ពីនេះ ពីនោះ
អន្តរជាតិ
ប្រទះឃើញលិខិតក្នុងដបដែលក្មេងស្រីអង់គ្លេស​ពីរនាក់ ស្វែងរកមិត្តប្រុសកាលពី៥៦ឆ្នាំមុន
15, Apr 2022 , 8:29 pm        
រូបភាព
ដោយ: ធីតា
កាលពីឆ្នាំ១៩៦៦ ក្មេង​ស្រីអង់គ្លេសពីរនាក់បាន​សរសេរនាំគ្នាសរសេរ​សារដាក់ក្នុងដប ដើម្បី​ប្រកាស​រកមិត្តប្រុស​រៀងៗគ្នា។ ជាង៥ទសវត្សរ៍ក្រោយ​មក ក្រុមអ្នក​សម្អាត បាន​ប្រទះឃើញដបដាក់លិខិតនោះ។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មាន UPI។

 
ក្រុម​សម្អាតឆ្នេរ Scunthorpe Litter Pickers បាន​បញ្ជាក់ថា ពួក​គេ​បានប្រទះឃើញលិខិតនៅ​ក្នុងដបមួយ នាអំឡុងពេល​ប្រតិបត្តិការសម្អាត​ឆ្នេរនៅតំបន់ Humber Estuary ក្រុង North Lincolnshire ប្រទេសអង់គ្លេស។
 
សមាជិកក្រុម​បាន​បើក​ទាញយក​លិខិតនោះមើល ហើយឃើញថា វាជាសំណេរ​ដោយ​ដៃរបស់​ក្មេងស្រី​​អាយុ​១៥​ឆ្នាំពីររូប គឺ Jennifer Coleman និង Janet Blankley។ លិខិត​ដែលចុះកាលបរិច្ឆេទ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៦ មានខ្លឹមសារថា យុវតីទាំងពីរ​ស្វែងរកមិត្តប្រុសដែលមានអាយុពី១៦ទៅក្រោម១៨​ឆ្នាំ។


 


 
Tracey Marshall ដែលជាសមាជិក​ក្រុម​សម្អាតឆ្នេរមួយរូប បាន​រកស្វែងរកឃើញឈ្មោះ Coleman នៅលើហ្វេសប៊ុក។ Coleman ដែលបានទៅរស់នៅអូស្ត្រាលី ក្រោយបញ្ចប់ការសិក្សា បាន​បញ្ជាក់ថា ទីតាំងដែលប្រទះឃើញដបនោះ គឺមិននៅឆ្ងាយប៉ុន្មានពីទីតាំងដែលគាត់ និង Blankley បានបោះផ្សងរកគូព្រេងនោះឡើយ។
Coleman បានប្រាប់ BBC ថា៖ «ខ្ញុំគិតថា វារសាត់អណ្តែតទៅឆ្ងាយ ប៉ុន្តែតាមពិតនៅក្បែរៗទីតាំងចាស់»។ 
 
Coleman បាន​អះអាងថា បច្ចុប្បន្នគ្មានទំនាក់ទំនងអ្វីទាល់តែសោះជាមួយ Blankley ប៉ុន្តែគាត់ពិតជាសប្បាយ​ចិត្ត និងភ្ញាក់ផ្អើលចំពោះការប្រទះឃើញលិខិត​កាលពី៥៦​ឆ្នាំមុន។
គាត់បានរំលឹកថា នៅពេលនោះ គាត់ និងមិត្តភក្តិ គិតតែរករបៀបធ្វើប្លែកៗប៉ុណ្ណោះ ហើយក៏មិនទទួលបានមិត្តប្រុសតាមរយៈសារនោះដែរ ពោលគឺគាត់​រកឃើញបុរសជាទីស្រឡាញ់របស់ខ្លួន​នៅពេល​ដែលមានអាយុ៤៩​ឆ្នាំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com