ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វ័យ៨៥ឆ្នាំ ព្រឹទ្ធាចារ្យ គង់ វន នៅតែបន្តបេសកកម្មកសាងធនធានអប់រំសម្រាប់ខេត្តព្រៃវែង
18, Apr 2022 , 10:05 am        
រូបភាព
៣០ឆ្នាំមកហើយ ដែលលោក គង់ វន បានដើរផ្សព្វផ្សាយ និងរៃអង្គាសថវិកាពីសប្បុរសជន ពិសេស​ពី​មិត្តភក្តិ​ជប៉ុន ​ដើម្បី​បង្កើត​សាលារៀន ​ឱ្យ​កូន​ខ្មែរ​រាប់ពាន់នាក់ ​នៅ​ខេត្តព្រៃវែង។ បច្ចុប្បន្ន ទោះបីជាលោកមានវ័យ៨៥ឆ្នាំក្តី តែលោកនៅបន្តធ្វើកិច្ចការនេះ ក្នុងឆន្ទៈចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ការអប់រំ ជាទិសដៅស្នូលនៃជីវិតរបស់ព្រឹទ្ធាចារ្យរូបនេះ ក្នុងការជួយទាញមនុស្សឱ្យចាកផុតពីភាពអវិជ្ជា ភាពក្រីក្រ ព្រមទាំងប្រែក្លាយមនុស្ស ឱ្យក្លាយធនធានដ៏ល្អប្រសើរសម្រាប់សង្គមជាតិ។

 
ជាទូទៅ មនុស្សវ័យចំណាស់ តែងតែមានកង្វល់ច្រើនអំពីជីវភាពរស់នៅ ក្នុងពេលចូលនិវត្តន៍ ប៉ុន្តែសម្រាប់បុរសចំណាស់ម្នាក់ ដែលជាអតីតជនភៀសខ្លួនពីភ្លើងសង្រា្គមស៊ីវិល ទៅរស់នៅក្នុងទឹកដីប្រទេសជប៉ុន ​នាអំឡុងឆ្នាំ១៩៨០ បែរជាខ្វល់ខ្វាយយ៉ាងខ្លាំង អំពីអនាគតរបស់កូនខ្មែរទៅវិញ។ បុរសម្នាក់នោះ គឺ​លោក គង់ វន ដែលបានបង្កើតមូលនិធិខ្មែរជំនួយការសិក្សា (Cambodia Education Assistant Fund_CEAF) ដើម្បីស្វែងរកថវិកាសម្រាប់ជួយទ្រទ្រង់ដល់ការសិក្សារបស់កូនខ្មែរ នៅប្រទេសកំណើតរបស់ខ្លួនឯង។


លោក គង់ វន កំពុងថ្លែង ទៅកាន់សិស្សនៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន នាពេលកន្លងមក។ រូបផ្តល់ដោយ៖ លោក ខាន់ កុសល

ក្នុងឆ្នាំ១៩៩៣ ​លោក គង់ វន សម្រេចបង្កើតមូលនិធិខ្មែរជំនួយការសិក្សាសម្រាប់កូនខ្មែរ បន្ទាប់ពីខ្លួនរស់នៅ និងធ្វើការនៅជប៉ុន បានជាងមួយទសវត្សរ៍។ អនុវិទ្យាល័យបន្ទាយចក្រីដែលមានអគារ២ខ្នង និងមាន៩បន្ទប់ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ជាសមិទ្ធផលដំបូងគេ ដែលបុរសចំណាស់រូបនេះ ដើរសុំថវិកាពីសប្បុរសជន ​និងមិត្តភក្តិជនជាតិជប៉ុនរបស់ខ្លួន ដើម្បីសាងសង់ឡើង។ 
 
