ជាតិ
ពីនេះ ពីនោះ
សារមន្ទីរ ស.ស.រ ​បង្ហាញ​ទំនាក់ទំនងជាង២ពាន់ឆ្នាំ​ហើ​យ នៃរូបិយវត្ថុ និងសង្គម សេដ្ឋកិច្ច ន​យោ​បាយនៅកម្ពុជា ​
17, Apr 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) បានបោះទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ពោលនៅលើបរិវេណអតីតសាលាក្រុងភ្នំពេញ ដែលលំអដោយកញ្ចក់យ៉ាងទំនើប។ ​នៅក្នុងសារមន្ទីរនេះ ត្រូវបានរចនា​ឡើងជាពីរផ្នែក ដោយមានជាន់ផ្ទាល់ដី និងជាន់ទី១ដែលជាទីចាប់ផ្តើម នៃដំណើរទស្សនកិច្ច។ ទិដ្ឋភាពខាងក្នុងសារមន្ទីរ ត្រូវបានរៀបចំជា៧បន្ទប់ពិព័រណ៍ ដោយបន្ទប់នីមួយៗ មានបំពាក់​ឧបករណ៍ទំនើបជាច្រើន រួមជាមួយខ្លឹមសាររៀបរាប់លើជញ្ជាំង អមដោយរូបិយវត្ថុជាច្រើន​។



សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) មិនផ្តោតលើការប្រមូលរូបិយវត្ថុបុរាណពេកឡើយ។ ផ្ទុយទៅវិញ ស.ស.រ ផ្តោត​លើបទបង្ហាញ និងការអត្ថាធិប្បាយយ៉ាងក្បោះក្បាយ អំពីទំនាក់ទំនងរវាងរូបិយវត្ថុជាមួយស្ថាប័ន និងសង្គម ​ប្រវត្តិសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា ជាងពី២ពាន់ឆ្នាំមកហើយ។ ស.ស.រ ក៏ផ្តោតទៅលើការសម្រួលការអាន និងការយល់ដឹង អំពីសេដ្ឋកិច្ចសម័យថ្មី តាមរយៈតួនាទីដ៏សំខាន់របស់រូបិយវត្ថុ និងគោលនយោបាយរូបិយវត្ថុ។
  

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

យោងតាមហេតុផលនេះ ទើបការធ្វើទស្សនកិច្ច ត្រូវរៀបចំឡើងដោយផ្តោតលើផ្នែកសំខាន់​ៗ​​ចំនួន២។ ផ្នែកទីមួយសំដៅលើបន្ទប់ ឬម៉ូឌីលចំនួន៧ ដោយក្នុងនោះបន្ទប់ចំនួន៦ ស្ថិតនៅជាន់ទី១ ដែលជាទីចាប់ផ្តើមនៃដំណើរទស្សនកិច្ច និងបន្ទប់ទី៧ ស្ថិតនៅជាន់ផ្ទាល់ដី។ ​បន្ទប់ទាំង៧ មានបង្ហាញអំពីហេតុការណ៍ និងមេរៀនសំខាន់ៗ ដែលដកស្រង់ពីប្រ​វត្តិសាស្រ្ត នយោបាយ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា។
 
ចំណែកផ្នែកទី២ សំដៅទៅលើការបែងចែកជា៤បន្ទប់ ដែលសំដៅលើការយល់ដឹងអំពីអន្តរកម្មដ៏ខ្លាំងរបស់រូបិយវត្ថុ ឥណទាន កំណើនសេដ្ឋកិច្ចនិងអតិផរណា ព្រមទាំងទីតាំងរបស់កម្ពុជាក្នុងតំបន់ និងលើសកលលោក។ ជាការចាប់ផ្តើម ស.ស.រ បង្ហាញអំពីមូលដ្ឋានគ្រឹះ និងវិស័យ ក្នុងដំណាក់កាលមួយដែលសេដ្ឋកិច្ចកម្ពុជា មានកំណើនយ៉ាងខ្លាំងក្លា។ ក្នុងអំឡុងពេល១៧ឆ្នាំកន្លងមក ដោយមិនភ្លេចពីវិបត្តិនៅឆ្នាំ២០០៩ ព្រមទាំងលើកឡើងអំពីការបន្តអនុវត្ត និងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងឡាយ ដែលកើតឡើងក្នុងបរិបទសកលភាវូបនីយកម្ម និងប្រកបដោយភាពប្រកួតប្រជែងបំផុត។ 
 


ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

ស.ស.រ ត្រូវបានបង្កើតឡើងជាពិសេស ក្នុងគោលបំណងទាក់ទាញ និងរក្សាចំណាប់អារម្មណ៍ របស់សាធារណជនពីគ្រប់មជ្ឈដ្ឋាន ដែលបានរៀបចំឡើងទាក់ទងនឹងប្រវត្តិប្រវត្តិរបស់កម្ពុជា។ ដូច្នេះសារមន្ទីរ បានផ្តោតជាពិសេសលើទស្សនិកជនពីរប្រភេទ គឺយុវជន និងទេសចរអន្តរជាតិ។ ដោយសារប្រជាជនកម្ពុជាភាគច្រើន គឺជាយុវជន ដែលមានចំណេះដឹងខាងប្រវត្តិសាស្រ្ត យន្តការសេដ្ឋកិច្ច ​និងរូបិយវត្ថុ ហើយជំនាញទាំងពីរនេះ មិនមានទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅនោះទេ។ ចំណែកទស្សនិកជនគោលដៅមួយទៀត គឺជាភ្ញៀវទេសចរអន្តរជាតិ ដែលជា​ញឹកញាប់ណាស់ មិនមានចំណេះដឹងច្បាស់លាស់ និងមានការយល់ច្រឡំ អំពីប្រវ​ត្តិសាស្រ្តបុរាណ និងប្រវត្តិសាស្រ្តសម័យថ្មី របស់កម្ពុជាបច្ចុប្បន្ន។
 
