ជាតិ
សេដ្ឋកិច្ច
៣ខែ កម្ពុជានាំទំនិញទៅអាម៉េរិកមានតម្លៃជាង២ពាន់លានដុល្លារ ខណៈទៅចិនមានត្រឹម៣២០លានដុល្លារ
13, Apr 2022 , 5:59 pm        
រូបភាព
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកនាំចេញ-នាំចូលទំនិញយ៉ាងសំខាន់របស់កម្ពុជា
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកនាំចេញ-នាំចូលទំនិញយ៉ាងសំខាន់របស់កម្ពុជា
ភ្នំពេញ៖ ក្នុងត្រីមាសទីមួយ កម្ពុជា បាននាំទំនិញទៅសហរដ្ឋអាម៉េរិកមានតម្លៃរហូតដល់ជាង ២​ ០០០លានដុល្លារ ខណៈនាំទៅប្រទេសចិន មានត្រឹមប្រមាណ៣២០លានដុល្លារ។ នេះបើយោងតាមស្ថិតិទំនិញពាណិជ្ជកម្មនាំចេញជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 
ពីខែមករា-ខែមីនា ឆ្នាំ២០២២ កម្ពុជា​នាំទំនិញទៅកាន់ទីផ្សារប្រទេស-តំបន់នៅជុំវិញពិភពលោក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ៥ ៧០០លានដុល្លារ។ ចំនួននេះបានកើនក្នុងអត្រា២៥,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២១។ ស្ថិតិទំនិញពាណិជ្ជកម្មនាំចេញេរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា អាម៉េរិក គឺជាទីផ្សារទំនិញលំដាប់ទី១របស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង ២ ១៥០លានដុល្លារ។  
 
បន្ទាប់អាម៉េរិក ទីផ្សារលំដាប់ទី២របស់កម្ពុជា គឺប្រទេសវៀតណាម  ដែលនាំទំនិញចូលពីកម្ពុជាក្នុងតម្លៃ ​ជិត ៧៥៨លានដុល្លារ។ សម្រាប់សាធារណរដ្ឋប្រជាមានិតចិន គឺជាទីផ្សារទំនិញលំដាប់ទី៣របស់កម្ពុជា ក្នុងទំហំទឹកប្រាក់ជាង៣២០លានដុល្លារ ខណៈប្រទេសថៃជាទីផ្សារទី៤របស់កម្ពុជាដែលតម្លៃជាង៣១៨លានដុល្លារ។ 
 
ទន្ទឹមនឹងនេះ ប្រទេសជប៉ុន ក៏បាននាំចូលទំនិញពីកម្ពុជា ក្នុងរង្វង់ទឹកប្រាក់៣០៥លានដុល្លារ ផងដែរ។ ប្រទេសនេះ បានឈរនៅលំដាប់ទី៥ នៃទីផ្សារធំៗរបស់កម្ពុជា។
 
សូមជម្រាបថា រយៈពេល៣ខែ​នៃដើមឆ្នាំ២០២២ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ១៣​ ១៦០លានដុល្លារ ដោយនៅក្នុងនោះ ប្រទេសចិន គឺមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ក្នុងរង្វង់ទឹកប្រាក់ ២​ ៨៧៣ លានដុល្លារ ខណៈជាមួយអាម៉េរិក មានក្នុងរង្វង់ ជិត ២ ២២៧លានដុល្លារ។ នេះបើយោងតាមស្ថិតិទំហំពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com