អនុវិទ្យាល័យនេះ មានតម្លៃជាង៣ម៉ឺនដុល្លារ ដោយលោកចំណាយពេលប្រមាណ៣ខែ ក្នុងការខិតខំផ្សព្វផ្សាយ និងរៃអង្គាសប្រាក់ពីមនុស្សស្គាល់គ្នា នៅក្នុងទឹកដីនៃប្រទេសជប៉ុន។ ​លោក គង់ វន​ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ មុននឹងបញ្ជាក់ទៀតថា លោកបន្តធ្វើសកម្មភាពបែបនេះ រហូតដល់មកទល់បច្ចុប្បន្ន។ មកទល់នឹងឆ្នាំ២០២២នេះ លោក បានសាងសង់​សាលារៀនបានជិត២០ខ្នង  ចាប់ពីកម្រិតបឋមសិក្សាដល់ កម្រិត​វិទ្យាល័យ នៅក្នុងទឹកដីខេត្តព្រៃវែងសម្រាប់កូនខ្មែរក្រីក្ររស់នៅក្នុងខេត្តព្រៃវែងផ្ទាល់ និងបណ្តាខេត្តផ្សេងៗទៀត​ ដូចជា​ខេត្តមណ្ឌលគិរី កំពង់ចាម និងខេត្តស្វាយរៀងជាដើម។​
 

សាលារៀនមួយចំនួន​ដែលលោក គង់ វន ដើររ៉ៃអង្គាសប្រាក់ពីសប្បុរសជនជាតិជប៉ុន ដើម្បីសាងសង់ឡើងនៅក្នុងស្រុកព្រះស្តេច ខេត្តព្រះវែង។ រូបផ្តល់ដោយ៖ លោក ខាន់ កុសល

ស្ថិតនៅក្នុងវ័យ៨៥ឆ្នាំ លោក គង់ វន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) ​យ៉ាងក្លៀវក្លាថា៖ «កាលជំនាន់ឆ្នាំ១៩៦០ ​ភូមិនីមួយៗ កម្រមានអ្នកចេះភាសាអង់គ្លេសណាស់។ តែខ្ញុំមានចំណេះតិចតួចលើភាសានេះ ធ្វើឱ្យខ្ញុំមានឱកាស និងសមត្ថភាពធ្វើការងារល្អ ដោយប្រែខ្ញុំ ពីកម្មករចៀរជ័រកៅស៊ូ លីបាវស៊ីម៉ងត៍ រែកខ្សាច់ អ្នករត់ស៊ីក្លូ​ មកក្លាយជាអ្នកកាសែត នៅស្ថាប័នបរទេស ហើយក្លាយជាប្រធានអង្គការមួយ មកទល់បបច្ចុប្បន្ន»។ 
 
ការឆ្លងកាត់នូវទុកវេទនា រហូតដល់ជិតបាត់បង់ជីវិត ក្នុងភ្លើងសង្គ្រាមស៊ីវិល ជាពិសេសនៅក្នុងរបបខ្មែរក្រហមនារយៈ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជាហេតុផលចម្បងមួយទៀត ដែលលោក គង់ វន សម្រេចពលិកម្លាំងកាយចិត្ត អស់រយៈពេល២៩ឆ្នាំមកនេះ នៅក្នុងវិស័យអប់រំ ដើម្បីអនាគតយុវជនខ្មែរ។ លោកមានប្រសាសន៍ថា កម្ពុជាធ្លាក់នៅក្នុងភ្លើងសង្រ្គាមស៊ីវិលជាបន្តបន្ទាប់ ដែលចារនៅក្នុងប្រវត្តិសាស្ត្រកន្លងមក គឺបណ្តាលមកពីខ្វះការអប់រំ។ ព្រឹត្តិការណ៍ដ៏អាក្រក់បំផុត ពីឆ្នាំ១៩៧៥-១៩៧៩ បានជំរុញទឹកចិត្តលោក គង់ វន កាន់តែខ្លាំង ឱ្យចូលរួម អភិវឌ្ឍន៍ចំណេះដឹងកូនខ្មែរ ក្លាយជាធនធានមនុស្សដ៏មានគុណវុឌ្ឍិសម្រាប់ប្រទេសជាតិ។



