ជាតិ
លោក ខៀវ សុខឡេង ប្រកាសឱ្យទេសចរចូលកម្សាន្តក្នុងចម្ការទុរេន នាពិធីបុណ្យចូលឆ្នាំខ្មែរ
14, Apr 2022 , 6:29 pm        
រូបភាព
អំឡុងពេលឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំខ្មែរ លោក សុខឡេង ជាម្ចាស់ចម្ការទុរេនជាង២០ហិកតា ក្នុងស្រុកដំបែ ខេត្តត្បូងឃ្មុំ ប្រកាសបើកទទួលទេសចរមកកម្សាន្ត ក្នុងចម្ការទុរេនរបស់លោក ដោយមិនយកកម្រៃអ្វីឡើយ។



ក្នុងចម្ការជាង២០ហិកតានេះ លោក សុខឡេង មានដាំដើមទុរេនជាង២ពាន់ដើម។ អំឡុងពេលឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ម្ចាស់ចម្ការរូបនេះ បានប្រកាសបើកចម្ការខ្លួន ទទួលភ្ញៀវទេសចរមកកម្សាន្ត លំហែអារម្មណ៍ ដោយមិនយកកម្រៃឡើយ។

លោក សុខឡេង លើកឡើងថា៖«ចូលឆ្នាំហ្នឹង ទាំងពលរដ្ឋក្នុងខេត្ត និងទេសចរ ដែលអត់មានកន្លែងទៅ អាចមកកម្សាន្តចម្ការទុរេនបាន។ ខ្ញុំបើកឱ្យចូលសេរី អត់គិតលុយទេ។ អ៊ីចឹងបើចង់មក អាចមកបាន ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា»។ លោក បន្ថែមថា ក្នុងចម្ការទុរេនរបស់លោក មានម្លប់ត្រជាក់ អាចឱ្យអ្នកទេសចរយកម្ហូបអាហារមកពិសារជួបជុំគ្រួសារបាន។

ម្ចាស់ចម្ការរូបនេះ បញ្ជាក់បន្ថែមថា អំឡុងពេលចូលឆ្នាំនេះ ទុរេនរបស់លោក ចេញផ្លែបានប្រមាណ៥០-៦០ភាគរយប៉ុណ្ណោះ ពុំទាន់អាចប្រមូលផលលក់សម្រាប់ភ្ញៀវទេសចរឡើយ។ អំឡុងពេលនេះ ទេសចរអាចមកកម្សាន្តក្នុងចម្ការ គយគន់កូនទុរេន និងដើមធម្មតាប៉ុណ្ណោះ។ លោក អះអាងថា ទុរេនអាចប្រមូលផលបាន អំឡុងខែឧសភា-មិថុនាឯណោះ៕
 

Tag:
 ចម្ការទុរេន
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com