប់ លេងល្បែងប្រជាប្រិយ ការតុបតែងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពង់ចាម តាមគោលដៅទេសចរណ៍នានា និងរមណីយដ្ឋានជាដើម។
អភិបាលខេត្តរូបនេះ លើកឡើងថា៖«រដ្ឋបាលខេត្ត នឹងរៀបចំឱ្យមានកម្មវិធីកម្សាន្តជាច្រើនទាំងសម័យ និងបុរាណ អំឡុងពេលនៃកម្មវិធីរយៈពេល៣ថ្ងៃនោះ ប៉ុន្តែយើងមិនទាន់អនុញ្ញាតឱ្យមានការលេងបាញ់ទឹកឡើយ»។ លោក បន្តថា នៅតាមទីវត្តអារាម និងសាលារៀននានា ទូទាំងខេត្តកំពង់ចាម ក៏មានរៀបចំកម្មវិធីសង្រ្កាន្តតាមតំបន់រៀងៗខ្លួនផងដែរ។
ចំណែកឯខេត្តកំពង់ឆ្នាំង ក៏នឹងរៀបចំសង្រ្កាន្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ដល់ទី១៦ មេសា នេះផងដែរ។ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា៖«សង្រ្កាន្តកំពង់ឆ្នាំង នឹងរៀបចំ នៅទីតាំងចំនួន២ គឺនៅសួនច្បារសម្ដេច គង់ សំអុល មុខមជ្ឈមណ្ឌលស៊ីម៉ាក់ ក្នុងសង្កាត់ប្អេរ។ មួយទៀតគឺនៅសួនឈ្វាំងសែនជ័យ»។
រូបភាពពីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម
លោក ស្រ៊ន សំឫទ្ធី បញ្ជាក់បន្ថែមថា ចំពោះទីតាំងទាំង២នេះ នឹងរៀបចំតុបតែងភ្លើងលម្អ និងការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយ រយៈពេល៣ថ្ងៃដូចគ្នា។ ចំពោះសង្រ្កាន្តកំពង់ឆ្នាំង នៅទីតាំង សួនច្បារសម្ដេចជហ្វាវាំង គង់ សំអុល នឹងមានការលេងបាញ់ទឹកទៀតផង។
លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបង ក៏បានប្រាប់សារព័ត៌មានថ្មីៗផងដែរថា នឹងរៀបចំសង្រ្កាន្តបាត់ដំបង រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៦ ខែមេសា នៅមុខសាលាខេត្តបាត់ដំបង។ លោក បញ្ជាក់ថា៖«យើងមានការប្រគំតន្រ្តីបុរាណ-សម័យ និងលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ និងការសម្ដែងសិល្បៈ និងទស្សនីយភាពបែបបុរាណរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ»។
ជាមួយគ្នានេះ ខេត្តត្បូងឃ្មុំ ក៏រៀបចំសង្រ្កាន្ត រយៈពេល៣ថ្ងៃ អំឡុងពេលចូលឆ្នាំផងដែរ។ តាមការប្រកាសរបស់រដ្ឋបាលខេត្ត សង្រ្កាន្តត្បូងឃ្មុំ នឹងធ្វើឡើងនៅទីតាំងចំនួន២ នៅមាត់ទន្លេមុខរដ្ឋបាលខេត្ត និងនៅរមណីយដ្ឋានហ្លួងព្រះស្ដេចកន (វត្តព្រះអង្គរក្នុង)។ ចំពោះទីតាំងទី១ នឹងមានរៀបចំការតាំងពិព័រណ៍ផលិតផល សួនកម្សាន្តសម្រាប់កុមារ និងការប្រគំតន្រ្តី។
ចំពោះទីតាំងទី២ នៅវត្តព្រះអង្គរក្នុង នឹងមានការលេងល្បែងប្រជាប្រិយដូចជា ចោលឈូង ទាញព្រ័ត្រ លោតបាវ ឡើងសសរខ្លាញ់ និងវាយក្អម ការប្រគំតន្រ្តីសម័យ-បុរាណ ពិធីពូនភ្នំខ្សាច់ រាប់បាត្រ និងស្រង់ព្រះផងដែរ។
រីឯខេត្តពោធិ៍សាត់ នឹងរៀបចំ «សង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់» នៅថ្ងៃទី១៣ ដល់ទី១៥ ខែមេសា។ តាមរដ្ឋបាលខេត្ត «សង្រ្កាន្តកោះសំពៅមាសពោធិ៍សាត់» រៀបចំដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋដោយស្មារតីសាមគ្គីភាពជិតស្និទ្ធទៅតាមទំនៀមទម្លាប់ជាតិ និងអនុវត្តតាមវិធានការសុខាភិបាលផងដែរ។ កម្មវិធីនេះ នឹងរៀបចំធ្វើឡើងនៅលើដងផ្លូវលេខ១០១ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលមានការសម្ដែងរបាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត បង្ហោះគោម បាញ់កាំជ្រួច និងការពិព័ណ៌ផលិតផលក្នុងស្រុកផងដែរ។
សូមជម្រាបដែរថា ក្រៅពីខេត្តទាំង៥ខាងលើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ មេសា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។ ចំណែកទីតាំងវិមានឈ្នះ-ឈ្នះ និងបណ្តាខេត្តដូចជាសៀមរាប កំពង់ស្ពឺ បន្ទាយមានជ័យ និងស្វាយរៀង ក៏ប្រកាសរៀបចំព្រឹត្តិការណ៍សង្រ្កាន្តតាមខេត្តរៀងៗខ្លួនផងដែរ៕