«បានជាសម្រេចបង្កើតសាលារៀនឡើង គឺខ្ញុំចង់បង្រៀនកូនខ្មែរយើង ឱ្យមានកម្រិតខ្ពស់មួយ ដើម្បីឱ្យពួកគាត់មានលទ្ធភាពជួយខ្លួនឯងផង និងជួយជាតិរបស់យើងផង»។ លោក គង់ វន បានថ្លែងបែបនេះជាមួយស្នាមញញឹមពីគេហដ្ឋានឈើរបស់ខ្លួន ដែល​ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។  បុរសចំណាស់រូបនេះ​ បន្តរៀបរាប់ដោយសង្កត់ធ្ងន់ដូច្នេះ៖ «គ្មានសង្គមជាតិណាមួយរីកចម្រើនបាន ដោយគ្មានវត្តមានវិស័យអប់រំចូលរួមនោះទេ។ ជាក់ស្តែង ដូចជាប្រទេសជប៉ុនអ៊ីចឹង។ ជប៉ុន ជាប្រទេសគ្មានធនធានធម្មជាតិទេ តែសេដ្ឋកិច្ច និងសង្គមប្រទេសនេះរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយជាប្រទេសមហាអំណាចពិភពលោកមួយបាន  គឺដោយសារតែប្រព័ន្ធអប់រំប្រទេសនេះ គឺខ្លាំងមែនទែនតែម្តង»។​
 
លើសពី កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា សាលារៀន​មិត្តភាពខ្មែរ-ជប៉ុន បានផ្តល់ការអប់រំយ៉ាងល្អ ដល់សិស្សលើភាសាអង់គ្លេស ភាសាជប៉ុន និងការប្រើប្រាស់កុំព្យូទ័រជាដើម ពីសំណាក់លោកគ្រូ-អ្នកគ្រូ យ៉ាងយកចិត្តទុកដាក់។ ជាពិសេសទៅទៀត គឺសាលា បានផ្តល់ការរៀនបំប៉នបន្ថែម ដល់សិស្សដែលត្រៀមប្រលងយកសញ្ញាបត្របឋមសិក្សាថ្នាក់ទី៩ និងប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ​រួមទាំងផ្តល់ឱកាសដល់សិស្សទៅទស្សនកិច្ចសិក្សា នៅប្រទេសជប៉ុនថែមទៀត។ សម្រាប់សិស្សក្រីក្រដែលរៀនសូត្រនៅសាលារៀននេះ ក្រៅពីទទួលប្រព័ន្ធការអប់រំដ៏ល្អប្រសើរហើយនោះ គឺទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ រួមទាំងកន្លែងស្នាក់នៅ ក្នុងបរិវេណសាលាឥតគិតថ្លៃថែមទៀត។ 


  សិស្សនៃវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន
 
សាលារៀនដែលកើតចេញពីសណ្តានចិត្តដ៏សប្បុរស របស់កូនអ្នកស្រែមា្នក់នេះ បានផ្តល់ការ​អប់រំដល់កូនខ្មែរ ពីមួយជំនាន់ ទៅមួយជំនាន់ រហូតដល់ ៦​ ៥១៨នាក់ ដោយក្នុងនោះ មានសិស្សជាង ១ ៧០០នាក់ កំពុងរៀនក្នុងឆ្នាំសិក្សា២០២១-២០២២។ ​បច្ចុប្បន្ន សិស្សដែលរៀននៅសាលាមិត្តភាពខ្មែរ-ជប៉ុននេះ ចាប់ពីថ្នាក់ទី៧ឡើង គឺមាន២៣ជំនាន់ ខណៈសិស្សដែលប្រលងចប់បាក់ឌុប គឺមាន១៧ជំនាន់។ 
 
