ជាតិ
សេដ្ឋកិច្ច
១០ប្រទេស-តំបន់ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ
10, Apr 2022 , 4:59 pm        
រូបភាព
រូបទង់ជាតិនៃប្រទេសចំនួន៩ និងទង់នៃកោះតៃវ៉ាន់ ដែលមានទំនាក់ទំនងពាណិជ្ជកម្មធំជាមួយកម្ពុជាក្នុងឆ្នាំ២០២១។
រូបទង់ជាតិនៃប្រទេសចំនួន៩ និងទង់នៃកោះតៃវ៉ាន់ ដែលមានទំនាក់ទំនងពាណិជ្ជកម្មធំជាមួយកម្ពុជាក្នុងឆ្នាំ២០២១។
ភ្នំពេញ៖ កម្ពុជាមានទំហំពាណិជ្ជកម្មរហូតដល់ជាង៤៨ពាន់លានដុល្លារ ជាមួយ២០ប្រទេស/តំបន់នៅជុំវិញពិភពលោក នាឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា គឺមាន១៩,៣ពាន់លានដុល្លារ ខណៈការនាំចូលមាន២៨,៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 
ពីខែមករាដល់ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ៤៨ពាន់លានដុល្លារអាម៉េរិក។ ជុំវិញនៃទំនាក់ទំនងពាណិជ្ជកម្មនេះ សារព័ត៌មានថ្មីៗ(ThmeyThmey)សូមលើកយកប្រទេសនិងតំបន់ចំនួន១០ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេ​ជាមួយកម្ពុជា ដោយក្នុងនោះមាន៖
 
លំដាប់លេខ១ជាមួយប្រទេសចិន៖ មានទំហំពាណិជ្ជកម្មជាង១១ពាន់ដុល្លារ ដោយក្នុងនោះ ទំនិញដែលកម្ពុជានាំចូលពីចិន មានតម្លៃរហូតដល់៩,៦ពាន់ដុល្លារ។​
 
លំដាប់លេខ២ជាមួយសហរដ្ឋអាមេរិក៖ មានទំហំពាណិជ្ជកម្ម​ជាង៧,៨ពាន់លានដុល្លារ។ កម្ពុជា​​ នាំទំនិញទៅប្រទេសមហាអំណាចក្នុងពិភពលោកមួយនេះមានតម្លៃជិត៧,៥ពាន់ដុល្លារ ខណៈការនាំចូលវិញមានត្រឹមជាង៣៣០លានដុល្លារប៉ុណ្ណោះ។ 
 
លំដាប់លេខ៣ជាមួយសិង្ហបុរី៖  មានទំហំពាណិជ្ជកម្មជាមួយគ្នាជាង៥,២ពាន់លានដុល្លារ ដោយកម្ពុជានាំទំនិញចេញទៅប្រទេសនេះ មានតម្លៃត្រឹមជិត១២០លានដុល្លារ តែនាំចូលវិញរហូតដល់ជិត៥,១ពាន់លានដុល្លារ។ 
 
លំដាប់លេខ៤ជាមួយវៀតណាម៖​ មានទំហំពាណិជ្ជកម្មប្រមាណ៥,១ពាន់លានដុល្លារ។ កម្ពុជានាំទំនិញចេញទៅប្រទេសនេះ មានតម្លៃជិត២ពាន់លានដុល្លារ និងនាំចូលវិញមាន៣,១ពាន់លានដុល្លារ។​
 
លំដាប់លេខ៥ជាមួយថៃ៖​ មានទំហំពាណិជ្ជកម្មជាង៤ពាន់លានដុល្លារ។​ កម្ពុជា នាំទំនិញទៅប្រទេសនេះជាង៦២០លានដុល្លារ និងចូលវិញមាន​៣,៤ពាន់លានដុល្លារ។​
 
លំដាប់លេខ៦ជាមួយជប៉ុន៖ មានទំហំពាណិជ្ជកម្មជាង១,៧ពាន់លានដុល្លារ។ កម្ពុជា នាំទំនិញទៅប្រទេសនេះជាង១ពាន់លានដុល្លារ និងចូលវិញមានប្រមាណ៦៤០លានដុល្លារ។​
 
លំដាប់លេខ៧ជាមួយតៃវ៉ាន់៖ មានទំហំពាណិជ្ជកម្មជាង១ពាន់លានដុល្លារ។ កម្ពុជា នាំទំនិញទៅតំបន់នេះជិត៩៧លានដុល្លារ និងចូលវិញមាន៩៨០លានដុល្លារ។​
 
លំដាប់លេខ៨ជាមួយអាល្លឺម៉ង់៖  មានទំហំពាណិជ្ជកម្មជាង១ពាន់លានដុល្លារ ដោយក្នុងនោះ កម្ពុជានាំទំនិញចេញទៅប្រទេសនេះមានជាង៨៨០លានដុល្លារ និងនាំចូលវិញមានតម្លៃជាង១៦៤លានដុល្លារ។​
 
លំដាប់លេខ៩ជាមួយកាណាដា៖ មានទំហំពាណិជ្ជកម្មជាង៩៩៤លានដុល្លារ ដោយក្នុងនោះ កម្ពុជានាំទំនិញចេញទៅប្រទេសនេះ៩៥៤លានដុល្លារ និងនាំចូលវិញមានតម្លៃជិត៤០លានដុល្លារ។​
 
លំដាប់លេខ១០ជាមួយប្រទេសស្វ៊ីស៖ មានទំហំពាណិជ្ជកម្មប្រមាណ៩៧៤លានដុល្លារ ដោយក្នុងនោះ កម្ពុជានាំទំនិញចេញទៅប្រទេសនេះមានត្រឹម១០លានដុល្លារ តែនាំចូលវិញមានតម្លៃរហូតដល់៩៦៤លានដុល្លារ៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com