ដើម្បីទាក់ទាញអ្នកចូលទស្សនា និងឱ្យស្របតាមតួនាទីរបស់ខ្លួនផង ដំណើរទស្សនកិច្ចនៅក្នុងសារមន្ទីរ ស.ស.រ ​ត្រូវមានលក្ខណៈសាមញ្ញ និងគួរឱ្យចង់អាន ព្រមទាំងផ្តល់ទស្សនីយភាព​។ ក្រៅពីនេះ ក៏មានការវិភាគជាច្រើន ជូនដល់អ្នកចូលទស្សនា ជាមួយនឹងការរៀបចំបញ្ចូលការអប់រំ ក្រោមទស្សនីយភាពទាន់សម័យ និងប្រើប្រាស់ឧបករណ៍សោតទស្សន៍ និងវិធីសាស្រ្តអន្តរកម្មដ៏ច្រើន។
 
ផ្នែកទីមួយនៃទស្សនកិច្ច មានបង្ហាញអំពីសារសំខាន់ នៃបច្ចេកទេសទំនាក់ទំនងថ្មីទំនើប ដែល​ពោរពេញទៅដោយការអត្ថាធិប្បាយ ពន្យល់ នៅតាមជញ្ជាំង ផែនទី និងការបង្ហាញពិព័រណ៍ជាច្រើនទៀត ដែលអ្នកទស្សនាអាចអាន ស្តាប់ និងរៀនសូត្រ។ នៅផ្នែកទី២ ភាគច្រើនសំដៅលើអន្តរកម្ម ដោយរួមជាមួយល្បែងយ៉ាងច្រើន លើផ្ទៃអេក្រង់ប៉ះបាន បទបង្ហាញលើជញ្ជាំង និងវីដេអូតាមតម្រូវការ។ ដោយឥតលាក់លៀម អ្នកទ្សនា ត្រូវបានលើកទឹកចិត្ត ឱ្យស្វែងយល់ដោយខ្លួនឯង និងវាយតម្លៃលើព័ត៌មាន ដែលដាក់តាំងបង្ហាញ ដែលពិបាកយល់ និងសាំញុំា។ 
 


ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

បន្ថែមពីលើនេះទៀត សាធារណជនពីគ្រប់ទិសទី អាចទស្សនកិច្ចឱ្យកាន់តែស៊ីជម្រៅ នៅក្នុងបណ្ណាល័យ ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាភ្ជាប់ជាស្រេចជាមួយអ៊ិនធឺណិត និងក្នុងហាងកាហ្វេរបស់សារមន្ទីរ ឬបន្ទប់ពិព័រណ៍បណ្តោះអាសន្ន។ 
 
ស.ស.រ បើកទទួលភ្ញៀវចូលទស្សនា ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់៦ល្ងាច។ សំបុត្រ​ចូលទស្សនាសម្រាប់ភ្ញៀវជាតិ មានតម្លៃ៤ពាន់រៀល និងតម្លៃ ២ម៉ឺនរៀលសម្រាប់ភ្ញៀវបរទេស។ តម្លៃ ២ពាន់រៀល​ សម្រាប់កុមារ និងនិស្សិត។ សម្រាប់​ព្រះសង្ឃ ​អាចនិមន្តទស្សនាសារមន្ទីរដោយឥតគិតថ្លៃ។
 
ក្រៅពីនេះ អ្នកចូលទស្សនាក៏អាចជួលមគ្គទេសក៍ជាសំឡេង ដើម្បីស្តាប់អំពីប្រវត្តិនិងឈ្វេងយល់បានស៊ីជម្រៅ អំពីដំណើរផ្លាស់ប្តូរនៃរូបិយវត្ថុនៅកម្ពុជា។ ការជួលមគ្គទេសក៍ ជាសំឡេងនេះ មានតម្លៃ ១២ ០០០រៀល ឬស្មើនឹង ៣ដុល្លារអាម៉េរិក ដោយឧបករណ៍នោះ មាន៥ភាសា គឺភាសាខ្មែរ ចិន អង់គ្លេស បារាំង និងភាសាជប៉ុន។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង តាមលេខទូរសព្ទ ០២៣ ៩០១ ៥៤៣៕
 


ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 

 ទិដ្ឋភាពក្នុងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ។  រូបភាពផ្តល់ឱ្យដោយ៖ ស.ស.រ 


Tag:
 សារមន្ទីរ
  ស.ស.រ
© រក្សាសិទ្ធិដោយ thmeythmey.com