បើតាមលោក  គង់ វន  សិស្សដែលអាចចូលរៀននៅសាលារៀនមិត្តភាពខ្មែរ-ជប៉ុននេះបាន ​ត្រូវឆ្លងការប្រលងដោយតម្លាភាព និងតឹងរឹងបំផុត ព្រោះសាលាមានលទ្ធភាពទទួលសិស្សបានត្រឹមប្រមាណ៤០០នាក់ ក្នុងមួយឆ្នាំ ខណៈមានសិស្សដាក់ពាក្យចូលរៀន មានរហូតជាង៨០០នាក់ឯណោះ។ «ខ្លឹមសារនៅក្នុងMOU [​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា] ជាមួយក្រសួងអប់រំ យើងបានបញ្ជាក់ថា សិស្សដែលអាចរៀននៅសាលាបាននេះ គឺជាសិស្សចាប់ពីថ្នាក់ទី៧ឡើង ហើយត្រូវតែធ្វើតេស្តប្រលងចូលរៀន។ បើយើងអត់តេស្តប្រលងចូលទេ​ តើយើងមានកន្លែងណាឱ្យសិស្សរៀន បើមួយឆ្នាំៗ មានសិស្សមិនតិចជាង៧០០ ទៅ៨០០នាក់ទេ បានដាក់ពាក្យចូលរៀន​សាលាយើង»។  នេះជាការឡើងរបស់ស្ថាបនិកសាលារៀនមិត្តខ្មែរ-ជប៉ុន លោក គង់ វន។
 


 លោក គង់ វន(ឈរនៅជួរមុខមិនពាក់ម៉ាស់) កំពុងឈរគោរពទង់ជាតិ នៅក្នុងបរិវេណវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន
 
សិស្សដែលរៀនចប់ពីសាលារៀននេះ ភាគច្រើន ទទួលបាននិទ្ទេសប្រលងបាក់ឌុបល្អប្រសើរ និងទទួលបានអាហារូបករណ៍ បន្តការសិក្សាលើជំនាញផ្សេងៗគ្នា នៅថ្នាក់ឧត្តមសិក្សាទាំងក្នុង ​និងក្រៅប្រទេស។ 
 
អ្នកស្រី រិន សូរិយ៉ា  ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបរទេសមួយកន្លែង នៅរាជធានីភ្នំពេញ បានរំឭកថា បន្ទាប់ពីប្រលងបាក់ឌុបជាប់ អ្នកស្រី ទទួលបានអាហារូបករណ៍សិក្សា​បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈមូលនិធិខ្មែរជំនួយការសិក្សា។ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ អ្នកស្រី  ក៏ទទួលបានអាហារូបករណ៍ បន្តការសិក្សាថ្នាក់អនុបណ្ឌិត ​និងបណ្ឌិត លើជំនាញជំងឺរុក្ខជាតិ នៅប្រទេសជប៉ុន ថែមទៀត។ 
 
«កាលនោះ បើសិនអត់មានសាលារៀនមិត្តភាពខ្មែរ-ជប៉ុនហ្នឹងទេ​ ខ្ញុំប្រហែលមិនអាចរៀនចប់វិទ្យាល័យ ឬបន្តសាកលវិទ្យាល័យទៀតបានទេ ព្រោះតែកម្រិតជីវភាពគ្រួសារខ្ញុំក្រីក្រ។ អាចនិយាយបានទៀតថា ការអប់រំនៅសាលារៀនផ្សេងៗ នៅមានកម្រិត ដែលធ្វើឱ្យយើងមិនមានសមត្ថភាពគ្រប់គ្រាន់ ប្រលងបាក់ឌុបឱ្យជាប់ ឬក៏មិនមានសមត្ថភាព ក្នុងការទទួលអាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យ»។ អ្នកស្រី  សូរិយ៉ា បានរៀបរាប់បែបនេះ​ប្រាប់សារព័ត៌មានថ្មីៗ។​ 
 
សាលារៀនមិត្តភាពខ្មែរ-ជប៉ុននេះ គឺល្អមែនទែន សម្រាប់កូនខ្មែរនៅក្នុងខេត្តព្រៃវែងផ្ទាល់ ឬអ្នកនៅតាមបណ្តាខេត្តផ្សេងៗ ក្នុងការទទួលបានសិក្សាមួយដ៏ល្អប្រសើរ។ អតីតសិស្សជំនាន់ទី៥ នៃវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន កាលពីឆ្នាំ២០០៩រូបនេះ បន្តថ្លែងថា៖ «ខ្ញុំជឿថា​ ដរាបណា សាលារៀនហ្នឹងនៅតែបន្តដំណើរការ ក្មេងៗជំនាន់ក្រោយដែលរស់នៅក្នុងស្រុក-ភូមិហ្នឹង គឺនឹងមានឱកាសច្រើនបន្តការសិក្សា ​និងមានជីវិតរស់នៅមួយដ៏ល្អប្រសើរ ដែលអាចជួយខ្លួនឯងបាន ជួយដល់ក្រុមគ្រួសារ ហើយចុងក្រោយ បន្តជួយដល់សង្គមបានថែមទៀត តាមរយៈការដោះបន្ទុករបស់សង្គមបានមួយផ្នែកផងដែរ»។​
 
ពលិកម្មដើម្បីអនាគតយុវជនខ្មែរលើវិស័យអប់រំរបស់ព្រឹទ្ធាចារ្យរូបនេះ គឺមានការទទួលស្គាល់ពីប្រមុខរដ្ឋាភិបាល ដោយ សម្តេច ហ៊ុន បានផ្តល់មេដាយស្ថាបនាជាតិថ្នាក់លេខទី២ជូនលោក នៅក្នុងឆ្នាំ១៩៩៧។ មកដល់ចុងឆ្នាំ​២០១៤ លោក គង់ វន ក៏ទទួលបានគ្រឿងឥស្សរិយយស គឺមេដាយប្រភេទ «The order of the Rising Sun, Gold Rays with Rosette» ពីព្រះចៅអធិរាជជប៉ុន ដែលទ្រង់ទទួលស្គាល់នូវការរួមចំណែកដ៏ធំធេងរបស់លោក គង់ វន ក្នុងការអភិវឌ្ឍន៍ការអប់រំភាសាជប៉ុននៅកម្ពុជា  និងពង្រឹងការយល់ដឹងគ្នាទៅវិញទៅមករវាងកម្ពុជានិងជប៉ុន។  ការលះបង់ និងខិតខំលើកស្ទួយវិស័យអប់រំនៅកម្ពុជាមកនេះ លោក គង់ វន ក៏ទទួលបានគ្រឿងឥស្សរិយយស«មុនីសារាភ័ណ្ឌ» ថ្នាក់មហាសេរីឌ្ឍន៍ ពីព្រះបាទនរោត្តម សីហមុនី  កាលពីឆ្នាំ២០១៩ ផងដែរ។ 
 
លោក គង់ វន មានវ័យ៨៥ឆ្នាំក៏ពិតមែន ប៉ុន្តែបុរសចាស់វស្សារូបនេះ ​នៅតែមានកម្លាំងកាយនិងទឹកចិត្តដ៏ប្រពៃ ក្នុងការកៀរគរ រកជំនួយពីសប្បុរសជននានា បន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់គាំទ្រដល់ការសិក្សារបស់សិស្ស ឱ្យកាន់តែប្រសើរ។​ «នៅពេលដែលខ្ញុំឃើញសិស្សចេញពីសាលាមិត្តខ្មែរ-ជប៉ុន​ រៀនចប់មានជំនាញច្បាស់លាស់ និងទទួលបានការកោតសរសើរពីសាលារៀនដទៃ គឺបានជំរុញទឹកចិត្តខ្ញុំឱ្យកាន់តែចង់ជួយ​ដល់កូនខ្មែរ»។ លោក គង់ វន បន្តមានប្រសាសន៍ដោយហួសចិត្តនឹងខ្លួនឯង ក្នុងការលះបង់ជីវិតដើម្បីជាតិតាមរយៈវិស័យអប់រំយ៉ាងដូច្នេះ៖ «ពេលខ្លះ ខ្ញុំកំពុងមិនស្រួលខ្លួន ឬវិលមុខជាដើម មានគេហៅទៅនិយាយ ទៅកាន់តែមនុស្ស៣០ ទៅ៤០នាក់ ក៏ខ្ញុំនៅតែមានកម្លាំងចិត្ត ក្នុងការនិយាយ ទៅកាន់អ្នកទាំងនោះដែរ។ ព្រោះខ្ញុំដាក់ចិត្តថា​ អ្វីដែលកំពុងនិយាយទៅកាន់អ្នកទាំងនោះ គឺដើម្បីរកលុយជួយជាតិ​ខ្ញុំ។ អ៊ីចឹង! ទោះស្លាប់ ក៏ខ្ញុំសប្បាយចិត្ត ក្នុងការធ្វើអ្វីៗដើម្បីជាតិរបស់ខ្ញុំដែរ»។ 


លោក គង់ វន កំពុងពិនិត្យការងារជាមួយអតីតសិស្សនៃវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន

អនុវិទ្យាល័យ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ដែលកំពុងមានវត្តមាន នៅស្រុកព្រះស្តេច​នេះ​ គឺមានតម្លៃជាង២លានដុល្លារ ដែលកើតចេញពីការដើរផ្សព្វផ្សាយ និងរៃអង្គាសប្រាក់របស់ លោក គង់ វន ក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ។ លើសពីកម្លាំងកាយចិត្ត លោកក៏បានចំណាយប្រាក់សន្សំផ្ទាល់ខ្លួន អស់ប្រមាណ៧ម៉ឺនដុល្លារ ដើម្បីកសាងសាលារៀនសម្រាប់កូនខ្មែរផងដែរ។ 
 
សេចក្តីលោភលន់ក្នុងការជួយកូនខ្មែរនៅតែកើតមានក្នុងចិត្ត លោក គង់ វន ជានិច្ច ដោយលោកមានបំណង​សង់បឋមសិក្សាថែមទៀត។ លោក បានរៀបរាប់ដូច្នេះ៖ «ខ្ញុំចង់សង់បឋមសិក្សា សម្រាប់សិស្សថ្នាក់ទី៣ឡើង ដោយតម្រូវឱ្យធ្វើតេស្តចូលរៀនដែរ។ ហេតុអ្វីខ្ញុំចាស់ហើយ នៅតែខ្ញុំចង់សង់សាលានេះទៀត ក៏ព្រោះខ្ញុំចង់ធ្វើម៉េច ដើម្បីបង្កើនគុណភាពនៃការរៀនរបស់សិស្ស។ អ្វីដែលជាសារៈសំខាន់សម្រាប់ជីវិតខ្ញុំនោះ គឺខ្ញុំចង់ឱ្យសាលារៀនទាំងនោះ ក្លាយជា Supper School ដែលមានកម្រិតអប់រំខ្ពស់មែនទែន។ ខ្ញុំនៅតែមានឆន្ទៈធ្វើកិច្ចការនេះ បើទោះសព្វថ្ងៃខ្ញុំជរាក៏ដោយ ក៏ខ្ញុំនៅសប្បាយចិត្ត ក្នុងការជួយដល់សង្គមជាតិខ្ញុំដែរ»។ 
 
លោក គង់ វន បន្តធ្វើកិច្ចការមួយចំនួនទៅតាមលទ្ធភាព ដើម្បីស្វែងរកជំនួយសង់បឋមសិក្សាចំនួន២ខ្នង​ នៅលើផ្ទៃដីទំនេររបស់ខ្លួន ដែលមានទទឹង៥០ម៉ែត្រ និងបណ្តោយប្រមាណ១៥០ម៉ែត្រទៀត នៃបរិវេណសាលាមិត្តភាពខ្មែរ-ជប៉ុន៕
 
 
 

Tag:
 ជីវប្រវត្តិ
 ​ លោក គង់ វន
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com